អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក អ្នកស្រី Kamala Harris និង​លោក ដូណាល់ ត្រាំ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ព័ត៌មានអន្តរជាតិ

អ្នកស្រី ហារីស ព្រមាន​ពី​គ្រោះថ្នាក់​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក ដូណាល់ ត្រាំ

By ឌឹ ខេមបូឌា ដេលី

October 31, 2024

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស ថ្លែង​ទៅ​កាន់​ក្រុម​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​២៩ តុលា ដោយ​រំឭក​ថា បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុង​ស្វែងរក​អំណាច​គ្មាន​ដែន​កំណត់ ដែល​គ្រោះថ្នាក់​សម្រាប់​មហាអំណាច​សហរដ្ឋ​អាមេរិក។

អ្នកស្រី ហារីស បាន​ថ្លែង​ព្រមាន​ថា ការ​វិល​ចូល​សេតវិមាន​វិញ​របស់​លោក ដូណាល់ ត្រាំ នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ និង​ការ​ឯកភាព​ជាតិ​នៃ​ពលរដ្ឋ​អាមេរិកាំង​អាច​នឹង​គ្រោះថ្នាក់។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៣០ តុលា នេះ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​ប្រហែល​ជា ៧៥០០០​នាក់​ក្បែរ​សេតវិមាន អ្នកស្រី ហារីស រំលឹក​ព្រឹត្តិការណ៍​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២១ ថា ថ្ងៃ​នោះ​ហើយ​ដែល​លោក ត្រាំ បាន​ថ្លែង​សារ​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​មុន​នឹង​ពួកគេ​សម្រុក​ចូល​អុកឡុក​វាយ​កម្ទេច​ការិយាល័យ​ក្នុង​វិមាន​សភា​ជាតិ Capitol Hill។

អ្នកស្រី ហារីស បន្ត​ថា គេ​ដឹង​ច្បាស់​ថា លោក ដូណល់ ត្រាំ ជា​នរណា ដែល​ចេញ​សារ​ឱ្យ​បាតុករ​អុកឡុក​វិមាន​សភា​ជាតិ។ អ្នកស្រី ហារីស បន្ថែម​ថា អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ​បាន​បញ្ជូន​ក្រុម​មនុស្ស​ប្រដាប់​ដោយ​អាវុធ​ចូល​អុកឡុក​វិមាន Capitol ដើម្បី​កែប្រែ​លទ្ធផល​បរាជ័យ​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។

អ្នកស្រី​ក៏​បាន​ព្រមាន​ដែរ​ថា លោក ត្រាំ ជា​មនុស្ស​គ្មាន​ស្ថិរភាព ឱបក្រសោប​នូវ​គំនុំ​គុំកួន ហើយ​ចង់​បាន​អំណាច​គ្មាន​ដែន​កំណត់។ អ្នកស្រី ហារីស ក៏​ធ្លាប់​ហៅ​លោក ត្រាំ ជា​មនុស្ស​ដែល​មាន​ចរិត​ដូច​នឹង​ជន​ផ្ដាច់ការ​អាល្លឺម៉ង់ អាឌុល អ៊ីត្លែរ ដែល​ជា​អ្នក​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​លោក​លើក​ទី​២។

អ្នកស្រី​ថា បើ​លោក ត្រាំ ឈ្នះ​ឆ្នោត ជន​ផ្ដាច់ការ​ជាច្រើន​ដូចជា​លោក វ៉្លាឌីមៀ ពូទីន នឹង​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​របស់​លោក។ អ្នកស្រី​អះអាង​ថា បើ​អ្នកស្រី​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គឺ​អ្នកស្រី​នឹង​មិន​ជួប​ទេ​មេដឹកនាំ​ណា​ដែល​ផ្ដាច់ការ។

មិន​ថា​ឡើយ​តែ​អ្នកស្រី ហារីស និង​បក្ស​ប្រជាធិបតេយ្យ​ដែល​បារម្ភ​ខ្លាច​លោក ត្រាំ ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្លា​ក់ចុះ​ឥទ្ធិពល​នៅ​លើ​ពិភពលោក គេ​សង្កេត​ឃើញ​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​ក៏​បារម្ភ​ដូចនេះ​ដែរ ជាពិសេស​ពួកគេ​បារម្ភ​ពី​ការ​ផ្ដល់​ជំនួយ​យោធា​ទៅ​ប្រទេស​អ៊ុយក្រែន ធ្លាក់​ចុះ ឬ​ក៏​មាន​ការ​ផ្ដាច់​ជំនួយ​តែម្ដង។

ចំពោះ​សម្ព័ន្ធ​យោធា​ណាតូ​វិញ មេដឹកនាំ​បស្ចិម​ប្រទេស​ខ្លះ​ថា​លោក ត្រាំ នឹង​ធ្វើ​ឱ្យ​ណាតូ​ចុះ​ខ្សោយ​នៅ​ចំពោះ​មុខ​ឥទ្ធិពល​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន។

លោក ត្រាំ បាន​ព្រមាន​ថា បើ​អ៊ុយក្រែន មិន​ចូល​ខ្លួន​ចរចា​ទេ លោក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​ទាំងស្រុង​ទៅ​ឱ្យ​ក្រុង​គៀវ។

ការ​បោះឆ្នោត​កាន់តែ​កៀក​ចូល​មក​ដល់ សន្ទុះ​គាំទ្រ​លោក ត្រាំ កំពុង​នាំមុខ​អ្នកស្រី ហារីស តែ​នៅ​ថ្ងៃទី​៣០ តុលា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC ធ្វើ​សម្រង់​សេចក្ដី​ពី​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ជា​ថ្មី​ទៀត​ថា សន្ទុះ​គាំទ្រ​អ្នកស្រី ហារីស មាន​សន្ទុះ​នាំមុខ​តិចតួច​ប៉ុណ្ណោះ​លើ​លោក ត្រាំ គឺ ៤៨​ភាគរយ​ទល់​នឹង ៤៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ក្រោយ​ថ្ងៃ​ឡើង Presidential Debate កាលពី​ថ្ងៃទី​១០ កញ្ញា ដែល​អ្នកស្រី ហារីស មាន​ការ​គាំទ្រ​ជាង​លោក ត្រាំ ពី ២ ទៅ ៥​ភាគរយ។

នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក អង្គភាព​តំណាង​ម្ចាស់​ឆ្នោត​ហៅថា electors មាន​សមាជិក​ចំនួន ៥៣៨​រូប ដែល​តំណាង​ឱ្យ​រដ្ឋ​ទាំង ៥០​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ។ ការ​ជាប់​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី គឺ​បេក្ខជន​ប្រធានាធិបតី​ម្នាក់​ត្រូវតែ​ប្រមូល​ឱ្យ​បាន​នូវ​សំឡេង​គាំទ្រ​ចាប់ពី ២៧០ ពី​អង្គភាព​តំណាង​ម្ចាស់​ឆ្នោត​សរុប​ទាំង ៥៣៨​រូប។ នៅ​ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ ក្នុង​សហរដ្ឋ​អាមេរិក មាន​រដ្ឋ​មួយ​ចំនួន​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាធិបតេយ្យ​ជា​រហូត និង​មួយ​ចំនួន​ទៀត​បោះឆ្នោត​ឱ្យ​គណបក្ស​សាធារណរដ្ឋ​ជា​រហូត ដោយ​តាម​ទម្លាប់​របស់​ពួកគេ។

តែ​បើ​យោង​តាម​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ដែល​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ តុលា នេះ ឃើញ​ថា អ្នកស្រី ហារីស មាន​ប្រៀប​ជាង​លោក ត្រាំ ជាពិសេស​ពី​ចំណោម​ម្ចាស់​ឆ្នោត​ជា​ស្ត្រី​ភេទ​រស់នៅ​ជិតៗ​ទីក្រុង ដែល​ខ្វល់ខ្វាយ​អំពី​សិទ្ធិ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ជា​ស្ត្រី និង​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ៕

© 2024, . All rights reserved.