សន្និសីទ​សារព័ត៌មាន​ស្ដីពី​សកម្មភាព​ការងារ​រយៈពេល ១​ឆ្នាំ​របស់​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត និង​ការ​ស្វាគមន៍​គណបក្ស​កម្ពុជា​និយម ជា​សមាជិក​ថ្មី​ក្នុង​សម្ព័ន្ធភាព ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤។

នយោបាយ

អ្នក​ឃ្លាំមើល​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​អាច​ប្រឈម​បែកបាក់ បើ​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ

By ឌឹ ខេមបូឌា ដេលី

October 17, 2024

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បើ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង លក្ខន្តិកៈ និង​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទេ នោះ​សម្ព័ន្ធភាព​នេះ​ក៏​អាច​ប្រឈម​នឹង​ការ​បែកបាក់​នៅ​ពេល​ដែល​ពួកគេ​បែងចែក​តំណែង​គ្នា​មិន​ត្រូវ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បែងចែក​តួនាទី​ដឹកនាំ​សម្ព័ន្ធភាព​នេះ​អាច​នឹង​បង្ក​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សម្ព័ន្ធភាព​នេះ​បែកបាក់​សាមគ្គី​គ្នា ព្រោះ​ចាប់តាំងពី​សម្ព័ន្ធភាព​នេះ​បង្កើត​មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បែងចែក​តួនាទី​ដឹកនាំ​សម្រាប់​គណបក្ស​ដែល​បាន​ចូលរួម​ចង​សម្ព័ន្ធ​នេះ​នៅឡើយ​ទេ។

លោក សេក សុជាតិ លើកឡើង​ថា រហូត​មក​ដល់​ពេលនេះ លោក​មិន​ទាន់​ឃើញ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​បង្ហាញ​គោលការណ៍​រួម​នៃ​ការ​រួបរួម​របស់​គណបក្ស​ដែល​បាន​រួបរួម​សម្ព័ន្ធ​នេះ​នៅឡើយ​ទេ ខណៈ​ផែនការ​នយោបាយ​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម​សម្រាប់​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ខាងមុខ​នេះ ក៏​នៅ​មិន​ទាន់​ឃើញ​សម្ព័ន្ធភាព​នេះ​ដាក់​ចេញ​នោះ​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា បើ​សម្ព័ន្ធភាព​នេះ​បែកបាក់ វា​ក៏​ជា​ការ​បរាជ័យ​មួយ​ក្នុង​ដំណើរ​នៃ​ការ​ប្រមូល​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដែរ ស្រប​ពេល​ដែល​សម្ព័ន្ធភាព​រវាង​បក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​កំពុង​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ក្រោម​គោលការណ៍​ដែល​ពួកគេ​បាន​ដាក់​ចេញ​កន្លង​មក។

លោក សេក សុជាតិ គូស​បញ្ជាក់​ថា ជម្រើស​មាន​តែ​មួយ​គត់​សម្រាប់​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដើម្បី​ធានា​ភាព​រឹងមាំ​យូរអង្វែង គឺ​ត្រូវតែ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​របស់​ខ្លួន​ក្រោម​លក្ខខណ្ឌ​រួម​មួយ ដែល​គណបក្ស​ក្នុង​សម្ព័ន្ធភាព​នេះ​ឯកភាព​ទាំងអស់​គ្នា ដើម្បី​ជ្រើសរើស​អ្នក​មាន​សមត្ថភាព​ដឹកនាំ​ពិតប្រាកដ ទោះ​គណបក្ស ឬ​បុគ្គល​ដែល​ត្រូវ​បាន​ជ្រើសរើស​នោះ​មិន​ធ្លាប់​ល្បីល្បាញ ឬ​ទទួល​បាន​ការ​គាំទ្រ​ពី​មុន​មក​ក៏ដោយ។

កាលពី​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ បក្ស​កម្ពុជា​និយម បាន​ចូលរួម​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត ដែល​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​នេះ​កើន​គណបក្ស​មួយ​បន្ថែម​ទៀត ដែល​គិត​ជា​សរុប គឺ​មាន​ចំនួន ៥​គណបក្ស​ហើយ​នៅ​ពេលនេះ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​កម្ពុជា​និយម។

ជុំវិញ​បញ្ហា​នេះ អតីត​មន្ត្រី​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ តុលា នេះ​ថា ការ​បង្រួបបង្រួម​របស់​សម្ព័ន្ធភាព​នេះ គឺ​ដើម្បី​រង់ចាំ​ការ​កម្ទេច​ឱ្យ​ដូច​ផេះ​ប៉ុណ្ណោះ ព្រោះ​នៅ​ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ការ​បែកបាក់​កម្លាំង​ប្រជាធិបតេយ្យ​កើតឡើង​ដោយសារ​បក្ស​កាន់​អំណាច​ប្រើ​គ្រប់​ឧបាយកល​ដើម្បី​បំបែក​បំបាក់ និង​កម្ទេច។

លោក មុត ចន្ថា បញ្ជាក់​ថា ការ​បែកបាក់​នោះ​ក៏​បណ្តាល​មកពី​កម្លាំង​ប្រជាធិបតេយ្យ​មិន​ស្មោះត្រង់​នឹង​គ្នា​ដែរ ជាក់ស្តែង​គឺ​គណបក្ស​ភ្លើង​ទៀន តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​កាន់​សមាជិក​បក្ស​កាន់​អំណាច​គ្រប់​រាជធានី-ខេត្ត ឱ្យ​នាំគ្នា​ប្រើ​យុទ្ធសាស្ត្រ​បំផ្លាញ​ក្រុម​ប្រឆាំង​ឱ្យ​អស់​នៅ​មុន​ការ​បោះឆ្នោត៕

© 2024, . All rights reserved.