អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ចាត់ទុកករណីចាប់ខ្លួនលោក លី សាម៉េត ថាជាឆាកល្ខោននយោបាយរបស់លោក ហ៊ុន សែន ដែលរៀបចំឡើងដើម្បីបន្លប់ព្រឹត្តិការណ៍ដែលពលរដ្ឋកំពុងប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ប៉ុណ្ណោះ (CLV)។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Dailyនៅថ្ងៃទី១៨ តុលា នេះថា គ្មានបុគ្គលណាម្នាក់នៅក្នុងស្រុកអាចគេចផុតពីកណ្ដាប់ដៃលោក ហ៊ុន សែន ទេ បើគាត់ពិតជាចង់ចាប់ខ្លួនមែននោះ។
លោកថា សូម្បីពលរដ្ឋខ្មែរខ្លះដែលរស់នៅក្រៅប្រទេសទៅហើយក្តី ក៏នៅតែគាត់អាចចាប់បញ្ជូនខ្លួនឱ្យវិលត្រឡប់ទៅស្រុកខ្មែរវិញបានដែរ ដូចជា ករណីកញ្ញា នួន តឿន ជាដើម ដែលត្រូវបានចាប់បញ្ជូនពីប្រទេសម៉ាឡេស៊ី យកទៅឃុំខ្លួននៅប្រទេសកម្ពុជាវិញ បន្ទាប់ពីពលករខ្មែររូបនេះបានរិះគន់ពីគម្រោងអភិវឌ្ឍន៍ត្រីកោណកាលពីអំឡុងខែកញ្ញា កន្លងទៅនោះ។
លោក ម៉ែន ណាត អះអាងថា កុំថាឡើយត្រឹមករណីចាប់ខ្លួនលោក លី សាម៉េត ដែលលោក ហ៊ុន សែន ហ៊ានប្រើជាល្ខោននយោបាយរបស់គាត់ សូម្បីករណីប្រកាសដកខេត្តទាំង៤ ក្នុងតំបន់ភូមិភាគឦសានកាលពីពេលកន្លងទៅ ក៏លោក ហ៊ុន សែន ហ៊ានកុហកពលរដ្ឋខ្មែរទាំងនគរដែរ ដូច្នេះត្រឹមលោក លី សាម៉េត ជាមនុស្សដែលទទួលបានផលប្រយោជន៍ពីគ្រួសារគាត់ រឿងអីដែលគាត់មិនហ៊ានរៀបចំឱ្យសម្ដែងនោះ ដើម្បីថ្ពិនភ្នែករបស់ពលរដ្ឋខ្មែរនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះត្អូញត្អែរថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាលកម្ពុជានៅតែស្ថិតក្រោមស្ដង់ដាពីរ ព្រោះឧក្រិដ្ឋជនជាច្រើនដែលធ្លាប់ជាអ្នករកផលប្រយោជន៍ឱ្យក្រុមគ្រួសារលោក ហ៊ុន សែន នៅតែមានសេរីភាពក្រៅច្បាប់។ ចំណែកឧក្រិដ្ឋជនខ្លះដែលត្រូវបានចាប់ខ្លួន ដូចជា អតីតឧកញ៉ា ឡេង ចាន់ណា លោក គុយ វ៉ាត លោក ដួង តារា និងលោក លី សាម៉េត ជាដើម នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ជុំវិញការអនុវត្តទោសលើជនល្មើសទាំងនោះ។
លោកគូសបញ្ជាក់ថា ដោយឡែកសកម្មជនសង្គម សកម្មជននយោបាយ មន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋទូទៅដែលរិះគន់ការដឹកនាំរដ្ឋាភិបាល និងទាមទារលទ្ធិប្រជាធិបតេយ្យ ត្រូវរងនូវការចាប់ខ្លួនដោយគ្មានករណីលើកលែងឡើយ និងត្រូវប្រកាសពីទោសកំហុសដើម្បីដាក់ពន្ធនាគារភ្លាមៗតាមប្រព័ន្ធឃោសនារបស់បក្សកាន់អំណាចព្រោងព្រាតថែមទៀត។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលកន្លងទៅថា ភាពស្ងប់ស្ងាត់នៃការចាប់ខ្លួនលោក លី សាម៉េត គឺបង្ហាញពីការគប់គិតក្រោមការសម្របសម្រួលដើម្បីឱ្យលោក ហ៊ុន សែន ដកបទបញ្ជាវិញ ព្រោះអ្នកពាក់ព័ន្ធទាំងអស់ក្នុងករណីនេះ រួមទាំងលោក លី សាម៉េត ផង គឺសុទ្ធតែជាក្រុមបក្ខពួកដែលរកផលប្រយោជន៍ឱ្យគ្រួសារលោក ហ៊ុន សែន ទាំងអស់។
កាលពីថ្ងៃទី៧ ខែតុលា លោក ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក លី សាម៉េត ក្រោមហេតុផលថា បុគ្គលរូបនេះប្រព្រឹត្តអំពើឆបោកដោយប្រើឈ្មោះរបស់លោក ដែលមានទាំងការបោកប្រាស់ស៊ីដាច់លុយដែលគេផ្ញើឱ្យលោកចំនួន ១០លានដុល្លារអាមេរិក និងលុយ ៣០ម៉ឺនដុល្លារអាមេរិកសម្រាប់រត់ការយកតំណែងក្នុងជួររដ្ឋាភិបាល ជាដើម៕
© 2024, . All rights reserved.