រូប​ឯកសារ៖ លោក ហ៊ុន សែន និង​លោក ដូណាល់ ត្រាំ (Donald Trump) នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ទីក្រុង Manila ប្រទេស​ហ្វីលីពីន ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​លោក កឹម សុខា ដែល​ត្រូវ​បាន​កងកម្លាំង​ចូល​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក​កាលពី​យប់​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។

នយោបាយ

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​រំឭក​រឿង​មេ​បក្ស​ខ្លួន​ជាប់​ទោស ក្រោយពី​សហរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ថ្មី

By ឌឹ ខេមបូឌា ដេលី

November 08, 2024

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្រាយ​បំភ្លឺ​ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជាប់​ឆ្នោត​ថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ថា សហរដ្ឋ​អាមេរិក​ជា​មេ​គំនិត​ក្នុង​ការ​គប់គិត​ផ្តួល​រំលំ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា ពេល​លោក ដូណាល់ ត្រាំ នៅ​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ដំបូង​បាន​បដិសេធ​ថា សហរដ្ឋ​អាមេរិក​មិន​បាន​ស្វែងរក​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​ឡើយ។

លោក​ថា ទោះបីជា​លោក ត្រាំ បាន​បដិសេធ​ជា​ផ្លូវការ​បែប​នេះ​ហើយ​ក៏ដោយ ក៏​អយ្យការ​តំណាង​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ជា​ម្ចាស់​បណ្ដឹងអាជ្ញា​នោះ នៅតែ​បន្ត​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​មេ​គំនិត​ក្នុង​បទឧក្រិដ្ឋ​ក្បត់​ជាតិ​នេះ​ដដែល។

លោក មុត ចន្ថា ពន្យល់​ថា ក្នុង​សំណុំរឿង​ក្បត់​ជាតិ តំណាង​អយ្យការ​ក្នុង​នាម​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចោទ​លោក កឹម សុខា ថា​មាន​សហរដ្ឋ​អាមេរិក​ជា​មេ​គំនិត​នៅ​ពី​ក្រោយ​ខ្នង ដោយ​ជ្រក​ក្រោម​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​នោះ គឺ​មាន ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋ​អាមេរិក (USAID) ដែល​ជា​ភ្នាក់ងារ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ផង​ដែរ។ ជាង​នេះ​ទៀត វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ (NDI) ដែល​មាន​និន្នាការ​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ចោទប្រកាន់​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ថែម​ទៀត។ បន្ថែម​ពី​នេះ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ដែល​មាន​និន្នាការ​ជាមួយ​គណបក្ស​សាធារណរដ្ឋ ខាង​ប្រធានាធិបតី​ថ្មី លោក ដូណាល់ ត្រាំ ក៏​ជាប់​ក្នុង​ការ​ចោទប្រកាន់​ថា​ជា​មេ​គំនិត​ក្នុង​ការ​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក ហ៊ុន សែន នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០១៧ ដែរ។

លោក មុត ចន្ថា គូស​បញ្ជាក់​ថា សំណុំរឿង​នេះ បើ​គ្មាន​សេចក្តី​រាយការណ៍​ចោទប្រកាន់​ពី​នគរបាល​យុត្តិធម៌ និង​គ្មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ទេ ក៏​អយ្យការ​មិន​អាច​បង្កើត​សំណុំរឿង​ព្រហ្មទណ្ឌ​ដើម្បី​ចោទប្រកាន់​ដែរ ខណៈ​តុលាការ និង​ចៅក្រម​សព្វថ្ងៃ​នេះ​សម្រេច​ក្តី​តាម​តែ​បញ្ជា​ពី​អ្នក​កាន់​អំណាច​កំពូល​តែ​មួយ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​លិខិត​អបអរ​សាទរ​លោក ដូណាល់ ត្រាំ ដែល​ឈ្នះ​ឆ្នោត​ឡើង​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ថា ក្នុង​នាម​លោក​ជា​ប្រធាន​ព្រឹទ្ធសភា​នៅតែ​បន្ត​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ដូណាល់ ត្រាំ ដើម្បី​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​នៃ​ប្រទេស និង​ប្រជាជន​ទាំង​ពីរ។

នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ពី​បទ គប់គិត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។

ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​លោក ដូណាល់ ត្រាំ នៅ​ជា​ប្រធានាធិបតី​អាណត្តិ​ដំបូង លោក​ធ្លាប់​បាន​បញ្ជូន​លិខិត​មួយ​ច្បាប់ ចុះ​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទៅ​លោក ហ៊ុន សែន ដោយ​បាន​បដិសេធ​ថា សហរដ្ឋ​អាមេរិក​មិន​ស្វែងរក​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា​ឡើយ៕

© 2024, . All rights reserved.