ព័ត៌មានជាតិ

កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាង​៤០​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤

By ឌឹ ខេមបូឌា ដេលី

October 18, 2024

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ទាំង​ជាង ៤០​ប្រទេស (៤៥​ប្រទេស) នៅ​លើ​ពិភពលោក ក្នុង​បញ្ជី​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០២៤។

គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ដាក់​ចំណងជើង​ថា «បញ្ជី​ឈ្មោះ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​អង្គការ​សហប្រជាជាតិ ឬ UN List of Least Developed Countries ដែល​ហៅ​កាត់​ថា (LDCs)»។

គណៈកម្មាធិការ​ដដែល​នេះ បាន​បែងចែក​ប្រទេស​ទាំង ៤៥ ទៅ​តាម​តំបន់​នីមួយៗ​ដែល​គិត​ជា​សរុប​គឺ​មាន ៤ ក្នុង​នោះ​គឺ​ទ្វីប​អាហ្វ្រិក មាន ៣៣​ប្រទេស ទ្វីប​អាស៊ី មាន ៨​ប្រទេស តំបន់​ការ៉ាប៊ីន មាន ១​ប្រទេស និង​តំបន់​ប៉ាស៊ីហ្វិក មាន ៣​ប្រទេស​ផង​ដែរ ក្នុង​នោះ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មាន​តែ ៤​ប្រទេស​ប៉ុណ្ណោះ​ដែល​ជាប់​ក្នុង​បញ្ជី​នេះ រួម​មាន កម្ពុជា ឡាវ ភូមា និង​ទីម័រលេស ខណៈ​ប្រទេស​សមាជិក​អាស៊ាន ៧ ផ្សេង​ទៀត មិន​បាន​ជាប់​ក្នុង​បញ្ជី​ប្រទេស​ក្រីក្រ​នេះ​ទេ។

របាយការណ៍​នេះ​បញ្ជាក់​ថា ការ​ដាក់​ចំណាត់ថ្នាក់​ក្រីក្រ​លើ​ប្រទេស​ទាំងនេះ គឺ​វាស់វែង​ទៅ​លើ​កត្តា​មួយ​ចំនួន ដូចជា កត្តា​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ កត្តា​ធនធាន​មនុស្ស និង​កត្តា​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនេះ​ផង​ដែរ ខណៈ​ចំណាត់ថ្នាក់​នេះ​តែងតែ​ធ្វើ​ឡើង​ជា​រៀងរាល់​៣​ឆ្នាំ​ម្តង​ដោយ​គណៈកម្មាធិការ​សម្រាប់​គោលនយោបាយ​អភិវឌ្ឍន៍ (CDP) ដែល​ត្រូវ​រាយការណ៍​ទៅ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម (ECOSOC) នៃ​អង្គការ​សហប្រជាជាតិ។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​កម្ពុជា​ពង្រឹង​ខ្លួនឯង​ដាក់​ទិសដៅ​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ​២០៥០ កម្ពុជា​មិន​ត្រឹមតែ​ចាកចេញ​ពី​ប្រទេស​ក្រីក្រ និង​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០៣០ ទេ ប៉ុន្តែ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​អ្នក​មាន​តែម្តង ហើយ​នៅ​ពេល​នោះ កម្ពុជា​ក៏​ហ៊ាន​ប្រកួត​ស្មើភាព​គ្នា​ជាមួយ​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា កម្ពុជា​អាច​នឹង​ត្រូវ​ដំឡើង​មួយ​កម្រិត​នៅ​អំឡុង​ឆ្នាំ​២០២៧ ដែល​មិន​ត្រូវ​ដាក់​បន្ត​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​ទៀត​ទេ ព្រោះ​កម្ពុជា​មាន​ចំណូល​លើស​ពី​ប្រទេស​ក្រីក្រ​ដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ ១៣០០​ដុល្លារ​ទៅ​ហើយ​នោះ។

លោក មួង ណារ៉េត អះអាង​ថា ទោះ​កម្ពុជា​មាន​សង្ឃឹម​រួច​ផុត​ពី​បាត​តារាង​ផ្នែក​ភាព​ក្រីក្រ​ខ្លាំង​បំផុត​នៅ​ពេល​ខាងមុខ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ប្រឈម​នឹង​វិល​ត្រឡប់​មក​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ទាំង​ជាង ៤០​ប្រទេស​នេះ​វិញ​ដែរ បើ​រដ្ឋាភិបាល​មិន​អាច​កែសម្រួល​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​ល្អ​ជាង​ពេល​បច្ចុប្បន្ន​ទេ​នោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ឱ្យ​តែ​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល​ហ៊ុន សូម​កុំ​សង្ឃឹម​ថា​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ស្មើ​មុខ​ស្មើ​មាត់ ឬ​ជា​ប្រទេស​អ្នក​មាន និង​ជា​ប្រទេស​ថ្លៃថ្នូរ​លើ​ឆាក​អន្តរជាតិ​ឱ្យ​សោះ៕

© 2024, . All rights reserved.