បរិយាកាសនយោបាយនៅប្រទេសកម្ពុជា គឺល្ខោនលេងរឿងដដែលៗ។ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នពីពន្ធនាគារខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកចេញវីដេអូសុំទោសមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន ហ៊ុន ម៉ាណែត កាលពីពុធ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា នេះ សម្រេចចេញដីកាដោះលែងអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានឃុំខ្លួនជិត ៣០ថ្ងៃ (២៤ថ្ងៃ) ខណៈមេធាវីរបស់លោកក៏បានដាក់ពាក្យស្នើសុំឱ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាបន្តបន្ទាប់ដែរ។
លោក ម៉ិច ដារ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ និងបណ្ដាញសង្គម កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់។ បន្ទាប់ពីរងនូវបទចោទដែលត្រូវប្រឈមមុខនឹងជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ២០ថ្ងៃ នៅថ្ងៃទី២៣ ខែតុលា លោក ម៉ិច ដារ៉ា បានចេញវីដេអូពីពន្ធនាគារខេត្តកណ្តាល សុំទោសលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយមានលិខិតជាលាយលក្ខណ៍អក្សរផងដែរ។
តាមរយៈវីដេអូនេះ លោក ម៉ិច ដារ៉ា អះអាងថា លោកបានបង្ហោះព័ត៌មានមិនពិតចំនួន ៥លើកនៅលើបណ្ដាញសង្គមក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៤ នេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំប្រទេស ហើយលោកសូមសន្យាថានឹងឈប់បង្ហោះនូវព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំប្រទេសតទៅទៀតហើយ។
ករណីដូចលោក ម៉ិច ដារ៉ា នេះ ទោះជាខ្លួនមិនបានធ្វើចោរលួចក៏ដោយ ក៏ត្រូវតែសារភាពថាខ្លួនជាចោរលួចដែរ ជាលក្ខខណ្ឌដោះខ្លួននៅក្រៅឃុំ ឬឲ្យរួចខ្លួន។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមអ្នកតស៊ូមតិកម្ពុជា លោក មួង ណារ៉េត សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ តុលា នេះថា លោកសាទរចំពោះការដោះលែងលោក ម៉ិច ដារ៉ា ប៉ុន្តែចំពោះរូបភាពដែលអ្នកជាប់ឃុំទទួលបានសិទ្ធិរស់នៅក្រៅឃុំបណ្ដោះអាសន្នក្រោយសុំទោសថ្នាក់ដឹកនាំគឺជាកម្អែលវប្បធម៌នយោបាយដុះស្នឹមនៃរបៀបរបបដឹកនាំរដ្ឋនៅប្រទេសកម្ពុជាទៅហើយ។
លោក មួង ណារ៉េត អះអាងថា រូបភាពនេះពិបាកឱ្យមនុស្សផងទាំងពួងជឿថាវាជារឿងចៃដន្យណាស់ ដ្បិតលំនាំស្រដៀងគ្នានេះកើតឡើងច្រំដែលៗឡើងស៊ាំទៅហើយសម្រាប់ពលរដ្ឋខ្មែរ ពោលគឺក្រោយអ្នកជាប់ឃុំសុំទោសមេដឹកនាំ តុលាការតែងតែដោះលែងឱ្យនៅក្រៅឃុំ។
ប្រភពខាងលើលើកឡើងថា ការសុំទោសចំពោះកំហុសឆ្គងដោយអចេតនាណាមួយ គឺជាសីលធម៌ល្អ និងត្រឹមត្រូវ តែអ្វីដែលជាការសង្ស័យនោះ គឺនៅត្រង់ថា បើមេដឹកនាំព្រមទទួលយកការសុំទោសជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព ហេតុអ្វីពីដំបូងមិនទាមទារឱ្យលោក ម៉ិច ដារ៉ា កែអត្ថបទចុះផ្សាយរបស់គាត់សិន មុននឹងចាប់ខ្លួនគាត់នោះ។
លោក មួង ណារ៉េត បញ្ជាក់ថា ករណីចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ បានអង្រួនពិភពលោកជាប់មិនដាច់ ស្របពេលដែលកម្ពុជាជាប់ពិន្ទុបាតតារាងរាល់ឆ្នាំខាងរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន ប៉ុន្តែរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅតែអនុវត្តការដឹកនាំច្រំដែលដោយមិនខ្វល់ពីមុខមាត់ និងកិត្តិយសរបស់កម្ពុជាឡើយ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ កាលពីដើមខែសីហា ឆ្នាំ២០២៤ នេះថា ប្រទេសកម្ពុជាកំពុងធ្លាក់ចំណាត់ថ្នាក់ខាងសេរីភាពសារព័ត៌មានចំនួន ៩លេខរយៈពេល ២ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ គឺធ្លាក់ពីលេខ១៤២ ក្នុងឆ្នាំ២០២២ មកចំណាត់ថ្នាក់លេខ១៥១ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ នេះ៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.
