មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ បញ្ជា​ឱ្យ​រៀបចំ​ការ​ឆ្លើយតប​ល្អ​បំផុត​វាយប្រហារ​សងសឹក​លើ​អ៊ីស្រាអែល

By ឌឹ ខេមបូឌា ដេលី

October 29, 2024

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាន​បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​របស់​លោក រៀបចំ​ឆ្លើយតប​ល្អ​បំផុត​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​របស់​អ៊ីរ៉ង់ IRNA លោក Ali Khamenei បាន​និយាយ​ថា ការ​វាយប្រហារ​របស់​អ៊ីស្រាអែល មិន​គួរ​ត្រូវ​បាន​មើល​រំលង ឬ​បំផ្លើស​អ្វី​ឡើយ ប៉ុន្តែ​លោក​អួត​ថា អ៊ីរ៉ង់ ត្រូវតែ​បង្ហាញ​អំណាច​របស់​ខ្លួន​ដល់​អ៊ីស្រាអែល បើ​អ៊ីរ៉ង់ មិន​ឆ្លើយតប គឺ​អ៊ីរ៉ង់ មិន​អាច​ការពារ​សម្ព័ន្ធភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​បាន​ឡើយ។

កាលពី​ថ្ងៃទី​១ តុលា អ៊ីរ៉ង់​បាន​វាយប្រហារ​ដោយ​មីស៊ីល​បាលិស្ទីក​ជាង ២០០​គ្រាប់​ទៅ​លើ​អ៊ីស្រាអែល ដែល​ជា​ការ​វាយប្រហារ​សងសឹក​លើក​ទី​២ របស់​ទីក្រុង​តេហេរ៉ង់។ ភ្លាមៗ អ៊ីស្រាអែល​សច្ចា​វាយ​សងសឹក​លើ​អ៊ីរ៉ង់ ឱ្យខាងតែ​បាន។

កាលពី​ពេល​ទៀបភ្លឺ​នៅ​ថ្ងៃទី​២៦ ខែ​តុលា អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​សងសឹក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដោយ​បាន​កំណត់​គោលដៅ​ទៅ​លើ​ទីតាំង​ផលិត​មីស៊ីល និង​ទីតាំង​យោធា​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Times of Israel ការ​វាយប្រហារ​ដោយ​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល រាប់​សិប​គ្រឿង បាន​ហោះ​វាយ​ទៅ​លើ​គោលដៅ​យោធា​អ៊ីរ៉ង់ ដល់​ទៅ​ជាង ២០​ទីតាំង ក្នុង​នោះ​មាន​ទីតាំង​ស្តុក​គ្រាប់​មីស៊ីល ទីតាំង​ស្តុក​ដ្រូន ទីតាំង​ផលិត​មីស៊ីល ទីតាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 និង​ការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អ៊ីរ៉ង់ នៅ​កណ្ដាល​ក្រុង​តេហេរ៉ង់ ទៀត​ផង។

បើ​តាម​សារព័ត៌មាន Jerusalem Post អ៊ីស្រាអែល​បញ្ចេញ​យន្តហោះ​ចម្បាំង​វាយប្រហារ​លើ​អ៊ីរ៉ង់ ១០០​គ្រឿង ដោយ​ប្រតិបត្តិការ ៣​លើក ដែល​ក្នុង​មួយ​លើក យន្តហោះ​ជាង ៣០​គ្រឿង​ហោះ​វាយប្រហារ។

ជាមួយ​គ្នា​នេះ យន្តហោះ​ស៊ើបការណ៍​ចំនួន ១០​គ្រឿង ក៏​បាន​ហោះ​ជួយ​អន្តរាគមន៍​យន្តហោះ​ចម្បាំង​ផង​ដែរ។ តាម​ប្រភព​ដដែល​នេះ អ៊ីស្រាអែល​បញ្ចេញ​យន្តហោះ ៣​ក្រុម​វាយប្រហារ​អ៊ីរ៉ង់ មាន​យន្តហោះ​ចម្បាំង F-35, F-16- និង F-15។

ចំពោះ​លំហ​អាកាស​ដែល​អ៊ីស្រាអែល ប្រើប្រាស់​វាយប្រហារ​អ៊ីរ៉ង់ មាន​លំហ​អាកាស​ប្រទេស​អ៊ីរ៉ាក់ ប្រទេស​ហ្សកដានី និង​លំហ​អាកាស​សមុទ្រ​នៅ​តំបន់​មជ្ឈិមបូព៌ា។

អ្នកជំនាញ​ថា អ៊ីស្រាអែល​ជ្រើសរើស​ការ​វាយ​សងសឹក​លើ​អ៊ីរ៉ង់ មាន​សភាព​ធ្ងន់ធ្ងរ ដែល​យន្តហោះ ១០០​គ្រឿង​ហោះ​វាយប្រហារ​ចំនួន ៣​លើក បាន​ត្រឡប់​ទៅ​អ៊ីស្រាអែល​វិញ​ដោយ​សុវត្ថិភាព ជា​ការ​បញ្ជាក់​ថា​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​អ៊ីរ៉ង់ ពុំ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល ឡើយ។

ឆ្លើយតប​ចំពោះ​ទង្វើ​របស់​អ៊ីស្រាអែល មិន​ថា​ឡើយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែល​ប្រតិកម្ម​ដោយ​បញ្ជា​ឱ្យ​រៀបចំ​សងសឹក គេ​សង្កេត​ឃើញ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ជាន់ខ្ពស់​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ប្រធានាធិបតី​ដែល​ជា​មេដឹកនាំ​ទី​២ នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ក៏​បាន​ប្រតិកម្ម​ដែរ។

លោក Masoud Pezeshkian បាន​និយាយ​ថា អ៊ីរ៉ង់​ត្រូវតែ​សងសឹក ប៉ុន្តែ​លោក​ថា​អ៊ីរ៉ង់​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល នោះ​ទេ។

លោក​ប្រធានាធិបតី Pezeshkian បាន​អះអាង​ថា អ៊ីរ៉ង់​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ចាត់​វិធានការ​ឆ្លើយតប​ឱ្យ​បាន​សមស្រប​ទៅ​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក Pezeshkian បាន​បញ្ជាក់​ថា អ៊ីរ៉ង់​មិន​ចង់​ធ្វើ​សង្គ្រាម​ឡើយ ប៉ុន្តែ​ក្រុង​តេហេរ៉ង់ ត្រូវ​ការពារ​សិទ្ធិ​របស់​ប្រជាជាតិ និង​ប្រទេស​របស់​ខ្លួន។

លោក​បន្ថែម​ថា អ៊ីរ៉ង់​នឹង​ធ្វើការ​ឆ្លើយតប​យ៉ាង​សមស្រប​មួយ​ទៅ​នឹង​ការ​ឈ្លានពាន​របស់​របប Zionist នៃ​ប្រទេស​អ៊ីស្រាអែល។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​ថ្លែង​ថា គ្មាន​ឡើយ​ព្រំដែន​កំណត់​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ៊ីរ៉ង់ ដើម្បី​ការពារ​ខ្លួន ព្រោះ​អ៊ីរ៉ង់ មាន​សិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ការ​ការពារ​ខ្លួនឯង​ស្រប​តាម​ច្បាប់​អន្តរជាតិ។ លោក Araqchi បាន​ថ្កោលទោស​សកម្មភាព​របស់​អ៊ីស្រាអែល ថា​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ។

នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​អ៊ីរ៉ង់ ទាមទារ​ថា សកម្មភាព​របស់​អ៊ីស្រាអែល ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ និង​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​ដល់​តំបន់​ដែល​ផុយ​ស្រួយ​រួច​ទៅ​រក​សង្គ្រាម។

លោក Araqchi ទាមទារ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​រួម​គ្នា​ថ្កោលទោស​អ៊ីស្រាអែល។

ក្រុម​អ្នក​ការទូត​បាន​និយាយ​ថា ក្រុមប្រឹក្សា​សន្តិសុខ​រំពឹង​ថា​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ទី​២៨ តុលា នេះ ដើម្បី​ពិភាក្សា​អំពី​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល ទៅ​លើ​អ៊ីរ៉ង់។

ក្រោយ​ការ​វាយ​សងសឹក​នេះ អ៊ីស្រាអែល​បាន​ព្រមាន​អ៊ីរ៉ង់ ថា​នឹង​ត្រូវ​លះបង់​តម្លៃ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​វាយប្រហារ​សងសឹក​លើ​អ៊ីស្រាអែល។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​បញ្ឈប់​អំពើ​ហិង្សា និង​ងាក​មក​រក​ការ​ចរចា។

ចំណែក​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ចក្រភព​អង់គ្លេស សហភាព​អឺរ៉ុប បាន​ទទូច​ឱ្យ​អ៊ីរ៉ង់ កុំ​សងសឹក​អ៊ីស្រាអែល ដោយ​ចាត់ទុក​ការ​វាយ​សងសឹក​របស់​អ៊ីស្រាអែល ជា​តុល្យភាព​ឆ្លើយតប​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ លើ​អ៊ីស្រាអែល ចំនួន​ពីរ​លើក​មក​ហើយ៕

© 2024, . All rights reserved.