កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ដោយចាប់បានជនជាតិចិន ៤នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១០០គីឡូក្រាម បន្ទាប់ពីបានធ្វើការស្រាវជ្រាវរយៈពេលជិតមួយខែ។
បើតាមព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ តុលា បានសរសេរថា កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា បានបង្ហាញថា កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរយៈពេលជិតមួយខែដើម្បីកំណត់មុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនជនជាតិចិន ៤នាក់ ក្នុងនោះគេបានចុះឆែកឆេរនៅតាមទីតាំង ៤ ផ្សេងគ្នា និងបានរកឃើញគ្រឿងញៀនចម្រុះជាង ១០០គីឡូក្រាម។
ប្រភពដដែលបានសរសេរថា កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ខ្លួនជនជាតិចិន ៤នាក់ក្នុងនោះស្រី ១នាក់ ដោយបានរកឃើញ និងដកហូតសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀនជាច្រើន។
ក្រោយការឃាត់ខ្លួនជនសង្ស័យជនជាតិចិន ទាំង ៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្ដន្ទាទោសតាមច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ព្រមានថា កន្លងមក កម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងផលិតគ្រឿងញៀនយកទៅប្រទេសក្រៅផង និងជាកន្លែងចរាចរសម្រាប់ឆ្លងកាត់ទៅប្រទេសទី៣ ផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនបាននាំគ្នាមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសកម្ពុជាតែម្តង ហើយក្រុមឧក្រិដ្ឋជនទាំងនោះបានដើរមុនវិធានការរបស់រដ្ឋាភិបាលមួយជំហានរហូត ខណៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់កម្ពុជា គឺនៅមានកម្រិតនៅឡើយ។
លោកឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់កាលពីពេលថ្មីៗនេះថា លំហូរកើនឡើងនៃគ្រឿងញៀនហូរចូលមកកម្ពុជាកាន់តែច្រើន ក៏ដោយសារតែមានការប្រែប្រួលនៅក្នុងការផលិតគ្រឿងញៀនសំយោគទូទាំងពិភពលោក ជាពិសេសការកើនឡើងនៃការផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស ដែលវាកំពុងបង្កជាក្តីបារម្ភ និងភាពភ័យខ្លាចដល់សង្គមជាតិកម្ពុជា។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានប្រាប់សារព័ត៌មានក្នុងស្រុកកន្លងមកថា លោកស្នើឱ្យអាជ្ញាធរបន្តស្រាវជ្រាវ និងស្វែងរកក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងទប់ស្កាត់បណ្ដាញចែកចាយគ្រឿងញៀនតាមសហគមន៍។ លោកក៏អំពាវនាវឲ្យពលរដ្ឋចូលរួមសហការលើកិច្ចការងារនេះផងដែរ ដើម្បីឈានទៅកាត់បន្ថយគ្រឿងញៀនក្នុងប្រទេស។
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ចុងឆ្នាំ២០២៣ កន្លងទៅ គ្រឿងញៀន និងសារធាតុផ្សំ បានលុកលុយចូលប្រទេសកម្ពុជាជិត ១ពាន់តោន (៦០០តោន) ដែលអាជ្ញាធរកម្ពុជាបង្ក្រាបបាន ក្នុងនោះជនសង្ស័យជាង ៧ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងចំណោមជាង ៣ម៉ឺនករណី។
ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២៤ អាជ្ញាធរកម្ពុជារឹបអូសបានគ្រឿងញៀនជាង ៥តោន និងឃាត់ខ្លួនជនសង្ស័យជាង ១ម៉ឺននាក់៕
© 2024, . All rights reserved.