រូប​ឯកសារ៖ ពលរដ្ឋ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨។

នយោបាយ

គ.ជ.ប លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង ១១​ម៉ឺន​នាក់​ចេញពី​បញ្ជី​ដោយសារ​ស្លាប់​និង​ឈ្មោះ​ស្ទួន

By ឌឹ ខេមបូឌា ដេលី

October 24, 2024

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អះអាង​ថា អ្នក​បោះឆ្នោត​ចំនួន​ជាង ១១​ម៉ឺន​នាក់​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​មាន​ការ​ផ្លាស់​ទីតាំង ស្លាប់ ឈ្មោះ​ស្ទួន និង​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត​ផ្អែក​តាម​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ចេញ​ថ្ងៃទី​២២ តុលា បាន​បញ្ជាក់​ថា អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​មូលហេតុ​ផ្លាស់​ចេញ ស្លាប់ ឈ្មោះ​ស្ទួន ឬ​ការ​ដក​សិទ្ធិ​បោះឆ្នោត​ផ្អែក​តាម​ឯកសារ​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់​មាន​ចំនួន​សរុប ១១​ម៉ឺន ១​ពាន់ ប្រាំបី​រយ​ប៉ែតសិប​ប្រាំបួន​នាក់ (១១១៨៨៩​នាក់)។

នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​នៅ​តាម​ឃុំ សង្កាត់ នា​ថ្ងៃទី​២២ ខែ​តុលា លោក យិច សមិទ្ធិ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា ការ​បិទ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​អ្នក​បោះឆ្នោត​នៅ​ឆ្នាំ​២០២៤ នេះ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា ឆ្នាំ​២០២៤ នៅ​គ្រប់​ឃុំ-សង្កាត់​ទូទាំង​ប្រទេស។

ប្រភព​ខាងលើ​បញ្ជាក់​ថា គ្រប់​គ្នា​អាច​ធ្វើ​បណ្តឹង​តវ៉ា​ជុំវិញ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត ទៅ​កាន់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​រយៈពេល ៥​ថ្ងៃ​យ៉ាង​យូរ បន្ទាប់ពី​ការ​បិទ​ផ្សាយ​បញ្ជី​ទាំងនោះ។

គ.ជ.ប ក៏​បាន​បង្ហាញ​ដែរ​ពី​ចំនួន​អ្នក​បោះឆ្នោត​សរុប​ដែល​មាន​នៅ​ក្នុង​បញ្ជី​បច្ចុប្បន្ន គឺ​មាន​ប្រាំបួន​លាន ប្រាំបួន​សែន ប្រាំបួន​ម៉ឺន ពីរ​ពាន់ បួន​រយ​សែសិប​មួយ​នាក់ (៩៩៩២៤២១​នាក់) ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ជាង ៥​សែន​នាក់ (៥៣០៤៨៥៥​នាក់) និង​មាន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង ២​ម៉ឺន ៤​ពាន់​ការិយាល័យ​នៅ​ទូទាំង​ប្រទេស។

ក្នុង​ឆ្នាំ​២០២៤ នេះ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន ១​សែន ៧​ម៉ឺន​នាក់ (១៧៧៥៦៨​នាក់) ដែល​ស្មើ​នឹង ៧៩% នៃ​ចំនួន​ពលរដ្ឋ ២​សែន ២​ម៉ឺន ៤​ពាន់ ១៥៦​នាក់ ដែល គ.ជ.ប ប៉ាន់ស្មាន​ទុក​ថា​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត៕

© 2024, . All rights reserved.