ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយ​កំរោល​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤។

សេចក្ដីរាយការណ៍ពិសេស

សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​ទិដ្ឋភាព និង​ស្ថានភាព​ចរិយា​ឧក្រិដ្ឋ (Criminality) នៅ​ប្រទេស​កម្ពុជា

By ឌឹ ខេមបូឌា ដេលី

October 28, 2024

ប្រទេស​មិន​គោរព​ច្បាប់ បទល្មើស​ឧក្រិដ្ឋ​ក្លាយ​ជា​ធម្មតា អ្នក​ក្តាប់​អំណាច​អាង​អំណាច អ្នក​មាន​អាង​ទឹកប្រាក់ យក​អ្នក​មាន​អំណាច​ជា​អ្នក​ការពារ។ គេ​ចងក្រង​គ្នា​រស់​អាស្រ័យ​នឹង​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​បក្ខពួក។

លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​មូលហេតុ​អង្គការ​បរទេស​ដាក់​ពិន្ទុ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលហេតុ​ក្រុមហ៊ុន​ធំៗ​ពី​បស្ចិម​ប្រទេស​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។

អ្នក​សង្កេត​ហេតុការណ៍​ស្ថានការណ៍​ក្នុង​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស​ដែល​តាមដាន​បញ្ហា​ក្នុង​ប្រទេស​ខ្មែរ (ហៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧) ឬ​ប្រទេស​កម្ពុជា (រាជាណាចក្រ​ទី​២ ហៅ​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣) ជា​មាតុភូមិ​កំណើត​របស់​គេ​លើ​វិស័យ​ផ្សេងៗ តែងតែ​វិភាគ​ឃើញ និង​អធិប្បាយ​រំឭក​ជារឿយៗ​ថា បើ​ចង់​ឲ្យ​មាន​សេចក្តី​សុខ​សន្តិភាព​ក្សេមក្សាន្ត ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្គម​ជាតិ​ពុទ្ធសាសនា រាជរដ្ឋាភិបាល​ត្រូវ​អនុវត្ត​គោលការណ៍​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ។

នេះ​មាន​ន័យ​ថា អ្នក​ដឹកនាំ​ប្រទេស​ជាតិ​ឥត​បំភ័ន្ត​បន្លំ​ភ្នែក​សាធារណជន បង្វែរ​សាច់រឿង​ពី​អាក្រក់​ទៅ​ល្អ ពី​ស​ទៅ​ខ្មៅ ពី​ត្រូវ​ទៅ​ជា​ខុស ពី​រឿង​ពិត​ដើម្បី​បំពេញ​ចិត្ត​មនុស្ស​ណា​ម្នាក់ ដោយ​បំពាន​ច្បាប់​ជា​ដាច់ខាត។

បទបញ្ញត្តិ ក្រម​មាត្រា​ទាំងឡាយ​ដែល​ស្ថាប័ន​ធ្វើ​ច្បាប់​បាន​អនុម័ត ហើយ​ដាក់​ចូល​ជា​ធរមាន គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​គ្រប់ៗ​គ្នា​ក្នុង​ប្រទេស​នោះ​អនុវត្ត​ឲ្យ​មាន​របៀប​រៀបរយ សណ្ដាប់ធ្នាប់ មិន​ថា​វណ្ណៈ​ឋានៈ​តូច ឬ​ធំ មិន​សំដៅ​លើ​ជនជាតិ ភេទ ជំនឿ សាសនា លក្ខខណ្ឌ​សេដ្ឋកិច្ច​យ៉ាងណា​នោះ​ទេ។ អត្ថន័យ​នៃ​ពាក្យ​អង់គ្លេស​ថា rule of law ដែល​ភាសា​ខ្មែរ​ប្រែ​ថា នីតិរដ្ឋ ឬ​ប្រែ​ថា​ប្រទេស​អនុវត្ត​ច្បាប់ គឺ​គេ​រំពឹង​ថា​ពលរដ្ឋ​គ្រប់​រូប​អនុវត្ត​ស្មើភាព​គ្នា មិនមែន​យក​នីតិក្រម នីតិប្បញ្ញត្តិ​ទៅ​ទ្រាប់​អង្គុយ ឬ​យក​អំណាច​ទៅ​ជាន់​ឈ្លី​លើ​ច្បាប់​នោះ​ទេ។

អ្នក​តាមដាន​ឃើញ​ការពិត​ដូចជា​លោក ម៉ែន ណាត លោក ប៉ា ងួនទៀង លោក គឹម សុខ លោក សារ៉ូ សុវិជ័យ លោក ស្រ៊ុន ស្រ៊ន និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឯ​ទៀត​ជាដើម តែងតែ​លើក​សំណួរ​ថា បើ​ប្រទេស​ជាតិ​មាន​សន្តិភាព​យូរ​ហើយ គ្មាន​ភ័យ​ព្រួយ​អំពី​ការ​ទម្លាក់​គ្រាប់បែក​គ្រាប់​ផ្លោង​កាំភ្លើង​ធំ បាញ់​មីស៊ីល គ្រាប់​រ៉ុក្កែត​ដាក់​គ្នា​ខ្ទេចខ្ទាំ​ស្រុក​ភូមិ ទីក្រុង ទីផ្សារ​ទេ ចុះ​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​ធំៗ​ពី​ប្រទេស​លោក​សេរី ប្រជាធិបតេយ្យ នីតិរដ្ឋ មិន​ហ៊ាន​ដាក់​ទុន​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​មាន​សន្តិភាព​ដូចជា​ប្រទេស​កម្ពុជា?

លោក ម៉ែន ណាត អនុប្រធាន​វេទិកា​ពលរដ្ឋ រៀបរាប់​អំពី​មូលហេតុ​ដែល​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​បរទេស​ពី​លោក​ខាងលិច ឲ្យ​ដាក់​ទុន​ស្រុក​ខ្មែរ បែរ​ជា​គ្មាន​ប្រយោជន៍៖

ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​បទល្មើស​បំពាន​ច្បាប់​ជាច្រើន​ប្រភេទ ច្រើន​សណ្ឋាន មាន​រាប់​មិន​អស់​ក្នុង​សារព័ត៌មាន​បរទេស។ ទោះជា​ដូច្នោះ​ក្តី រាជរដ្ឋាភិបាល​តែងតែ​ឆ្លើយតប​វិញ​ថា ប្រទេស​ណា​ក៏​មាន​ឧក្រិដ្ឋកម្ម​ដែរ ហើយ​អ្នក​ដែល​ផ្សាយ​អាក្រក់​អំពី​ប្រទេស​កម្ពុជា គឺ​មាន​ចេតនា​បរិហារ សម្អុយ​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា ដោយ​បដិសេធ​មិន​ព្រម​ទទួលស្គាល់​ការពិត ឬ​សច្ចៈ​សោះ។

ដោយ​មកពី​រាជរដ្ឋាភិបាល​មិន​ទទួលស្គាល់​ការពិត ឬ​សច្ចៈ​នោះ ហើយ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា​រវាង​អ្នក​មាន​អំណាច​មាន​ទ្រព្យ​ស្តុកស្តម្ភ និង​មាន​បក្ខពួក​ចាំ​ការពារ​បិទ​បាំង ហៅថា​មាន​ខ្នង បទល្មើស​កម្រិត​ឧក្រិដ្ឋ crimes វា​ចង់​ប្រែ​ក្លាយ​ពី​អំពើ​ឧក្រិដ្ឋ​ដោយ​អចេតនា ដោយ​ចៃដន្យ homicide ទៅ​ជា​ចរិយា​ឧក្រិដ្ឋ criminality ទៅ​ហើយ ដែល​សំដៅ​ន័យ​ថា ពលរដ្ឋ​មួយ​ចំនួន​ណា​នោះ មើល​ទៅ​ហាក់ដូចជា​មាន​និន្នាការ​ចំណង់​ចិត្ត propensity ប្រព្រឹត្ត​បទល្មើស ទោះ​ជា​ដឹង​ថា​អាច​បំពាន​ច្បាប់​យ៉ាងណា​ក៏ដោយ ឲ្យ​តែ​ឃើញ​មាន​ឱកាស​ល្អ​ហុច​ឲ្យ។

ឧក្រិដ្ឋកម្ម​មិន​ថា​ឡើយ​អ្នក​ប្រព្រឹត្ត​ផ្ទាល់ បើ​មន្ត្រី​ម្នាក់​ដឹង​ថា​មាន​អំពើ​ឧក្រិដ្ឋ​កើតឡើង​ហើយ ប៉ុន្តែ​មិន​រាយការណ៍​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាន់​ពេលវេលា ដោយ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​បំណង​ជួយ​បិទ​លាក់​បាំង​ឧក្រិដ្ឋកម្ម​នោះ ក៏​គេ​ចាត់ទុក​ជា​បទល្មើស​ឧក្រិដ្ឋ​កម្រិត​ធ្ងន់​ដែរ ដែល​ភាសា​អង់គ្លេស​ហៅថា misprision។

អ្នក​ខ្លាំង​នៅ​ស្រុក​ខ្មែរ​អាង​ប្រាក់កាស គេ​អាច​សម្រាល​ទោស​ពី​ធ្ងន់​មក​ស្រាល​បាន ដូច្នេះ​បើ​គេ​បំពាន​ច្បាប់ ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​យ៉ាងណា ក៏​មិន​អី​ដែរ ពីព្រោះ​ចៅក្រម​អាច​សម្រួល​បាន។

ចំពោះ​អ្នក​តូចតាច​វិញ បើ​គេ​មាន​ទោស​ប៉ុនណា គឺ​នៅតែ​ប៉ុណ្ណឹង ពោល​គឺ​ចៅក្រម​មិន​សម្រួល​សោះ​ឡើយ។ មាន​ករណី​ខ្លះ មិនមែន​ជនស៊ីវិល​សាមញ្ញ​ទេ​ប្រព្រឹត្ត​ល្មើស​ច្បាប់ អ្នក​រាជការ នាហ្មឺន មន្ត្រី​ទាំង​ស៊ីវិល ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​តែម្តង ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ ដូចជា​ទៅ​ការពារ​ពួក​ឧកញ៉ា​រំលោភ​យក​ដីធ្លី​ផ្ទះសម្បែង​អ្នក​ស្រុក ទៅ​ចាប់ចង​ប្តឹង​សកម្មជន​ការពារ​ផល​ប្រយោជន៍​សង្គម មាន​បរិស្ថាន ធនធាន​ធម្មជាតិ ជាដើម ដាក់​ពន្ធនាគារ។

បទល្មើស​មួយ​បែប​ទៀត​គេ​អាច​ចាត់ទុក​ជា ចរិយា​ឧក្រិដ្ឋ គឺ​អ្នក​ដឹកនាំ​ប្រទេស​មាន​ទម្លាប់​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​រំលោភ​ការ​ប្រើ​សិទ្ធិ​ពលរដ្ឋ ដែល​អង់គ្លេស​ហៅថា crime against the exercise of civic rights តាមរយៈ​ការ​កែប្រែ ដោះដូរ​មាត្រា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ តម្រូវ​តាម​មហិច្ឆតា​ផ្ទាល់ខ្លួន។

ទោះ​ជា​មាន​ឧទាហរណ៍​ដ៏​ច្រើន​យ៉ាងណា​ក្តី លោក ស្រ៊ុន ស្រ៊ុន សកម្មជន​កិច្ចព្រមព្រៀង ២៣ តុលា នៅតែ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើ​សិទ្ធិ​របស់​ខ្លួន​តវ៉ា​តាមរយៈ​ការ​ដាក់​ពាក្យ​ប្តឹង​ក្នុង​តុលាការ កុំ​ជឿ​អ្នក​ដឹកនាំ​ប្រជាភិថុតិ៖

ដោយ​សង្កេត​ឃើញ​ស្ថានភាព​សង្គម​ខ្មែរ​ដូចជា​មិន​ងាយ​កែប្រែ​ផ្នត់គំនិត​ពី​និន្នាការ ចំណង់​ចិត្ត propensity ទាញ​រុញ​ទៅ​រក​ការ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ អង្គការ​ពីរ​ឧបត្ថម្ភ​ថវិកា​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ឈ្មោះ Global Organized Crime Index (GOCI) និង Global Initiative Against Transnational Organized Crime (GIATOC) បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ និង​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​កាលពី​ឆ្នាំ​២០២៣ វាស់វែង​ដាក់​ពិន្ទុ​ពី​ល្អ​ទៅ​អាក្រក់ ពី​លេខ​១ (ល្អ) ដល់​លេខ​១០ (អាក្រក់) ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិន្ទុ​លេខ​៧ (៦,៨៥) ដែល​មាន​ន័យ​ថា សង្គម​ជាតិ​យើង​មាន​ចរិយា​ឧក្រិដ្ឋ criminality ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​នេះ ពោល​គឺ​បទល្មើស​ឧក្រិដ្ឋ​កើត​មាន​សឹងតែ​គ្រប់​ទីកន្លែង​ដោយ​មិន​រើស​មុខ គ្មាន​កន្លែង​ណា​ស្អាតស្អំ​ឡើយ។

សេចក្តី​រាយការណ៍​ដាក់​ពិន្ទុ​អំពី​ចរិយា​ឧក្រិដ្ឋ criminality score ឆ្នាំ​២០២៣ ពិនិត្យ​លើ​សកម្មភាព​ឧក្រិដ្ឋ​ពីរ​សណ្ឋាន៖ គឺ​ទី​១ ជា​ទីផ្សារ​ជួញដូរ​បែប​ឧក្រិដ្ឋ criminal markets ដែល​មាន ១៥​ប្រភេទ និង​ទី​២ ជន​ជា​ឧក្រិដ្ឋជន​ដែល​មាន ៥​ប្រភេទ។

  1. ទីផ្សារ​ជួញដូរ​បែប​ឧក្រិដ្ឋ សំដៅ​ដល់​អំពើ​ប្រវ័ញ្ច​មនុស្ស​ប្រើ​ដោយ​បង្ខំ ហៅថា ការ​ជួញដូរ​មនុស្ស human trafficking បាន​ពិន្ទុ ៨,៥០;
  2. ការ​ក្លែង​ឯកសារ​នាំ​មនុស្ស​គេច​ច្បាប់​ទៅ​ទី​ដទៃ ហៅថា​ការ​រត់ពន្ធ​មនុស្ស human Smuggling បាន​ពិន្ទុ ៧;
  3. ការ​គំរាម​ជំរិត​ទារប្រាក់ និង​ការ​ការពារ​មុខរបរ​ដោយ​បង់ប្រាក់​ប្រចាំ​ខែ extortion & protection racketeering បាន​ពិន្ទុ ៦,៥០;
  4. ការ​រត់ពន្ធ​អាវុធ​ឆ្លងដែន arms trafficking បាន​ពិន្ទុ ៥,៥០;
  5. ការ​ធ្វើ​ជំនួញ​ទំនិញ​ក្លែងក្លាយ trade in counterfeit goods បាន​ពិន្ទុ ៨;
  6. ការ​ធ្វើ​ជំនួញ​ខុស​ច្បាប់​ទំនិញ​ជាប់​ពន្ធ illicit trade in excisable goods បាន​ពិន្ទុ ៥,៥០;
  7. ឧក្រិដ្ឋកម្ម​លើ​សត្វព្រៃ​សឹង​ផុត​ពូជ flora crimes បាន​ពិន្ទុ ៨;
  8. ឧក្រិដ្ឋកម្ម​លើ​រុក្ខជាតិ​សឹង​ផុត​ពូជ fauna crimes បាន​ពិន្ទុ ៨,៥០;
  9. ឧក្រិដ្ឋកម្ម​លើ​ធនធាន​រីង​ស្ងួត (មិន​ត្រឡប់​មក​វិញ មាន​ប្រេងកាត ឧស្ម័ន​ធម្មជាតិ ធ្យូងថ្ម និង​ថាមពល​នុយក្លេអ៊ែរ) non-renewable resource crimes បាន​ពិន្ទុ ៨;
  10. ជំនួញ​គ្រឿងញៀន​អេរ៉ូអ៊ីន heroin trade បាន​ពិន្ទុ ៤,៥០;
  11. ជំនួញ​គ្រឿងញៀន​អាភៀន cocaine trade បាន​ពិន្ទុ ២,៥០;
  12. ជំនួញ​កញ្ឆា cannabis trade បាន​ពិន្ទុ ៤,៥០;
  13. ជំនួញ​ថ្នាំញៀន​សំយោគ synthetic drug trade បាន​ពិន្ទុ ៨;
  14. ឧក្រិដ្ឋកម្ម​អាស្រ័យ​ការ​ប្រើ​អ៊ីនធឺណិត​តាម​កុំព្យូទ័រ cyber-dependent crimes បាន​ពិន្ទុ ៧,៥០;
  15. និង​ឧក្រិដ្ឋកម្ម​បោក​បញ្ឆោត/លួច​ប្លន់​ទាញ​ប្រយោជន៍​ហិរញ្ញវត្ថុ financial crimes បាន​ពិន្ទុ ៨។

រីឯ​ឧក្រិដ្ឋជន​ជាប់​ជំពាក់ ឬ​តួអង្គ​ក្នុង​ឧក្រិដ្ឋកម្ម criminal actors ដែល​មាន ៥​ប្រភេទ ហើយ​បាន​ពិន្ទុ ៧ នោះ គឺ​មាន៖

  1. ក្រុម​ម៉ាហ្វីយ៉ា Mafia-style groups បាន​ពិន្ទុ ៤,៥០;
  2. បណ្ដាញ​ឧក្រិដ្ឋកម្ម criminal networks បាន​ពិន្ទុ ៧;
  3. ឧក្រិដ្ឋជន​ពី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ state-embedded actors បាន​ពិន្ទុ ៨,៥០;
  4. ឧក្រិដ្ឋជន​បរទេស foreign actors បាន​ពិន្ទុ ៨;
  5. និង​ឧក្រិដ្ឋជន​ក្នុង​វិស័យ​ឯកជន private sector actors បាន​ពិន្ទុ ៧។

ប្រភេទ ចរិយា​ឧក្រិដ្ឋ criminality គេ​ចាប់អារម្មណ៍​ជាងគេ​បំផុត​នោះ គឺ​ឧក្រិដ្ឋជន​ពី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ state-embedded actors ដែល​បាន​ពិន្ទុ​ជិត ១០ (៨,៥០) ពីព្រោះ​គេ​ជា​នាហ្មឺន មន្ត្រី អ្នក​រាជការ​ដែល​បាន​សច្ចា​ស្បថស្បែ​មុន​ទៅ​កាន់​តំណែង​ជា​អ្វី​មួយ ថា​ខ្លួន​នឹង​គោរព​ច្បាប់ សុចរិត ស្មោះត្រង់​ចំពោះ​ជាតិ បម្រើ​ប្រជាពលរដ្ឋ​ដោយ​ឥត​លក្ខខណ្ឌ ប៉ុន្តែ​ក្លាយ​ខ្លួន​ជា​មនុស្ស​ឧក្រិដ្ឋ ក្បត់​នឹង​ពាក្យ​សច្ចា​ប្រណិធាន​របស់​ខ្លួន​ទៅវិញ។

ក្នុង​សេចក្តី​រាយការណ៍​ដដែល អ្នក​សិក្សា​ស្រាវជ្រាវ​វិភាគ​ឃើញ​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​រីក​រាលដាល​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​ថ្ងៃ​កែលំអ​បាន​នោះ គឺ​មកពី​មនុស្ស​កាន់​អំណាច​យូរ​ពេក ពូន​អំណាច​ផ្តុំ​សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ និង​បក្ខពួក។ គេ​នាំគ្នា​អាង​អំណាច ប្រើ​អំណាច​ផ្ដាច់ការ​ផ្ដាច់មុខ អង្គុយ​លើ​ច្បាប់ ធ្វើ​សេចក្តី​សម្រេច​លើ​កិច្ចការ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​សម្រាប់​តែ​ផល​ប្រយោជន៍​ពួកគេ រួច​ហើយ​បង្កើត​ជា​វប្បធម៌ ជា​ទម្លាប់ “រស់​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក” (patronage-clientelism)។

យូរៗ​ទៅ អំពើ​ល្មើស​ច្បាប់​កម្រិត​ឧក្រិដ្ឋ​ក្លាយ​ជា​រឿង​ធម្មតា ដរាប​ណា​មេកោយ​ពេញចិត្ត​នឹង​អ្នក​ក្រោម​ឱវាទ ដែល​រក​ផល​ប្រយោជន៍​ឲ្យ​មេ​បាន​ទៀងទាត់។ គេ​ថា​វិធី​នេះ ចងក្រង​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​មាំ​រវាង​អ្នកធំ និង​អ្នកតូច ដើម្បី​ចែក​ផល​ប្រយោជន៍​គ្នា ហើយ​គ្មាន​នរណា​ប៉ះ​បាន​ទៀត​ផង ទោះជា​បំពាន​ច្បាប់​បែប​ណា​ក៏ដោយ។

ក្រោយពី​សិក្សា​ស្រាវជ្រាវ​អំពី ចរិយា​ឧក្រិដ្ឋ អង្គការ Global Organized Crime Index (GOCI) និង Global Initiative Against Transnational Organized Crime (GIATOC) រក​ឃើញ​ថា ស្ថានភាព​ដូច្នោះ​កែ​មិន​ងាយ​ឡើង​ពី​អបាយ​ទេ គេ​ក៏​ដាក់​ពិន្ទុ​ចំពោះ​ភាព​រើ​ខ្លួន​មក​ធម្មតា​វិញ resilience score ពី​១ (អាក្រក់) ដល់ ១០ (ល្អ) ត្រឹមតែ​ពិន្ទុ​ជិត ៤ ប៉ុណ្ណោះ។ ចំពោះ​ចំណាត់ថ្នាក់​សម្រាប់​ប្រទេស​ចំនួន ១៩៣ ក្នុង​ពិភពលោក ស្តីអំពី​ចរិយា​ឧក្រិដ្ឋ ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​នៅ​លំដាប់​ទី​២០ ពោល​គឺ​មាន​និន្នាការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ជា​ប្រទេស​ទី​៨ ក្នុង​ចំណោម​ប្រទេស​៤៦ នៅ​តំបន់​អាស៊ី និង​ជា​ប្រទេស​ទី​២ ក្នុង​ចំណោម​ប្រទេស​១១ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ភូមា (ម្ញ៉ាន់ម៉)។

ខណៈ​ដែល​នាយករដ្ឋមន្ត្រី​ថ្មី​លោក ហ៊ុន ម៉ាណែត ព្យាយាម “ដើរ​គោះ​ទ្វារ” អំពាវនាវ​ដល់​ប្រទេស​នានា​ឲ្យ​ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​មាន​តែ​ក្រុមហ៊ុន​ចិន ដែល​ភាគច្រើន​មាន​ប្រភព​ពី​សហគ្រាស​រដ្ឋ ដាក់​ទុន​ទៅវិញ មិន​សូវ​ឃើញ​មាន​ក្រុមហ៊ុន​ពី​ប្រទេស​លោក​សេរី​សោះ។ មូលហេតុ​គេ​មិន​ហ៊ាន​រកស៊ី​នៅ​ស្រុក​ខ្មែរ​នោះ លោក គឹម សុខ ប្រធាន​វេទិកា​ពលរដ្ឋ ថ្លែង​ថា មាន​ឧក្រិដ្ឋកម្ម​ខ្លះ​ល្បី​ពេក៖ …

លោក ប៉ា ងួនទៀង ប្រធាន​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ថ្លែង​គាំទ្រ​គំនិត​ដូច្នោះ​ដែរ ដោយ​លើក​យក​ករណី​ឃាតកម្ម​មួយ​មក​ជា​ឧទាហរណ៍​អំពី​ការ​មិន​គោរព​ច្បាប់៖ …

ផ្ទុយទៅវិញ លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​បិតា​នាយករដ្ឋមន្ត្រី​សព្វថ្ងៃ ចាំ​ញាក់​ខ្សែ​កូន​ឲ្យ​ដឹកនាំ​ប្រទេស​របៀប​ចាស់​របស់​គាត់។ ថ្មីៗ​នេះ លោក ហ៊ុន សែន ចង់​កែ​ច្បាប់​ស្តីអំពី​គណបក្ស​នយោបាយ ដើម្បី​រំលាយ​បក្ស​នយោបាយ​ណា​មាន​ទំនាក់ទំនង​នឹង​បក្ស​ប្រឆាំង​ដែល​ចង់​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស ហៅថា​រដ្ឋាភិបាល​និរទេស។

ក្នុង​សប្តាហ៍​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់ទោស​សកម្មជន​នៃ​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ដែល​ឥត​បាន​ល្មើស​ដល់​បទឧក្រិដ្ឋ​ដូច​នាហ្មឺន មន្ត្រី រាជការ គេ​ហៅថា ឧក្រិដ្ឋជន​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ state-embedded actors នោះ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី ៦ ទៅ ៨​ឆ្នាំ។ ក្នុង​ចំណោម​សកម្មជន​ទាំង ១០​នាក់​នោះ មាន​ម្នាក់​ឈ្មោះ យឹម លាងហ៊ី បាត់​ខ្លួន​នា​ព្រឹក​ថ្ងៃទី​២ កក្កដា មុន​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​យុវ​សកម្មជន​ឯ​ទៀត។

រឿង​ទាំងអស់​ដែល​បាន​ពិពណ៌នា​មក​នេះ ឆ្លុះបញ្ចាំង​ច្បាស់​ថា អ្នក​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជា​ស្រុក​ខ្មែរ​ខាង​បក្ស​ប្រជាជន​កម្ពុជា បិទ​បាំង​ឧក្រិដ្ឋកម្ម គាបសង្កត់​ប្រជាជន​ខ្មែរ​ឲ្យ​រស់​ក្រោម​នឹម​របស់​ខ្លួន បិទ​សិទ្ធិ​សេរីភាព​មនុស្ស ហើយ​មាន​ចេតនា​បំបាត់​សំឡេង​អ្នក​និយាយ​ការពិត​តាមរយៈ​ការ​សម្លាប់ ចាប់​ចង​ដាក់​ពន្ធនាគារ គំរាម​បំភ័យ​រត់​ចោល​ស្រុក និង​និរទេស​ខ្លួន។

គេ​ធ្វើ​ដូច្នោះ​បាន ដោយសារ​ការ​ប្រើ​អំណាច និង​ការ​កែ​ច្បាប់​តាម​ចំណង់​ចិត្ត ដើម្បី​តែ​បង្ក្រាប​ពលរដ្ឋ​គោរព​ច្បាប់ និង​ដើម្បី​ការពារ​ឧក្រិដ្ឋជន។

បើ​ពលរដ្ឋ​ខ្មែរ​ពូជ​អ្នក​ជា មើល​ឃើញ​ដឹង​ឮ​រឿង​ទាំងឡាយ​នេះ​ហើយ សំណួរ​នៅ​ត្រង់​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នៅតែ​ទ្រាំ​រស់​ទម្រាំ​ដល់​វេន​ខ្លួន។

កញ្ញា ភួន កែវរស្មី ថ្លែង​ប្រាប់​សាធារណជន​ខ្មែរ​អំពី​ទឹកចិត្ត​កញ្ញា​ជា​កូន​ខ្មែរ៖ …

ចំពោះ​ពលរដ្ឋ​ខ្មែរ អធិរាជ Augustus Caesar/Gaius Octavius ស្ថាបនិក​អាណាចក្រ​រ៉ូម៉ាំង (ពី​ឆ្នាំ​៦៣ មុន​គ.ស.-គ.ស.១៤) ថ្លែង​ថា៖ “អំណាច​គ្មាន​នរណា​ហុច​ឲ្យ​ដោយ​សេរី (ស្ម័គ្រ​ចិត្ត) ទេ អំណាច​ត្រូវតែ​តាម​ដណ្តើម​យក​យ៉ាង​សកម្ម និង​យ៉ាង​ប្ដេជ្ញា​ចិត្ត​មោះមុត​ដាច់ខាត (Power is not given; It is taken)”

© 2024, . All rights reserved.