ព័ត៌មានអន្តរជាតិ

ជំនួប​កំពូល BRICS៖ រុស្ស៊ី​ព្យាយាម​បង្វែង​ទៅ​រក​ការ​កាត់បន្ថយ​ចរាចរ​ប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

October 23, 2024

កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​សហប្រតិបត្តិការ​សេដ្ឋកិច្ច ហៅ​កាត់​ថា BRICS ដែល​មាន​រយៈពេល ២​ថ្ងៃ​បាន​ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា នេះ ក្រោម​សម្ពាធ​ទាមទារ​ឱ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន បែរជា​ក្រុង​មូស្គូ ព្យាយាម​បង្វែង​ទៅ​រក​មធ្យោបាយ​កាត់បន្ថយ​ការ​ធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​អាមេរិក។

ប្រទេស​សមាជិក​របស់ BRICS មាន ៥​ប្រទេស គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ចំណែក​ប្រទេស​អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម ជា​ប្រទេស​សង្កេតការណ៍។

ប្រទេស​ដែល​ចូលរួម​ភាគច្រើន បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រក​វិធី​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​មុន​កិច្ចប្រជុំ លោក ពូទីន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា BRICS មិន​ធ្វើ​ខ្លួន​ជា​អ្នក​ប្រឆាំង​នឹង​នរណា​ម្នាក់​ឡើយ។ BRICS ជា​ក្រុម​មួយ​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​សេដ្ឋកិច្ច។

លោក ពូទីន ពន្យល់​ថា៖ BRICS ជា​សមាគម​មួយ​ដែល​ធ្វើការ​ជាមួយ​គ្នា​ដោយ​ផ្អែកលើ​តម្លៃ​រួម ចក្ខុវិស័យ​នៃ​ការ​អភិវឌ្ឍ​ដែល​ផ្តល់​ផល​ប្រយោជន៍​សមាមាត្រ​នឹង​គ្នា។

ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ដែល​ចោទ​សួរ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន លោក ពូទីន និយាយ​ថា៖ រុស្ស៊ី មិន​បោះបង់​ដាច់ខាត​តំបន់​ទាំង ៤ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន ដែល​ខ្លួន​បាន​និង​កំពុង​វាយ​គ្រប់គ្រង​បាន​ផ្នែក​ខ្លះ។

ក្នុង​ជំនួប​កំពូល​នៃ​ប្រទេស BRICS លោក ពូទីន បាន​កោតសរសើរ​ព្រះអង្គម្ចាស់ Sheikh Mohammed នាយករដ្ឋមន្ត្រី​អារ៉ាប់រួម និង​ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ដែល​បាន​មក​ចូលរួម​ប្រជុំ​កំពូល BRICS ក្នុង​ទីក្រុង Kazan ប្រទេស​រុស្ស៊ី ហើយ​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្របសម្រួល​លើ​បញ្ហា​សង្គ្រាម​អ៊ុយក្រែន។

តាម​សេចក្ដី​រាយការណ៍​របស់ Reuters នៅ​ក្នុង​កិច្ចប្រជុំ​កំពូល BRICS ក៏​មាន​ការ​ចោទ​សួរ​លោក ពូទីន និង​មាន​ការ​ជជែក​អំពី​លទ្ធភាព​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ប៉ុន្តែ​គ្មាន​លទ្ធផល​ដែល​ឈាន​ដល់​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ឡើយ។

តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ បែរជា​ក្រុម​តំណាង​ប្រទេស​រុស្ស៊ី និង​លោក ពូទីន បញ្ចុះ​បញ្ចូល​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ឱ្យ​ឈប់​ប្រើ​លុយ​ដុល្លារ​សម្រាប់​ការ​ទូទាត់​ជា​សកល​ទៅវិញ។

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន​ថ្លែង​ថា តាមរយៈ​នៃ​ការ​ធ្វើ​សកម្មភាព​រួម​គ្នា​ដោយ​ការ​ឯកភាព​ក្នុង​ក្រុម​ប្រទេស BRICS និង​ប្រទេស​ដៃគូ វា​អាច​បំពេញ​សក្ដានុពល​ក្នុង​វិស័យ​សេដ្ឋកិច្ច វិនិយោគ បច្ចេកវិទ្យា និង​ធនធាន​មនុស្ស ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ BRICS លើ​ការ​អភិវឌ្ឍ​ពិភពលោក​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព​ជាមួយ​នឹង​ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ។

ក្នុង​ចំណោម​ប្រទេស​នៃ​ក្រុម BRICS ប្រទេស​ចិន ចេញ​មុខ​គេ​ចង់​បន្សាប​ប្រាក់​ដុល្លារ​របស់​អាមេរិក​ជាមួយ​នឹង​ការ​ប្រើប្រាស់​ប្រាក់ Yuan របស់​ចិន ហើយ​ចំ​ពេល​រុស្ស៊ី រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ពី​លោក​ខាងលិច លោក ពូទីន ក៏​មាន​បំណង​កាត់បន្ថយ​ការ​ពឹងផ្អែក​របស់​រុស្ស៊ី លើ​ប្រាក់​ដុល្លារ​ផង​ដែរ។

ទណ្ឌកម្ម​ដែល​រួម​បញ្ចូល​នូវ​ការ​បង្កក​ប្រាក់​បម្រុង​រូបិយប័ណ្ណ​បរទេស និង​ទ្រព្យសកម្ម​របស់​រុស្ស៊ី នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​ឱ្យ​រុស្ស៊ី មាន​ការ​លំបាក​ក្នុង​ការ​ទូទាត់​ផ្នែក​ពាណិជ្ជកម្ម ជាពិសេស​ប្រទេស​ណា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី។

ក្នុង​ឱកាស​នៃ​វេទិកា​ធុរកិច្ច BRICS ក្រុង​មូស្គូ បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ទូទាត់​សកល​ថ្មី​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា BRICS Pay ដែល​ជឿ​ថា​នៅ​ពេល​ដែល BRICS អាច​រំដោះ​ខ្លួន​ចេញពី​ឥទ្ធិពល​ហិរញ្ញវត្ថុ​របស់​អាមេរិក គឺ​ការ​បង្កើត​ប្រព័ន្ធ​ទូទាត់ BRICS Pay អាច​រុញ​ឱ្យ​មាន​ការ​កំណត់​ឡើងវិញ​នូវ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ។

តែ​យ៉ាងណា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ប្រទេស​ជា​សមាជិក​នៃ​ក្រុម BRICS បាន​ខិតខំ​ស្វែងរក​ជម្រើស​ជំនួស​ប្រាក់​ដុល្លារ​អាមេរិក​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ពួកគេ។ ការ​បើក​ដំណើរការ BRICS Pay គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការ​ប្រើ​ប្រាក់​ដុល្លារ​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​សេចក្តី​ប្រកាស​ជា​ផ្លូវការ អ្នកស្រី Valentina Matviyenko ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​រុស្ស៊ី បាន​បញ្ជាក់​ថា BRICS Pay មិន​មែន​ជា​គំនិត​ទៀត​ទេ គឺ​នៅ​ពេលនេះ​វា​ជា​គម្រោង​ជាក់ស្តែង​ដែល​ឈាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​គោលបំណង​គឺ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ ដែល​នៅតែ​តំណាង​ឱ្យ ៥៨% ប៉ុណ្ណោះ​នៃ​ការ​ទូទាត់​សកល។

បែប​នេះ​ក្ដី ឥទ្ធិពល​នៃ​ប្រាក់​ដុល្លារ​នេះ​វា​គួបផ្សំ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​ដាក់​ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធភាព​លើ​ប្រទេស​រុស្ស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​ប្រទេស BRICS ធ្វើការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ទូទាត់​ថ្មី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី លោក Anton Siluanov ក៏​បាន​សង្កត់​ធ្ងន់​ថា BRICS Pay ក៏​អាច​កំណត់​ឡើងវិញ​នូវ​ការ​ទូទាត់​អន្តរជាតិ​តាមរយៈ​ការ​រួម​បញ្ចូល​នៃ blockchain ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​សុពលភាព ជាមួយ​នឹង​ការ​ធានា​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​លឿន តម្លាភាព និង​សុវត្ថិភាព។

រុស្ស៊ី អះអាង​ថា ការណ៍​នេះ​នឹង​ជួយ​ផ្ដល់​ឱកាស​ឱ្យ​ក្រុម​ប្រទេស BRICS កាត់បន្ថយ​ការ​ចំណាយ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​អន្តរជាតិ ជា​ការ​រំដោះ​ខ្លួន​ចេញពី​ភាព​ផ្ដាច់មុខ​ដែល​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ទូទាត់ ដូចជា SWIFT code របស់​សហរដ្ឋ​អាមេរិក ជាដើម។

ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​មើល​ឃើញ​ថា BRICS Pay អាច​នឹង​មិន​មាន​ភាព​លើសលប់​ចំពោះ​ការ​ធ្វើ​ចរាចរ​សកល​របស់​ក្រដាសប្រាក់​ដុល្លារ​សហរដ្ឋ​អាមេរិក​បាន​ឡើយ៕

© 2024, . All rights reserved.