ក្រុមមេធាវីរបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ពីជនរងគ្រោះ ពាក់ព័ន្ធនឹងករណីលោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា ស្របពេលដែលសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមមេធាវីរបស់លោក ហ៊ុន សែន បានទទួលពាក្យបណ្ដឹងជាបន្តបន្ទាប់ពីសំណាក់ជនរងគ្រោះដែលពាក់ព័ន្ធនឹងករណីលោក លី សាម៉េត។ លោកអះអាងថា លោកមិនអាចបង្ហាញចំនួនជនរងគ្រោះ និងចំនួនទឹកប្រាក់ដែលជនរងគ្រោះខាតបង់បាននៅឡើយទេ ដោយសារសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។
លោក លី សាម៉េត បានចេញវីដេអូសារភាពទោសកំហុសជិត ៦នាទី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថា លោកពិតជាបានសាងកំហុស និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោក ហ៊ុន សែន ដែលជាម្ចាស់របស់លោកយ៉ាងធ្ងន់ធ្ងរ ហើយអំពើទុច្ចរិតទាំងនេះ លោក ហ៊ុន សែន មិនបានដឹងនោះទេ។
ក្រោយពីចេញវីដេអូសារភាព មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ វិច្ឆិកា ថា ទោះបីលោក លី សាម៉េត ចេញវីដេអូសូមទោសក៏ដោយ ក៏បុគ្គលរូបនេះមិនអាចរួចខ្លួនបាននោះទេ។
លោកបន្តថា ព្រោះជំនួយការរបស់លោកម្នាក់ឈ្មោះ ដួង តារា ក៏កំពុងត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោសដោយសារជាប់ពាក់ព័ន្ធនឹងអំពើឆបោកជាមួយលោក លី សាម៉េត ដែរ។
ក្រោយពេលលោក លី សាម៉េត ចេញខ្លួនសារភាព សមត្ថកិច្ចក៏បាននាំខ្លួនលោកពីខេត្តព្រះសីហនុ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា អះអាងថា សមត្ថកិច្ចបានបញ្ជូនលោក លី សាម៉េត ទៅតុលាការដើម្បីអនុវត្តច្បាប់បន្តនៅថ្ងៃទី៥ ខែវិច្ឆិកា នេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា អំពើឧក្រិដ្ឋកម្មបោកប្រាស់របស់ឧកញ៉ា លី សាម៉េត ត្រូវស៊ើបអង្កេតលើប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែម្តង៕
© 2024, . All rights reserved.