លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ កម្ពុជា​នឹង​មិន​អាច​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​ទៀត​ទេ​នៅ​ឆ្នាំ​២០២៩ ខាង​មុខ​នេះ

By ឌឹ ខេមបូឌា ដេលី

October 23, 2024

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា កម្ពុជា​នឹង​មិន​ស្ថិត​នៅ​ជា​ប្រទេស​ក្រីក្រ​អស់​មួយ​ជីវិត​ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ផ្តល់​ឱ្យ​ពី​ប្រទេស​ជិតខាង​បន្ត​ទៀត​នោះ​ទេ​នៅ​ឆ្នាំ​២០២៩ ខាងមុខ ទោះបីជា​ត្រូវ​បាត់បង់​នូវ​គោលការណ៍​អនុគ្រោះ​មួយ​ចំនួន​ក៏ដោយ។

នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់​លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​នៅ​ក្នុង​ពិធី “អបអរ​សាទរ​ខួប ២០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” ហើយ​ដែល​ត្រូវ​បាន​លោក ហ៊ុន សែន ដែល​ជា​ឪពុក យក​ទៅ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ឡើងវិញ​នៅ​ថ្ងៃទី​២២ តុលា នេះ បាន​លើកឡើង​ពី​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ប្រទេស​ក្រីក្រ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​បាន​បំពេញ​លក្ខខណ្ឌ​ទាំង​៣ របស់​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (LDCS) គ្រប់​ចំនួន​អស់​ហើយ រួម​មាន កត្តា​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ម្នាក់ៗ កត្តា​ធនធាន​មនុស្ស និង​កត្តា​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា។

លោក ហ៊ុន ម៉ាណែត អះអាង​ថា នៅ​ពេល​ដែល​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ក្រីក្រ កម្ពុជា​នឹង​បាត់បង់​នូវ​គោលការណ៍​អនុគ្រោះ​មួយ​ចំនួន ដូចជា គោលការណ៍​ខាង​វិស័យ​ពាណិជ្ជកម្ម និង​គោលការណ៍​ខាង​ផ្នែក​ហិរញ្ញវត្ថុ ជាដើម ប៉ុន្តែ​កម្ពុជា​មិន​អាច​ទ្រាំ​នៅ​ជា​ប្រទេស​ក្រីក្រ​មួយ​ជីវិត​ទៀត​នោះ​ទេ ពោល​គឺ​កម្ពុជា​ត្រូវតែ​ពង្រឹង​ខ្លួនឯង​ដោយ​មិន​រង់ចាំ​គេ​បន្តក់​ឱ្យ​ទៀត​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​របាយការណ៍​ឆ្នាំ​២០២៤ បាន​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ទាំង​៤៥ នៅ​លើ​ពិភពលោក។

គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (LDCS) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ទាំង​ជាង ៤០​ប្រទេស (៤៥​ប្រទេស) នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០២៤។

ជុំវិញ​បញ្ហា​នេះ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​កន្លង​មក​ថា ចាប់តាំងពី​ឆ្នាំ​១៩៩១ មក កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​ជា​បន្តបន្ទាប់ ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​វត្តមាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ដែរ​ក្នុង​រយៈពេល ៣​ទសវត្សរ៍​នេះ។

លោក មួង ណារ៉េត លើកឡើង​ថា ការ​កំណត់​របស់​គណៈកម្មាធិការ​គោលនយោបាយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ (LDCs) ឆ្នាំ​២០២៩ មិន​មែន​មាន​ន័យ​ថា កម្ពុជា​ត្រូវតែ​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​បំផុត​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​គណៈកម្មាធិការ​នេះ​ទុក​រយៈពេល​ឱ្យ​កម្ពុជា ៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដើម្បី​ឱ្យ​កម្ពុជា​ស្វះស្វែងរក​វិធី​ចាកចេញ​ពី​ប្រទេស​ក្រីក្រ​បំផុត​ទៅ​តាម​លក្ខខណ្ឌ​ដែល​គេ​បាន​តម្រូវ ខណៈ​ការ​ចេញពី​បញ្ជី​ក្រីក្រ​នេះ​បាន ឬ​មិន​បាន គឺ​អាស្រ័យ​ទៅ​លើ​កម្ពុជា​ខ្លួនឯង​ទាំងស្រុង។

លោក មួង ណារ៉េត បញ្ជាក់​ថា ផ្ទុយទៅវិញ បើ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​នេះ កម្ពុជា​មិន​អាច​បំពេញ​លក្ខខណ្ឌ​ដែល​គេ​តម្រូវ​បាន​ទេ នោះ​ឆ្នាំ​២០២៩ កម្ពុជា​ក៏​មិន​អាច​ចាកចេញ​ពី​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​ទាំង ៤៥ នៅ​លើ​ពិភពលោក​បាន​ដែរ៕

© 2024, . All rights reserved.