រូបភាព​ដោយ​ផ្កាយរណប​ពី​ក្រុមហ៊ុន Planet Labs បង្ហាញ​ថា​ប្រទេស​វៀតណាម ស្ថាបនា​ជិត​រួចរាល់​ហើយ​នូវ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ឡើង​ចុះចត​នៅ​តំបន់​កោះ​មួយ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ (រូបថត​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៤)

ព័ត៌មានអន្តរជាតិ

យៀកណាម​សង់​ផ្លូវ​យន្តហោះ​ឡើង​ចុះ​ចត​លើ​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាងត្បូង

By ឌឹ ខេមបូឌា ដេលី

October 30, 2024

ប្រទេស​ដែល​ប្រឈមមុខ​នឹង​ជម្លោះ​ដែនទឹក​ជាមួយ​ចិន នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង កំពុង​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​ដោយ​ពង្រីក​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​ក្នុង​តំបន់​ដែនទឹក​មាន​ជម្លោះ។

កាលពី​ថ្ងៃទី​២៩ តុលា សារព័ត៌មាន​មួយ​ឈ្មោះ​ថា Benar News ដែល​បាន​ស្រង់​ប្រភព​ព័ត៌មាន RFA ជា​ភាសា​អង់គ្លេស បាន​ឱ្យ​ដឹង​ថា បើ​យោង​តាម​ការ​បង្ហាញ​រូបភាព​ដោយ​ផ្កាយរណប​ពី​ក្រុមហ៊ុន Planet Labs ប្រទេស​វៀតណាម ស្ថាបនា​ជិត​រួចរាល់​ហើយ​នូវ​ផ្លូវ​សម្រាប់​យន្តហោះ​ចម្បាំង​ឡើង​ចុះចត​នៅ​តំបន់​កោះ​មួយ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី ក្នុង​សមុទ្រ​ចិន​ខាងត្បូង។

ប្រជុំ​កោះ Barque Canada ដែល​វៀតណាម ហៅថា​កោះ Bai Thuyen Chai វា​ជា​ប្រជុំ​កោះ​មួយ​ក្នុង​ចង្កោម​កោះ​ធំ​ស្ព្រាតលី ។ ប្រជុំ​កោះ​ថ្មី​មួយ​ដែល​ប្រទេស​វៀតណាម បាន​ស្ថាបនា​ជាច្រើន​ឆ្នាំ​មក​ហើយ​ពី​ការ​បូម​ខ្សាច់​ពង្រីក​កោះ​នោះ គេ​ហៅថា​កោះ​សិប្បនិម្មិត។

បើ​តាម​ប្រភព​ដដែល​នេះ ផ្លូវ​សម្រាប់​ចុះចត​របស់​យន្តហោះ​ចម្បាំង​វៀតណាម លើ​កោះ​ថ្មី​ទាំងនោះ វា​មាន​ចម្ងាយ ៣០០០​ម៉ែត្រ​នៃ​កោះ​នីមួយៗ ហើយ​កោះ​នោះ​មាន​ទំហំ ៤,៥​គីឡូម៉ែត្រ​ក្រឡា។ កោះ​សិប្បនិម្មិត​នោះ ប្រទេស​វៀតណាម ចាប់​ស្ថាបនា​តាំងពី​ឆ្នាំ​២០២១ មាន​ចំនួន ៣​កោះ។

នាយក​កម្មវិធី​តម្លាភាព​នៃ​តំបន់​សមុទ្រ​អាស៊ី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន Gregory Poling បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន RFA ថា កោះ​ថ្ម​ប៉ប្រះ​ទឹក Barque Canada ជា​ផ្នែក​នៃ​ប្រជុំ​កោះ​ស្ព្រាតលី ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម អះអាង​ថា​ជា​តំបន់​ខ្សែទឹក​របស់​ខ្លួន។

តាម​លោក Gregory Poling ប្រទេស​វៀតណាម មាន​ផែនការ​យូរ​ហើយ​ក្នុង​ការ​ស្ថាបនា​ផ្លូវ​សម្រាប់​យន្តហោះ​ចំបាំង​ឡើង​ចុះចត ឬ​យន្តហោះ​ស៊ីវិល ដើម្បី​ល្បាត​សមុទ្រ និង​ការ​ដឹកជញ្ជូន​តាម​យន្តហោះ​ពី​ការ​ដឹក​អ្វី​មួយ​ពី​ប្រទេស​វៀតណាម។

លោក Gregory Poling ថា​ប្រទេស​វៀតណាម ធ្វើការ​ស្ថាបនា​ផ្លូវ​សម្រាប់​ការ​ចុះចត​យន្តហោះ​ជា​ការ​ធ្វើ​តាម​ប្រទេស​ចិន ដែល​បាន​ស្ថាបនា​រួច​ហើយ​ផ្លូវ​ចុះចត​សម្រាប់​យន្តហោះ​ចម្បាំង​នៅ​លើ​កោះ​សិប្បនិម្មិត​នៅ​តំបន់​នៃ​កោះ​ស្ព្រាតលី និង​ប៉ារ៉ាហ្សែល។

តាម​ប្រភព​អ្នក​ស្រាវជ្រាវ ប្រទេស​ចិន បាន​ស្ថាបនា​កោះ​សិប្បនិម្មិត​បាន​ជាង ១០​កោះ ដែល​កោះ​ទាំងនោះ​វា​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​របស់​ចិន។

យ៉ាងណា មិន​មាន​មន្ត្រី​វៀតណាម​ណា​ម្នាក់​ចេញ​មុខ​បញ្ជាក់​ពី​ការ​បញ្ចេញ​រូបភាព​របស់​ក្រុមហ៊ុន​ផ្កាយរណប​របស់​ក្រុមហ៊ុន Planet Labs នោះ​ទេ ខណៈ RFA បាន​ស្នើសុំ​ការ​ឆ្លើយតប។ បើ​តាម RFA វៀតណាម​មាន​ផែនការ​ស្ថាបនា​ផ្លូវ​សម្រាប់​ការ​ចុះចត​យន្តហោះ និង​ស្ថាបនា​កោះ​សិប្បនិម្មិត​ច្រើន​ទៀត​នៅ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី និង​ប៉ារ៉ាហ្សែល នា​សមុទ្រ​ចិន​ខាងត្បូង ក្នុង​តំបន់​ដែនទឹក​ដែល​ក្រុង​ហាណូយ អះអាង​ថា​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ នា​ពេលនេះ វៀតណាម​ស្ថាបនា​បាន​កោះ​សិប្បនិម្មិត​នៅ​ក្នុង​ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក Barque Canada បាន​ចំនួន​៣។

Tom Shugart អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​សន្តិសុខ​ថ្មី​សហរដ្ឋ​អាមេរិក Center for New American Security ពន្យល់​ថា វៀតណាម​នៅតែ​ជា​ប្រទេស​មួយ​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​រយៈ​ចម្ងាយ​មធ្យម ដែល​វា​ងាយ​ជួយ​ដឹកជញ្ជូន​ភស្តុភារ​សម្រាប់​កងទ័ព​ករណី​មាន​សង្គ្រាម។

អ្នក​ជំនាញ​រូប​នេះ​បន្ថែម​ថា មូលដ្ឋាន​ទ័ព​ជើងទឹក​វៀតណាម មាន​នៅ​លើ​កោះ​ចំនួន ៣ នោះ​រួច​ទៅ​ហើយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិត​ដែនទឹក​វៀតណាម។ ប្រទេស​វៀតណាម បាន​កែលម្អ​កោះ​ទាំងនោះ​ឱ្យ​វា​កាន់តែ​មាន​វិសាលភាព​ធំ​ឡើង ដើម្បី​ពង្រីក​ទីតាំង​ឈរជើង​សម្រាប់​កងទ័ព។

រដ្ឋាភិបាល​វៀតណាម ជឿ​ថា ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក Barque Canada ដែល​វៀតណាម ហោះ​ថា Bai Thuyen Chai ជា​សម្បុក​ត្រី​ដែល​អ្នក​នេសាទ​វៀតណាម តែងតែ​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​តំបន់​នោះ។ តែ​ជារឿយៗ ក៏​ត្រូវ​បាន​ប៉ះទង្គិច​ជាមួយ​នាវា​ល្បាត​ប្រទេស​ចិន ដែល​បាន​បើក​បុក​ទូក​នេសាទ​វៀតណាម ឱ្យ​លិច​ទៀត​ផង។ ក្រុង​ប៉េកាំង ប្រកាស​ថា​ទូក​នេសាទ​វៀតណាម បាន​ចូល​មក​លួច​យក​ត្រី​នៅ​តំបន់​ទឹក​របស់​ចិន។

កាលពី​ពេល​ថ្មីៗ​នេះ ក៏​មាន​រឿងរ៉ាវ​នេះ​កើតឡើង​ម្ដង​ទៀត ទូក​នេសាទ​វៀតណាម​ជាច្រើន​គ្រឿង​បាន​បើក​រត់ ខណៈ​នាវា​ល្បាត​ចិន តាម​បណ្ដេញ និង​បើក​បុក។ ករណី​នេះ បាន​នាំ​ឱ្យ​ក្រុង​ហាណូយ ដាក់​ញត្តិ​ទៅ​ស្ថានទូត​ចិន ដោយ​ទាមទារ​ថា តំបន់​ប្រជុំ​កោះ​ថ្ម​ប៉ប្រះ​ទឹក Bai Thuyen Chai ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម ដែល​ប្រទេស​ចិន មិន​ត្រូវ​វាតទី​កាន់កាប់​ឡើយ។ តែ​សម្រាប់​ចិន បាន​ត្រឹមតែ​បន្ថយ​ប្រតិកម្ម​ពី​វៀតណាម ហើយ​នាវា​ចិន​ទាំងនោះ​ត្រឡប់​ទៅវិញ។

នៅ​ក្នុង​ឆ្នាំ​១៩៧៤ ចិន​និង​វៀតណាម ផ្ទុះ​សង្គ្រាម​សមុទ្រ​ជាមួយ​គ្នា​រយៈពេល​ខ្លី ដែល​នៅ​ពេល​នោះ ចិន​ជា​អ្នក​ឈ្នះ​សង្គ្រាម ដោយ​វាយ​ដេញ​ទ័ព​វៀតណាម និង​អ្នក​នេសាទ​វៀតណាម ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​តំបន់​ប្រទាញប្រទង់​គ្នា។ នៅ​ឆ្នាំ​១៩៧៨ វៀតណាម បញ្ជូន​ទ័ព​ជើងទឹក​មួយ​ក្រុម​ចូល​កាន់កាប់​ប្រជុំ​កោះ Barque Canada ម្ដង​ទៀត តែ​ក៏​បាន​ដក​ត្រឡប់​វិញ​ក្រោយពី​ចិន គំរាម​ជា​ខ្លាំង។

តាម​ការ​ស្រាវជ្រាវ វៀតណាម​ធ្លាប់​គ្រប់គ្រង​កោះ​នៅ​តំបន់​កោះ​ស្ព្រាតលី និង​ប៉ារ៉ាហ្សែល លើ ២៧​កោះ​ក្នុង​ចំណោម ២៥០​កោះ។ តែ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ចុងក្រោយ​នេះ កោះ​ទាំងនោះ​ធ្លាក់​ក្នុង​ដៃ​ប្រទេស​ចិន ស្ទើរតែ​ទាំងអស់។ កោះ​សិប្បនិម្មិត​ចំនួន​៣ ដែល​វៀតណាម ស្ថាបនា​ផ្លូវ​ឡើង​ចុះចត វា​ស្ថិត​ខាង​ក្នុង​ខ្សែទឹក​វៀតណាម នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រទេស​ក្នុង​សមាគម​អាស៊ាន​ដែល​កំពុង​មាន​ជម្លោះ​ខ្សែទឹក​សមុទ្រ​ជាមួយ​ចិន មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ។ ចំពោះ​ហ្វីលីពីន កំពុង​តែ​មាន​ភាព​តានតឹង​ជាមួយ​ចិន រហូត​បញ្ជូន​នាវា​ល្បាត នាវា​ចម្បាំង​ប្រឈមមុខ​ដាក់​គ្នា។

សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ទំហំ ៣​លាន ៥​សែន​គីឡូម៉ែត្រ​ការ៉េ ប្រទេស​ចិន អះអាង​ថា ខ្លួន​មាន​កម្មសិទ្ធិ​គ្រប់គ្រង​ដល់​ទៅ ៩០​ភាគរយ។ នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​នីមួយៗ​យកចិត្ត​ទុកដាក់​បំផុត​អំពី​បញ្ហា​ដែន​ទឹកដី​របស់​ខ្លួន ហៅថា​អធិបតេយ្យ​ជាតិ​របស់​គេ៕

© 2024, . All rights reserved.