ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី

ព័ត៌មានជាតិ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​ប្រាប់​ទូត​អូស្ត្រាលី​ថា​កម្ពុជា​ចាប់​ខ្លួន​តែ​មេខ្លោង​បះបោរ​ប៉ុណ្ណោះ

By ឌឹ ខេមបូឌា ដេលី

October 16, 2024

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​នៅ​ពេលនេះ គឺ​អនុវត្ត​តែ​ទៅ​លើ​មេខ្លោង​ដែល​នាំ​ឱ្យ​មាន​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ុណ្ណោះ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​តុលា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី លោក Derek Yip បាន​លើកឡើង​អំពី​លំហ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ក៏ដូចជា​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​ផង​ដែរ។

ជាង​នេះ​ទៀត ឯកអគ្គរាជទូត​រូប​នេះ​ក៏​បាន​លើកឡើង​ពី​ករណី​ការ​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា ករណី​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ករណី​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ដែល​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​ឆ្លើយតប​ទៅ​កាន់​ឯកអគ្គរាជទូត​ប្រទេស​អូស្ត្រាលី លោក Derek Yip ថា ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន​ប្រឆាំង​ទៅ​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) គឺ​ធ្វើ​ឡើង​ចំពោះ​តែ​មេខ្លោង​ដែល​ដឹកនាំ​ឱ្យ​រក​ការ​បះបោរ​តែប៉ុណ្ណោះ។

ចំណែក​ការ​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ គឺជា​ករណី​នៃ​ការ​ធ្វើ​កុបកម្ម​របស់​ពួកគេ​កាលពី​ឆ្នាំ​២០១៣ កន្លង​ទៅ ក្នុង​នោះ លោក កែវ រ៉េមី ក៏​បាន​ពន្យល់​ពី​ករណី​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​លោក ម៉ិច ដារ៉ា ដល់​ឯកអគ្គរាជទូត​រូប​នេះ​ផង​ដែរ។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បកស្រាយ​អំពី​ការ​ប្រើប្រាស់​សិទ្ធិ​នានា​របស់​ពលរដ្ឋ​ដោយ​ភាគី​ម្ខាងៗ​ដែល​ប្រកាន់​ជំហរ​រៀង​ខ្លួន​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ត្រូវ​ធ្វើ​ឱ្យ​ពលរដ្ឋ​ទុកចិត្ត​ការ​អនុវត្ត​របស់​ស្ថាប័ន​សាមី នោះ​ទើប​ជា​អ្វី​ដែល​ពលរដ្ឋ​ចង់​បាន។

លោក មាជ សុវណ្ណារ៉ា សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​លើ​ការ​អនុវត្ត​សិទ្ធិមនុស្ស​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​ធានា​នូវ​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ​មាន​លំហ​ពេញលេញ​ដោយ​គ្មាន​ការ​គាបសង្កត់។

ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​ដោយ​អត្តនោម័តិ នោះ​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក៏​អាច​នឹង​មាន​ភាព​ខ្វះ​ចន្លោះ​ប្រហោង​ដែរ ហើយ​ការ​ខ្វះ​ចន្លោះ​ប្រហោង​បែប​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ការ​រិះគន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២៤ លោក ហ៊ុន សែន គំរាម​ថា អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដែល​រស់នៅ​ក្រៅ​ស្រុក​អាច​រួច​ខ្លួន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ស្រុក គឺ​ត្រូវតែ​ចាប់​ដាក់​គុក​ទាំងអស់៕

© 2024, . All rights reserved.