លោក សម រង្ស៊ី (កណ្ដាល) ថ្លែង​ក្នុង​បាតុកម្ម​របស់​ជនជាតិ​ខ្មែរ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​រំលឹក​ខួប​ទី​៣៣ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤។

នយោបាយ

មេដឹកនាំ​ជំទាស់​នៅ​ក្រៅ​ស្រុក​ប្រកាស​បង្កើត​រដ្ឋាភិបាល​ក្រៅ​ស្រុក​ដើម្បី​តតាំង​នឹង​រដ្ឋាភិបាល​ក្នុង​ស្រុក

By ឌឹ ខេមបូឌា ដេលី

October 30, 2024

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ប្រកាស​បង្កើត​រដ្ឋាភិបាល​តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ដោយ​ពិតប្រាកដ​មួយ ចេញពី​ចលនា​តស៊ូ​នៅ​ក្រៅ​ស្រុក ដើម្បី​ដណ្តើម​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន យក​មក​ប្រគល់​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ។

លោក សម រង្ស៊ី សរសេរ​រលើ​ទំព័រ​ហ្វេសប៊ុក​ខ្លួន​នៅ​ថ្ងៃទី​២៩ តុលា នេះ​ថា ចលនា​ជាតិ​ខ្មែរ​តស៊ូ នឹង​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​មួយ​ពេញ​លក្ខណៈ​នៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន ដើម្បី​ឈរ​ជា​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ប្រជារាស្ត្រ​ខ្មែរ​ស្រឡាញ់​ជាតិ សេរីភាព និង​យុត្តិធម៌ ដែល​កំពុង​រង​ការ​គាប​សង្កត់​ក្រោម​ការ​ដឹកនាំ​ក្នុង​របប​ត្រកូល​ហ៊ុន​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី លើកឡើង​ថា បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នៃ​ចលនា​ជាតិ​ខ្មែរ​តស៊ូ គឺ​ត្រូវតែ​ដណ្តើម​ប្រទេស​កម្ពុជា​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន យក​មក​ប្រគល់​សង​ជូន​ប្រជារាស្ត្រ​ខ្មែរ​វិញ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​តែ​មួយ​គត់ ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ពី​គ្រប់​ទិសទី​ដែល​ជា​អ្នក​ស្នេហា​ជាតិ ស្នេហា​ប្រជាធិបតេយ្យ ស្រឡាញ់​សេរីភាព និង​ការពារ​យុត្តិធម៌​សង្គម។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា តាមរយៈ​នៃ​ការ​បោះឆ្នោត​ក្លែងក្លាយ​ជា​បន្តបន្ទាប់​មក​នេះ លោក ហ៊ុន សែន បាន​ប្លន់​អំណាច​ពី​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​អាណត្តិ និង​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ថែម​ទៀត។

លោក សម រង្ស៊ី បន្ត​ថា ត្រកូល​ហ៊ុន និង​របប​ខុស​ច្បាប់​មួយ​នេះ គ្មាន​សិទ្ធិ​មក​ធ្វើ​ជា​តំណាង​ឱ្យ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ​ឡើយ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា អ្នក​ដែល​ចង់​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន ទាល់តែ​ពួកគេ​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន​សិន ព្រោះ​ថា​សូម្បី​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ក៏​គ្មាន​នរណា​ម្នាក់​ហ៊ាន​ជីក​រំលើង​ឫសគល់​ត្រកូល​ហ៊ុន​ដែរ។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​ឱ្យ​អស់​នូវ​អង្គការ​ចាត់តាំង​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ដើម្បី​ទប់ស្កាត់​នូវ​ចរន្ត​ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក ហ៊ុន សែន ជា​មនុស្ស​ដែល​មាន​ប្រវត្តិ​ប្លន់​អំណាច​ពី​អ្នក​ដទៃ​ដើម្បី​ផល​ប្រយោជន៍​ខ្លួនឯង និង​ក្រុម​គ្រួសារ​របស់​គាត់​រហូត​មក។

លោក ប៉ា ងួនទៀង រំលឹក​ថា ដើម្បី​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ លោក ហ៊ុន សែន ហ៊ាន​បង្ក្រាប​ចលនា​ប្រឆាំង​នឹង​អំណាច​គ្រួសារ​របស់​គាត់​គ្រប់​បែប​យ៉ាង មិន​ថា​ក្រុម​ប្រឆាំង ឬ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​សម្បុក​តែ​មួយ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា កន្លង​មក មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដូចជា លោក ប៉ែន សុវណ្ណ លោក ចាន់ ស៊ី និង​លោក ជា ស៊ីម ជាដើម សុទ្ធសឹងតែ​ត្រូវ​លោក ហ៊ុន សែន ប្លន់​អំណាច​ដើម្បី​ឱ្យ​គ្រួសារ​របស់​គាត់​អាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ដោយ​ផ្ដាច់មុខ​រហូត​ដល់​ពេលនេះ៕

© 2024, . All rights reserved.