អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

ព័ត៌មានជាតិ

អ្នក​ឃ្លាំមើល​ថា​ចំនួន​លុយ​រដ្ឋាភិបាល​បោះពុម្ព​គឺ​ប្រហែល​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត

By ឌឹ ខេមបូឌា ដេលី

October 21, 2024

អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម លើកឡើង​ថា ចំនួន​លុយ​ដែល​រដ្ឋាភិបាល​បាន​បោះពុម្ព​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត​សម្រាប់​គម្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២៤។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ តុលា នេះ​ថា តាម​តួលេខ​ដែល​ស៊ីសង្វាក់​គ្នា​នេះ អាច​សន្និដ្ឋាន​បាន​ថា​រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ​សម្រាប់​បង្គ្រប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ពេលនេះ ព្រោះ​បើ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៦ ទៅ ៧​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ។

ប្រភព​ដដែល​អះអាង​ថា រូបិយប័ណ្ណ​ប្រាក់​រៀល​ដែល​កំពុង​ចរាចរ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១៤​ទ្រី​លាន​រៀល ឬ ១៤​ពាន់​ពាន់​លាន​រៀល ដែល​ស្មើ​នឹង​ប្រមាណ​ជា ៣៥០០​លាន​ដុល្លារ​អាមេរិក ក្នុង​ទំហំ​សេដ្ឋកិច្ច​ទាំងមូល​របស់​កម្ពុជា​ប្រមាណ​ជា ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​ថា ចំពោះ​ការ​បកស្រាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ថា​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ថ្មី​នេះ ដើម្បី​ជំនួស​ក្រដាស​ប្រាក់​ចាស់ ទក់ រហែក ដែល​បាន​ដក​ចេញ​បញ្ឈប់​ការ​ប្រើប្រាស់​នោះ គឺជា​ហេតុផល​មិន​សម​ទំនង​ឡើយ ព្រោះ​គ្មាន​របាយការណ៍​ណា​មួយ​បាន​បញ្ជាក់​ពី​ក្រដាស​ប្រាក់​ចាស់ ទក់ រហែក​នោះ​ទេ។

ជាង​នេះ​ទៀត កម្ពុជា​ក៏​អាច​បោះពុម្ព​លុយ​សម្រាប់​ប្រើប្រាស់​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ ប៉ុន្តែ​កម្រិត​ដែល​កម្ពុជា​ត្រូវ​បោះពុម្ព គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​កម្រិត​ស្តង់ដា​អន្តរជាតិ​ប្រមាណ​ជា ១០% នៃ​លុយ​របស់​ខ្លួន​ដែល​កំពុង​ចរាចរ​ប៉ុណ្ណោះ គឺ​ប្រមាណ​ជា ៣០០ ទៅ ៤០០​រយ​លាន​ដុល្លារ​អាមេរិក។

បណ្ឌិត សេង សារី លើកឡើង​ថា ការ​បោះពុម្ព​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ ក៏​អាច​ដោយសារ​កម្ពុជា​ខ្ចី​លុយ​បរទេស​ដើម្បី​បង្គ្រប់​ការ​ចំណាយ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២៤ នេះ​លែង​បាន​ដែរ ជាពិសេស​កម្ចី​ពី​រដ្ឋាភិបាល​ចិន ខណៈ​ចិន ក៏​កំពុង​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែរ​នៅ​ពេលនេះ។

រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែ​តុលា បាន​ចេញ​អនុក្រឹត្យ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២០​ម៉ឺន​រៀល (២០០០០០​រៀល) ចំនួន ២០​លាន​សន្លឹក។

នាយក​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី​នេះ​ដែរ​ថា ជុំវិញ​ការ​បោះពុម្ព​ក្រដាស​ប្រាក់​នេះ ជា​រឿង​គួរ​ឱ្យ​សង្ស័យ​បំផុត​ដែល​ថា​រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ។ លោក​ថា បើ​ពិនិត្យ​លើ​ផែនការ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​នា​ពេល​កន្លង​មក ក៏​បង្ហាញ​ពី​ចំណុច​ដែល​ខ្វះខាត​ថវិកា​ដែរ ដូចជា ការ​ប្រកាស​រឹត​បន្តឹង​ការ​អភិវឌ្ឍ​ថ្នាក់​ក្រោម​ជាតិ​កាលពី​អំឡុង​ខែ​ឧសភា កន្លង​ទៅ ជាដើម។

លោក​ថា នៅ​ពេល​ដែល​រូបិយប័ណ្ណ​ប្រាក់​រៀល​ធ្លាក់​ចុះ​ជាង​ពេល​បច្ចុប្បន្ន ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ប្រាក់​រៀល​ហើម ដូចជា ១​ដុល្លារ​អាមេរិក​ស្មើ​នឹង​ប្រាក់​រៀល​ចាប់ពី ៤២០០​រៀល​ឡើង​ទៅ​នោះ គឺ​បញ្ជាក់​ច្បាស់​ហើយ​ថា រដ្ឋាភិបាល​ពិត​ជា​ខ្វះ​លុយ​មែន ទើប​បោះពុម្ព​ក្រដាស​ប្រាក់ ២​សែន​រៀល​នេះ។

អ្នក​តាមដាន​សង្គម​ដាក់​ការ​សង្ស័យ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខ្វះ​លុយ​ទ្រទ្រង់​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០២៤ នេះ ជាពិសេស​គឺ​ប្រាក់បៀវត្ស​សម្រាប់​បើក​ឱ្យ​មន្ត្រី​រាជការ​តែម្តង ព្រោះ​រដ្ឋាភិបាល​អាច​ប្រមូល​លុយ​តាមរយៈ​នៃ​ការ​បង់​ពន្ធ​ជាដើម បាន​ត្រឹម​តែ​ប្រមាណ​ជា ៨​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ខណៈ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០២៤ ដែល​រដ្ឋសភា​បាន​អនុម័ត គឺ​ប្រមាណ​ជា ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

© 2024, . All rights reserved.