លោក ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ គឺជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បាន​វិល​ត្រឡប់​មក​កាន់​សេតវិមាន​ជា​ថ្មី​ក្រោយ​យក​ឈ្នះ​អ្នកស្រី កាម៉ាឡា ហារីស

By ឌឹ ខេមបូឌា ដេលី

November 07, 2024

នៅ​ទីបំផុត លោក ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​សាធារណរដ្ឋ គឺជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២៤ នេះ ដោយ​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​ច្រើន​ជាង​អ្នកស្រី កាម៉ាឡា ហារីស បេក្ខជន​ប្រធានាធិបតី​មកពី​បក្ស​ប្រជាធិបតេយ្យ ក្នុង​សំឡេង​អង្គ​បោះឆ្នោត ២៧៧ ដែល​បង្ហាញ​នូវ​ភាព​រឹងមាំ​ថា​លោក ត្រាំ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក ចំណែក​អ្នកស្រី ហារីស ទទួល​បាន ២២៤ នៃ​អង្គ​បោះឆ្នោត ដែល​មិន​អាច​រត់​តាម​ទាន់​ជ័យជម្នះ​របស់​លោក ត្រាំ ឡើយ។ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AP។

តាមរយៈ​លទ្ធផល​បោះឆ្នោត​នេះ លោក ដូណាល់ ត្រាំ ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៧ របស់​សហរដ្ឋ​អាមេរិក​ក្នុង​វ័យ ៧៨​ឆ្នាំ។ លោក ត្រាំ ធ្លាប់​ឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ តែ​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក ត្រាំ ចាញ់​លោក ចូ បៃដិន។ ក្នុង​អាណត្តិ​ទី​២ ជា​ប្រធានាធិបតី​ឡើងវិញ បេក្ខជន​អនុប្រធានាធិបតី​របស់​លោក គឺ​លោក James David Vance ក៏​នឹង​ក្លាយ​ជា​អនុប្រធានាធិបតី​របស់​លោក​ផង​ដែរ។

ក្រោយ​ការ​បោះឆ្នោត​នេះ​បញ្ចប់​ទៅ លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២៥ ដែល​លោក ត្រាំ នឹង​បាន​ចូល​កាន់​សេតវិមាន​រយៈពេល ៤​ឆ្នាំ។ ជាមួយ​គ្នា​នេះ បក្ស​សាធារណរដ្ឋ​ក៏​បាន​ឈ្នះ​ឆ្នោត​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា។ គណបក្ស​នេះ​ទទួល​បាន​អាសនៈ ៥១ ធៀប​នឹង​បក្ស​ប្រជាធិបតេយ្យ ដែល​ទទួល​បាន ៤៣​អាសនៈ។

ចំណែក​ការ​បោះឆ្នោត​សមាជិក​រដ្ឋសភា បក្ស​សាធារណរដ្ឋ ក៏​កំពុង​នាំមុខ​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។ បក្ស​ប្រជាធិបតេយ្យ ទទួល​បាន​អាសនៈ ១៨០ ខណៈ​បក្ស​សាធារណរដ្ឋ ទទួល​បាន ១៩៨។ យ៉ាងណា ទិន្នន័យ​នេះ​អាច​ប្រែប្រួល​បន្ត​ទៀត។

តាម​លទ្ធផល​ដំបូង​នេះ បើ​បក្ស​ប្រជាធិបតេយ្យ​មិន​អាច​រត់​ទៅ​ទាន់​សំឡេង​របស់​បក្ស​សាធារណរដ្ឋ​ក្នុង​សំឡេង ២១៨ គឺ​សភា​ជាន់​ទាប​ក៏​អាច​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​របស់​បក្ស​សាធារណរដ្ឋ​ដែរ។ មាន​ន័យ​ថា បក្ស​សាធារណរដ្ឋ អាច​នឹង​គ្រប់គ្រង​បាន​ទាំង​សំឡេង​សភា​ជាន់​ទាប និង​ព្រឹទ្ធសភា​ជា​សភា​ជាន់​ខ្ពស់។

ប្រសិនបើ​បក្ស​សាធារណរដ្ឋ គ្រប់គ្រង​សភា​ទាំង​ពីរ​ថ្នាក់ បក្ស​នយោបាយ​ដ៏​ធំ​មួយ​នេះ​នឹង​ងាយស្រួល​ក្នុង​ការ​ដាក់​ចេញ​គោលនយោបាយ និង​ច្បាប់​ផ្សេងៗ។

ដំណើរ​ទៅ​រក​ការ​ចូល​ទៅ​កាន់​សេតវិមាន​ជា​លើក​ទី​២ ក្រោយពី​ខកខាន​រយៈពេល ៤​ឆ្នាំ ដែល​លោក ត្រាំ ចាញ់​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២០ លោក ត្រាំ អះអាង​ថា​រូបលោក​នឹង​មិន​ចាប់ផ្តើម​សង្គ្រាម​ឡើយ។ លោក​សន្យា​ថា​នឹង​បិទ​បញ្ចប់​សង្គ្រាម​នានា​នៅ​លើ​ពិភពលោក។

លោក ត្រាំ បាន​លើកឡើង​ថា អំឡុង​អាណត្តិ​ទី​១ រយៈពេល ៤​ឆ្នាំ​ដំបូង​របស់​លោក គឺ​មិន​មាន​សង្គ្រាម​អ្វី​ឡើយ ហើយ​មិន​តែប៉ុណ្ណោះ ក្រុម​ភេរវករ​អន្តរជាតិ ISIS ត្រូវ​បាន​កម្ចាត់​ទៀត​ផង។

លោក ត្រាំ បាន​បន្ត​ថា មនុស្ស​មួយ​ចំនួន​បាន​ចោទប្រកាន់​លោក​ថា ប្រសិនបើ​ជាប់​ឆ្នោត​ជា​ថ្មី លោក​នឹង​បង្ក​ឱ្យ​មាន​សង្គ្រាម ប៉ុន្តែ​ផ្ទុយទៅវិញ រូបលោក​នឹង​បិទ​បញ្ចប់​សង្គ្រាម។ លោក ត្រាំ ថ្លែង​ដូចនេះ​នៅ​ចំពោះ​មុខ​មហាជន​ដែល​គាំទ្រ​ជ័យជម្នះ​របស់​លោក។

ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ធ្វើឡើង​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​សង្គ្រាម​ធំៗ​៣ គឺ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន សង្គ្រាម​របស់​អ៊ីស្រាអែល ប្រឆាំង​ក្រុម​ហាម៉ាស-ប៉ាឡេស្ទីន និង​សង្គ្រាម​អ៊ីស្រាអែល វាយ​កម្ទេច​ក្រុម​ហេសបូឡា-លីបង់ នៅ​ឯ​តំបន់​មជ្ឈិមបូព៌ា។

ជាមួយ​នឹង​ជ័យជម្នះ​របស់​លោក ដូណាល់ ត្រាំ មេដឹកនាំ​ប្រទេស​មួយ​ចំនួន​បាន​បញ្ចេញ​សារ​អបអរ​សាទរ។

ប្រធានាធិបតី​បារាំង លោក Emmanuel Marcon បាន​និយាយ​ថា លោក​ត្រៀម​លក្ខណៈ​ជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​លោក ត្រាំ ខណៈ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​និយាយ​ថា ជ័យជម្នះ​របស់​លោក ត្រាំ គឺជា​ការ​វិល​ត្រឡប់​មក​វិញ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆាក​នយោបាយ ហើយ​ជា​ការ​វិលត្រឡប់​មក​វិញ​នូវ​សម្ព័ន្ធភាព​កាន់តែ​រឹងមាំ​រវាង​អ៊ីស្រាអែល និង​អាមេរិក។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Keir Starmer និង​ប្រមុខ​អង្គការ​យោធា NATO លោក Mark Rutte ជាដើម ក៏​បាន​ចូលរួម​សាទរ​លោក ត្រាំ ផង​ដែរ។

ដោយឡែក​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បារម្ភ​ចំពោះ​សហរដ្ឋ​អាមេរិក ក្រោម​រដ្ឋការ​លោក ដូណាល់ ត្រាំ អាច​បញ្ឈប់​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ុយក្រែន ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​សម្ដែង​ការ​ចូលរួម​អបអរ​សាទរ​លោក ដូណាល់ ត្រាំ ដែល​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ លោក ហ្សេឡេនស្គី បង្ហាញ​ក្តី​សង្ឃឹម​ថា អាណត្តិ​ប្រធានាធិបតី​របស់​លោក ត្រាំ នឹង​អាច​នាំ​យក​សន្តិភាព​ប្រកប​ដោយ​យុត្តិធម៌​ទៅ​ឱ្យ​ប្រជាជន​អ៊ុយក្រែន។

សារ​របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ត្រូវ​គេ​មើល​ឃើញ​លើ​បណ្ដាញ​សង្គម X បាន​រៀបរាប់​ថា លោក​ពេញចិត្ត​ចំពោះ​ការ​ប្ដេជ្ញា​របស់​លោក ត្រាំ នូវ​គោលជំហរ​នៃ​ការ​ប្រើប្រាស់​អំណាច​យោធា ដើម្បី​សម្រេច​បាន​សុខ​សន្តិភាព​នៅ​ក្នុង​កិច្ចការ​ពិភពលោក។ នេះ​គឺជា​គោលការណ៍​ដែល​អាច​នាំ​សន្តិភាព​ប្រកប​ដោយ​យុត្តិធម៌​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន។

លោក ដូណាល់ ត្រាំ តែងតែ​អះអាង​ថា លោក​អាច​នឹង​កាត់បន្ថយ ឬ​បញ្ឈប់​តែម្តង​នូវ​ការ​ផ្តល់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន ហើយ​ថា​ប្រសិនបើ​ជាប់​ឆ្នោត លោក​នឹង​បញ្ចប់​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​មុន​ថ្ងៃទី​២០ មករា ជា​ថ្ងៃ​លោក​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី។

រដ្ឋការ​លោក បៃដិន និង​អ្នកស្រី​អនុប្រធានាធិបតី កាម៉ាឡា ហារីស ជា​បេក្ខជន​ប្រធានាធិបតី​មក​បក្ស​ប្រជាធិបតេយ្យ គឺជា​កម្លាំង​បង្អែក​ដ៏​ធំ​បំផុត​ក្នុង​ការ​ជួយ​អ៊ុយក្រែន ធ្វើ​សង្គ្រាម​ទប់ទល់​ការ​វាយលុក​របស់​រុស្ស៊ី។ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន រាប់​សិប​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ជាង​ប្រទេស​សម្ព័ន្ធភាព​អ៊ុយក្រែន ជាច្រើន​ទៀត។

សារ​របស់​លោក ហ្សេឡេនស្គី ដែល​អបអរ​សាទរ​លោក ដូណាល់ ត្រាំ ត្រូវ​គេ​មើល​ឃើញ​ថា​ទំនង​កំពុង​បារម្ភ​ខ្លាច​រដ្ឋការ​លោក ត្រាំ កាត់បន្ថយ ឬ​បញ្ចប់​ការ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​អ៊ុយក្រែន ខណៈ​អ៊ុយក្រែន ត្រូវការ​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​អ៊ុយក្រែន មាន​តុល្យភាព​នៃ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​រុស្ស៊ី៕

© 2024, . All rights reserved.