តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទម្លាយថា ពលរដ្ឋវៀតណាមរាប់សិបម៉ឺននាក់ដែលកំពុងរស់នៅលើដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តទាំង៤ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលរដ្ឋាភិបាលកម្ពុជាប្រគល់ឱ្យយោធា និងក្រុមហ៊ុនវៀតណាម កំពុងនាំគ្នាបង្កើតទៅជាភូមិរបស់វៀតណាម សម្រាប់រស់នៅដោយស្របច្បាប់លើទឹកដីខ្មែរ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក អ៊ុំ សំអាន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ តុលា នេះថា ពលរដ្ឋវៀតណាម កំពុងសកម្មក្នុងការរៀបចំការរស់នៅឱ្យក្លាយទៅជាម្ចាស់មូលដ្ឋានដោយស្របច្បាប់ បន្ទាប់ពីពលរដ្ឋខ្មែរបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដកខេត្តទាំង៤ ក្នុងតំបន់ត្រីកោណ និងបណ្តេញកម្មករវៀតណាមទាំងនោះត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
លោក អ៊ុំ សំអាន លើកឡើងថា ចំនួនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងខេត្តទាំង៤ ក្នុងតំបន់ត្រីកោណសព្វថ្ងៃនេះ បើធៀបទៅនឹងពលរដ្ឋវៀតណាម ដែលបានចូលទៅរស់នៅ និងធ្វើការនៅក្នុងតំបន់នោះ គឺមានប្រមាណជា ១០% នៃពលរដ្ឋវៀតណាម ប៉ុណ្ណោះ។
លោកថា ទឡ្ហីករណ៍នេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីហានិភ័យនៃការបាត់បង់ទឹកដីខ្មែរតាមល្បិចនយោបាយប្រជាសាស្ត្ររបស់បរទេសឈ្លានពានមួយនេះ។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា វៀតណាមនៅតែអាចបន្តមហិច្ឆតាឈ្លានពានទឹកដីខ្មែរនៅភូមិភាគឦសានដូចមុនដដែល ព្រោះរដ្ឋាភិបាលកម្ពុជាមិនបានដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍ត្រីកោណដោយពិតប្រាកដទេ ខណៈកិច្ចសហប្រតិបត្តិការត្រីភាគីជាប្រពៃណីកម្ពុជា ឡាវ និងវៀតណាម ដែលបង្កើតឡើងនៅពេលនេះ ក៏ជាផែនការឈ្លានពានទឹកដីខ្មែរបន្តពីគម្រោងត្រីកោណអភិវឌ្ឍន៍ CLV DTA ដែរ។
លោក អ៊ុំ សំអាន អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរបន្តការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ និងកិច្ចសហប្រតិបត្តិការត្រីភាគីកម្ពុជា ឡាវ និងវៀតណាម បន្តទៀត ដើម្បីឱ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោងទាំងនេះដោយពិតប្រាកដ មុននឹងត្រូវវៀតណាម ឈ្លានពានទឹកដីរបស់ខ្លួនដូចប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោម។
ចាប់តាំងពីលោក ហ៊ុន សែន ប្រកាសគម្រោងដាក់ខេត្តព្រះវិហារ ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មក ប្រជាពលរដ្ឋគ្រប់ទិសទីទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស បានចេញធ្វើបាតុកម្មប្រឆាំងឱ្យកម្ពុជាដកខ្លួនចេញពីគម្រោងនេះជាបន្តបន្ទាប់រហូតដល់ពេលនេះ។
ជុំវិញការធ្វើបាតុកម្មនេះ ក៏មានការទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួនពីការរិះគន់គម្រោងត្រីកោណនេះដែរ។ ជាងនេះទៅទៀត ក៏មានការទាមទារឱ្យដកដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានប្រគល់ឱ្យយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ថែមទៀតដែរ។ លើសពីនេះ ក៏មានការទាមទារឱ្យបណ្តេញពលរដ្ឋវៀតណាម ដែលរស់នៅ និងធ្វើការក្នុងដីសម្បទានសេដ្ឋកិច្ចទាំងនោះផងដែរ។
យ៉ាងណាក៏ដោយ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីសុំប្រតិកម្មលើការអះអាងរបស់លោក អ៊ុំ សំអាន បាននៅឡើយទេ។
របាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) បានចេញផ្សាយកាលពីចុងឆ្នាំ២០២៣ ថា ក្រុមហ៊ុនវៀតណាម ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ជាង ២០ម៉ឺនហិកតា (២៤៥៣០៤ហិកតា) នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ក្រោមកិច្ចសន្យារយៈពេល ៩៩ឆ្នាំ។
របាយការណ៍ដដែលបង្ហាញថា ដីសម្បទានសេដ្ឋកិច្ច ១ហិកតា ជាមធ្យមត្រូវការកម្មករ ៣នាក់ ដូច្នេះគេរកឃើញថាដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាម ជាង ២០ម៉ឺនហិកតានៅតំបន់នោះ គឺត្រូវការកម្មករជាង ៧០ម៉ឺននាក់ (៧៣៥៩១២នាក់) ក្នុងនោះគឺមានកម្មករជាជនជាតិវៀតណាម ជាង ៩០%៕
© 2024, . All rights reserved.