នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត សម្រេចផ្អាកបញ្ជូនសិស្សនិស្សិតកម្ពុជាទៅបន្តការសិក្សា និងធ្វើការនៅប្រទេសអ៊ីស្រាអែល ដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីន នៅតែបន្តស្ថិតក្នុងស្ថានភាពតានតឹង ប៉ុន្តែរដ្ឋាភិបាលមិនមានផែនការជួលយន្តហោះដឹកនាំនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ឲ្យត្រឡប់មកកម្ពុជាវិញនៅពេលនេះទេ។
ថ្លែងនៅក្នុងពិធីអបអរសាទរអនុស្សាវរីយ៍ ៣០ឆ្នាំនៃថ្ងៃបង្កើតកងពលតូចលេខ៧០ នៅទីបញ្ជាការកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលកម្ពុជានឹងផ្អាកការបញ្ជូនសិស្សនិស្សិតកម្ពុជាទៅបន្តការសិក្សា និងធ្វើការនៅប្រទេសអ៊ីស្រាអែល ដោយសារតំបន់មជ្ឈិមបូព៌ាកំពុងមានជម្លោះយ៉ាងក្តៅគគុក។
លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលកម្ពុជាមិនមានផែនការជួលយន្តហោះដឹកនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ឲ្យត្រឡប់មកកម្ពុជាវិញនៅពេលនេះទេ។ លោកថា រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំចំពោះសុខទុក្ខ ក៏ដូចជាស្ថានភាពវិវឌ្ឍថ្មីៗ ដោយមិនចោលពលរដ្ឋខ្មែរណាម្នាក់ជាដាច់ខាត។
លោក ហ៊ុន ម៉ាណែត ដោយសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងអាចបញ្ឈប់ការប្រយុទ្ធគ្នា ហើយឈានទៅរកការចរចាដើម្បីបញ្ចប់ជម្លោះកុំឱ្យរីករាលដាលកាន់តែធំនៅក្នុងតំបន់មជ្ឈិមបូព៌ា។
លោក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ត្រៀមផែនការមួយចំនួន ដើម្បីការពារសុវត្ថិភាពដល់និស្សិតរបស់កម្ពុជាទៅតាមស្ថានភាពចាំបាច់។
បច្ចុប្បន្ននេះមាននិស្សិតខ្មែរចំនួន ២២០នាក់ កំពុងសិក្សា និងរស់នៅទីនោះ ហើយពួកគេទាំងនោះកំពុងរស់នៅក្នុងទីតាំងដែលមានសុវត្ថិភាព និងស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជា។
អ្នកតាមដានសង្គមកម្ពុជា លោក ស៊ឹង សែនករុណា អះអាងថា នេះគឺជាជម្រើសមួយដែលល្អ ដោយបង្ហាញថារដ្ឋាភិបាលបានគិតគូរពីសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋខ្មែរដែលកំពុងសិក្សានៅក្រៅប្រទេស។ លោកថា រដ្ឋាភិបាលគួរបន្តឃ្លាំមើលដោយយកចិត្តទុកដាក់បំផុត ប្រសិនបើស្ថិតក្នុងកាលៈទេសៈណាមួយចាំបាច់ គួរពិចារណាជម្លៀសពលរដ្ឋខ្មែរចេញពីទីនោះឲ្យបានទាន់ពេលវេលា។
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស-ប៉ាឡេស្ទីន បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍នោះមាននិស្សិតខ្មែរមួយរូបឈ្មោះ ចាន់ ឧត្តម បានបាត់បង់ជីវិត៕
© 2024, . All rights reserved.