រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ព្រមានថា អាមេរិក និងរុស្ស៊ី ខិតកាន់តែជិតធ្លាក់ដល់ជម្លោះយោធាដោយផ្ទាល់ហើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ វិច្ឆិកា នេះ។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Hurriyet Daily News នៃប្រទេសតួកគី កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ លោក Lavrov និយាយថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន (Joe Biden) បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើងនៃការស្អប់រុស្ស៊ី នៅក្នុងចំណោមប្រជាជនអាមេរិក ដែលស្ថានភាពនេះជាការចាត់ទុករុស្ស៊ី និងអាមេរិកជិតឈានដល់ជម្លោះយោធាដោយផ្ទាល់ហើយ។
យ៉ាងណា រដ្ឋការរបស់លោក ចូ បៃដិន និងអ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) គឺជាខ្នងបង្អែកដ៏ខ្លាំងដែលជួយប្រទេសអ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី រហូតរដ្ឋាភិបាល និងកងទ័ពអ៊ុយក្រែន មានភាពខ្លាំងក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ជាមួយនឹងការប្រើអាវុធរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យក្រុងមូស្គូ មិនសប្បាយចិត្តឡើយ។
ប៉ុន្តែមិនមានតែសហរដ្ឋអាមេរិកទេដែលជួយបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន មានប្រទេសសមាជិកណាតូ ៣២ប្រទេស ក្រុមសហភាពអឺរ៉ុប ២៧ប្រទេស និងប្រទេសក្រៅណាតូ ២០ប្រទេសទៀត សុទ្ធតែជាសម្ព័ន្ធភាពនឹងអ៊ុយក្រែន។
សម្រាប់សហរដ្ឋអាមេរិកតែមួយគត់ គឺជាប្រភពផ្ដល់ជំនួយទាំងជំនួយយោធា និងជំនួយមិនមែនយោធាច្រើនលើសជាងគេទាំងអស់។
សម្រាប់ក្រុងមូស្គូ ក្រោមការដឹកនាំរបស់លោក វ៉្លាឌីមៀ ពូទីន ពិតជាមិនចង់ឱ្យអ្នកស្រី Kamala Harris នៅបន្តអាណត្តិរបស់លោក បៃដិន ទៀតនោះទេ។ អ្វីដែលរុស្ស៊ី ចង់បានគឺជ័យជម្នះរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលលោក ត្រាំ សន្យាថានឹងធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែន ចប់ភ្លាម បើលោកឈ្នះអ្នកស្រី Harris។
តែលោក ត្រាំ ព្រមានអ៊ុយក្រែន ថា បើមិនធ្វើតាមលោកទេ គឺសហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្ដល់ជំនួយអាវុធ និងជំនួយផ្សេងទៀត ខណៈលោកព្រមានរុស្ស៊ី មិនធ្ងន់ធ្ងរពេកនោះទេ។
ទាំងលោក ពូទីន និងលោក Lavrov បានចោទលោក បៃដិន ថាសង្គ្រាមនៅអ៊ុយក្រែន ក៏អាចមកពីលោក បៃដិន ផងដែរ ព្រោះតែរុញអ៊ុយក្រែន ឱ្យនៅជាមួយណាតូ។
នៅពេលសួរអំពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងចូលមកដល់នេះ ហើយមានបេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) ប្រជែងនឹងបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យ អ្នកស្រី កាម៉ាឡា ហារីស (Kamala Harris) លោក Lavorv បាននិយាយថា លទ្ធផលនៃការបោះឆ្នោតទោះជាបេក្ខជនណាឈ្នះក៏ដោយ គឺគ្មានអ្វីប្លែកខ្លាំងសម្រាប់រុស្ស៊ី ទេ។
ប្រមុខការទូតជើងចាស់រុស្ស៊ី រូបនេះបញ្ជាក់ថា មិនថានរណាឈ្នះការបោះឆ្នោតនេះទេ ព្រោះថាការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ី អាចនឹងមិនផ្លាស់ប្ដូរឡើយ។
សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលគេយល់ឃើញថាបេក្ខជនបន្ទាប់ពីលោក បៃដិន ជាអ្នកកំណត់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការកំណត់លើជោគវាសនាអនាគតនៃប្រទេសអ៊ុយក្រែន ទៀតផង។
ជាមួយនឹងការគំរាមប្រជាជនអាមេរិកឱ្យជួយទប់រដ្ឋការថ្មីសហរដ្ឋអាមេរិកក្រោយការបោះឆ្នោតថ្ងៃទី៥ វិច្ឆិកា កាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងអ្នកស្រី Choe Son Hui សមភាគីកូរ៉េខាងជើង បានរួមគ្នាបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ សំដៅប្រឆាំងពួកលោកខាងលិចដែលសហរដ្ឋអាមេរិកជាមេខ្លោងធំជាងគេ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង អ្នកស្រី Choe Son Hui និងលោក Sergei Lavrov បានជួបពិភាក្សាគ្នានៅទីក្រុងមូស្គូ ចំពោះមុខការកើនឡើងនៃក្តីបារម្ភក្នុងចំណោមក្រុមលោកខាងលិច ករណីការពាក់ព័ន្ធរបស់ទីក្រុងព្យុងយ៉ាង ក្នុងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ អ្នកស្រី Choe Son Hui សច្ចាថា ក្រុងព្យុងយ៉ាង ត្រូវជួយរុស្ស៊ី រហូតឈ្នះសង្គ្រាមនៅអ៊ុយក្រែន។
ការថ្លែងសច្ចារបស់ប្រមុខការទូតកូរ៉េខាងជើង ចំពេលសហរដ្ឋអាមេរិក និងអង្គការយោធាណាតូ ព្រមានកូរ៉េខាងជើង និងរុស្ស៊ី ចំពោះវត្តមានទ័ពកូរ៉េខាងជើងជាង ១ម៉ឺននាក់កំពុងបញ្ជូនចូលជួយច្បាំងកងទ័ពរុស្ស៊ី ថាជាការបញ្ឆេះសង្គ្រាមនៅអ៊ុយក្រែន កាន់តែរោលរាលធ្ងន់ធ្ងរថែមទៀត ដែលសហរដ្ឋអាមេរិក រួមនឹងសម្ព័ន្ធមិត្ត នឹងត្រូវចាត់វិធានការទៅលើក្រុងព្យុងយ៉ាង។
ជុំវិញវត្តមានទ័ពកូរ៉េខាងជើង កំពុងជួយច្បាំងកងទ័ពរុស្ស៊ី អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។
លោក Guterres បានប្រាប់ទៅលោក Stephane Dujarric អ្នកនាំពាក្យរបស់លោកថា ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ជួយច្បាំងនឹងទ័ពរុស្ស៊ី នឹងធ្វើឱ្យសង្គ្រាមអ៊ុយក្រែន ធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែគ្រោះថ្នាក់ ដែលជាក្ដីបារម្ភថាប្រទេសផ្សេងក៏អាចធ្វើដូចកូរ៉េខាងជើង បញ្ជូនទ័ពជួយច្បាំងទ័ពរុស្ស៊ី ហើយពួកគេក៏អាចបញ្ជូនទ័ពជួយច្បាំងនឹងទ័ពអ៊ុយក្រែន ផងដែរ៕
© 2024, . All rights reserved.