ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដោយអះអាងថាបានបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមក្នុងការរស់នៅ គោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែររហូតមក និងរាប់ជំនាន់ទៅមុខទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌមនុស្សជាតិ។
អ្នកស្រី ប៊ុន រ៉ានី បានលើកឡើងក្នុងពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ដោយវាយតម្លៃខ្ពស់ចំពោះពលរដ្ឋខ្មែរក្រោមដែលបានបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់កន្លងមក។
អ្នកស្រីបញ្ជាក់ថា អង្គកឋិនទាននេះគឺជាអង្គកឋិនទានជាប្រវត្តិសាស្ត្រមួយដែលប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាពក្នុងចំណោមមហាពុទ្ធបរិស័ទខ្មែរក្រោមដំបូលនៃសុខសន្តិភាព ព្រោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរនៅព្រះរាជាណាចក្រកម្ពុជា តែងតែនឹករឭកគ្នា និងតែងស្កាត់ជួបជុំគ្នានៅក្នុងឱកាសពិធីបុណ្យទាន ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ និងបុណ្យកឋិនទានក្នុងពេលនេះ ជាដើម។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការលើកឡើងរបស់អ្នកស្រី ប៊ុន រ៉ានី មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងអំពីការរស់នៅរបស់ពលរដ្ឋខ្មែរក្រោមនោះទេ ហើយថែមទាំងផ្ទុយពីការពិតថែមទៀត។
លោកថា រដ្ឋាភិបាលវៀតណាមមិនដែលបង្កភាពងាយស្រួលដល់ពលរដ្ឋខ្មែរក្រោមក្នុងការរស់នៅ គោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់ខ្មែរម្តងណាឡើយ។ លោក អ៊ុំ សំអាន លើកឡើងថា ដើម្បីបង្ហាញពីមនសិការជាតិស្រឡាញ់ទឹកដី និងប្រជាជន ជាពិសេសពលរដ្ឋខ្មែរក្រោម រដ្ឋាភិបាលដែលកំពុងគ្រប់គ្រងដោយត្រកូលហ៊ុន ត្រូវតែចេញលិខិតជាផ្លូវការទៅមេដឹកនាំវៀតណាម ឱ្យដោះលែងសកម្មជនខ្មែរក្រោមដែលកំពុងជាប់គុកទាំងជាង ១០នាក់នាពេលនេះ។
លោកបន្តថា ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត ក៏ត្រូវផ្តាំផ្ញើឱ្យមេដឹកនាំវៀតណាម ឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម និងប្រពៃណីសាសនា ព្រមទាំងឈប់ធ្វើទុក្ខបុកម្នេញចំពោះសកម្មជនខ្មែរក្រោមដូចមេដឹកនាំវៀតណាម ដែលតែងតែផ្តាំផ្ញើឱ្យមេដឹកនាំខ្មែរមើលការខុសត្រូវ និងផ្តល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជាដូច្នោះដែរ។
អង្គកឋិនទានដែលរៀបចំដោយគ្រួសារត្រកូលហ៊ុននៅពេលនេះ គេមិនឃើញវត្តមានរបស់លោក ហ៊ុន សែន ទៅចូលរួមក្នុងពិធីដ៏កម្រនេះឡើយ គឺមានតែវត្តមានអ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ វិច្ឆិកា នេះថា គេគួរតែនិពន្ធ និងច្រៀងបទ «លោក ហ៊ុន សែន កញ្ជះវៀតណាម និងខ្លាចវៀតណាម» ដើម្បីបង្ហោះលើទំព័រហ្វេសប៊ុកគាត់ ព្រោះពេលពិធីដង្ហែអង្គកឋិនទានទៅទឹកដីដូនតាខ្មែរកម្ពុជាក្រោម គ្មានវត្តមានលោក ហ៊ុន សែន នោះទេ។
យោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកាលពីថ្ងៃទី០៣ និងទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានបច្ច័យសរុបចំនួនជាង ៦០ប៊ីលានដុង (២,៣លានដុល្លារ) ក្នុងនោះ ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែក៏បានចូលបច្ច័យចំនួន ២ម៉ឺនដុល្លារផងដែរ៕
© 2024, . All rights reserved.