មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី កំណត់បេសកកម្មអង្គការប្រជាធិបតេយ្យខ្មែរ Khmer Democracy Organization (KDO) ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃពុធ សប្ដាហ៍នេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ តុលា នេះថា ក្នុងនាមលោកជាអតីតមន្ត្រីជាន់ខ្ពស់អង្គការក្រៅរដ្ឋាភិបាលដែលមានការទទួលស្គាល់ពីអង្គការអន្តរជាតិនានា និងមានទំនាក់ទំនងល្អជាមួយអង្គការដៃគូជាច្រើន ទោះបីជាលោកភៀសខ្លួនក្រោមហេតុផលនយោបាយទៅរស់នៅប្រទេសអូស្ត្រាលី ក្នុងពេលបច្ចុប្បន្ននេះក្តី ក៏លោកមិនបោះបង់គោលដៅក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាដែរ។
លោកយល់ឃើញថា លោកមិនអាចធ្វើសកម្មភាពក្នុងនាមជាបុគ្គលតែម្នាក់ឯងបានទេដើម្បីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដូច្នេះលោកក៏សម្រេចបង្កើតអង្គការនេះឡើងដើម្បីធ្វើសកម្មភាពឱ្យកាន់តែទូលំទូលាយ ដែលជាស្ថាប័នជាក់លាក់ក្នុងការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលដទៃទៀតដើម្បីសម្រេចគោលដៅរបស់ខ្លួន។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះលើកឡើងថា បេសកកម្មរបស់អង្គការប្រជាធិបតេយ្យខ្មែរ គឺត្រូវស្រាវជ្រាវ និងចងក្រងសេចក្តីរាយការណ៍នានាស្តីអំពីសិទ្ធិមនុស្ស ដូចជា ការរឹតត្បិតសេរីភាពបញ្ចេញមតិ ការរំលោភដីធ្លី ការចាប់ខ្លួនសកម្មជនសង្គម សកម្មជននយោបាយ និងការរំលោភច្បាប់ផ្សេងៗពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាដើម។
លោក ស៊ឹង សែនករុណា ត្អូញត្អែរថា ប្រទេសកម្ពុជាកំពុងធ្លាក់ចុះនូវការគោរពសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការជាន់ឈ្លីប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យយ៉ាងខ្លាំង ដែលធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូបរងនូវភាពអយុត្តិធម៌គ្រប់ទីកន្លែងដោយសារតែប្រព័ន្ធយុត្តិធម៌របស់ខ្លួនបាត់បង់នូវគោលការណ៍នីតិរដ្ឋ ដើម្បីធានានូវយុត្តិធម៌សង្គមសម្រាប់ពលរដ្ឋគ្រប់រូបសព្វថ្ងៃនេះ។
ប្រភពខាងលើបញ្ជាក់ថា ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា និងដើម្បីសិទ្ធិសេរីភាពពេញលេញរបស់ពលរដ្ឋខ្មែរគ្រប់រូប អង្គការប្រជាធិបតេយ្យខ្មែរ នឹងចូលរួមចំណែកយ៉ាងសកម្មជាមួយអ្នកប្រជាធិបតេយ្យ អ្នកតស៊ូមតិ សកម្មជនសង្គម និងជាមួយអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ជាដើម។
ការរួមចំណែកនេះ គឺក្នុងគោលបំណងជំរុញការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាវិលទៅរកការដឹកនាំបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ។
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ អង្គការប្រជាធិបតេយ្យខ្មែរ Khmer Democracy Organization ដែលហៅកាត់ថា KDO ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី អនុញ្ញាតឱ្យផ្តើមដំណើរការជាផ្លូវការដើម្បីធ្វើសកម្មភាពរបស់ខ្លួនដោយស្របច្បាប់ ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ខណៈលោក ស៊ឹង សែនករុណា ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានអង្គការក្រៅរដ្ឋាភិបាលមួយនេះដែរ។
លោក ស៊ឹង សែនករុណា ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ដែលហៅកាត់ថា “សមាគមអាដហុក” អស់រយៈពេលជាង ២០ឆ្នាំមកហើយ ប៉ុន្តែនៅដើមឆ្នាំ២០២៤ កន្លងទៅនេះ លោកបានរងនូវការចោទប្រកាន់ថាបានបង្កចលាចល និងញុះញង់ឲ្យមានការស្អប់ និងរើសអើងគណបក្សប្រជាជនកម្ពុជា ជុំវិញការបញ្ចេញមតិរបស់លោក ដោយទាមទារសំណង ២ពាន់លានរៀលដែលស្មើប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក។
ក្រោយរងនូវការប្តឹងផ្តល់នេះ លោក ស៊ឹង សែនករុណា បានសម្រេចចិត្តភៀសខ្លួនចាកចេញពីទឹកដីកំណើតទៅជ្រកកោននយោបាយនៅប្រទេសអូស្ត្រាលី ដើម្បីធ្វើសកម្មភាពក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាវិញ៕
© 2024, . All rights reserved.