អ្នកជំនាញនយោបាយការទូតអន្តរជាតិ សម្ដែងការព្រួយបារម្ភជុំវិញការធ្លាក់ចុះនូវការលើកស្ទួយប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិកសាជាថ្មី។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះថា បើពិនិត្យលើអត្តចរិត និងគោលនយោបាយការបរទេសពីលោក ដូណាល់ ត្រាំ ក៏ដូចជាគណបក្សសាធារណរដ្ឋ ជារួមបានបង្ហាញថា ការជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅបរទេស នឹងមិនស្ថិតក្នុងរបៀបវារៈស្នូលនៃរដ្ឋបាលលោក ដូណាល់ ត្រាំ ឡើយ។
លោក សេង វណ្ណលី លើកឡើងថា ក្នុងលក្ខខណ្ឌបែបនេះមិនមែនត្រឹមតែជះផលប៉ះពាល់ជាអវិជ្ជមានដល់លទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្អាក់ដល់ចលនាតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកដែរ ខណៈកំណើនរបបផ្ដាច់ការនិយមកាន់តែកើនឡើងជាបន្តបន្ទាប់នៅទូទាំងពិភពលោកសព្វថ្ងៃនេះ។
ជុំវិញបញ្ហានេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ វិច្ឆិកា នេះថា លោកមិនទាន់អាចធ្វើការសន្និដ្ឋានចំពោះការដឹកនាំរបស់ប្រធានាធិបតីអាមេរិកថ្មីភ្លាមៗបានទេ នៅពេលដែលលោក ដូណាល់ ត្រាំ ទើបនឹងជាប់ឆ្នោតមិនទាន់បានដឹកនាំផងនោះ។
ចំណែកឯប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លោកក៏បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៧ វិច្ឆិកា នេះដែរថា ទោះបីសារលិខិតរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលបានអបអរសាទរលោក ដូណាល់ ត្រាំ បានលើកឡើងពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្តី ក៏មិនមែនបានន័យថាប្រទេសកម្ពុជាវិលទៅរកការស្ដារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដូចបំណងពលរដ្ឋខ្មែរ និងរដ្ឋធម្មនុញ្ញនោះដែរ។
លោក ដូណាល់ ត្រាំ បានឡើងជាប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងកាលពីឆ្នាំ២០១៧ ក្នុងការជាប់ឆ្នោតឆ្នាំ២០១៦ ប៉ុន្តែក្រោយចាញ់ឆ្នោតលោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ លោក ដូណាល់ ត្រាំ ក៏ត្រូវចាកចេញពីសេតវិមានកាលពីដើមឆ្នាំ២០២១ ប៉ុន្តែលោកនឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅចុងខែមករា ឆ្នាំក្រោយនេះវិញ។
ក្នុងរយៈពេលកាន់តំណែងជាប្រធានាធិបតីលើកដំបូងរយៈពេល ៤ឆ្នាំ លោក ដូណាល់ ត្រាំ ក៏បានដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗក្នុងរាជរដ្ឋាភិបាលកម្ពុជាដែរ ដូចជា ការដាក់ទណ្ឌកម្មលើឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃកងអង្គរក្សសម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ជុំវិញការរំលោភសិទ្ធិមនុស្ស យោងតាមច្បាប់សិទ្ធិមនុស្ស Global Magnitsky ឆ្នាំ២០១៦។
បន្ទាប់មកទៀត នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានដាក់ទណ្ឌកម្មលើឧកញ៉ា ទ្រី ភាព និងទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឧត្ដមសេនីយ៍ គន់ គីម ដែលសុទ្ធសឹងតែជាមនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ជុំវិញការប្រើប្រាស់ឥទ្ធិពល និងបណ្ដាញរបស់ខ្លួនដើម្បីកេងប្រវ័ញ្ចពលរដ្ឋខ្មែរ ហើយផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនចិន ដែលទៅរកស៊ីនៅប្រទេសកម្ពុជាដែរ។
បន្ថែមលើនេះ ក្រុមហ៊ុនចំនួន ១៦ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកទាំងពីរនេះ ក៏ត្រូវរងទណ្ឌកម្មថែមទៀត ខណៈសមាជិកក្រុមគ្រួសារលោក គន់ គីម ចំនួនបីនាក់ គឺភរិយារបស់លោក អ្នកស្រី គីង ចាន់ឌី លោក គីម ផារ៉ា និងអ្នកស្រី គីម សុផារី ក៏មាននៅក្នុងបញ្ជីដាក់ទណ្ឌកម្មនេះដែរ។
បន្ថែមលើនេះ ក្រុមហ៊ុនចិន ឈ្មោះ Union Development Group Co. Ltd ហៅកាត់ថា UDG ដែលសាងសង់គម្រោងដ៏ធំមហិមាមួយនៅក្នុងដីឧទ្យានជាតិក្នុងខេត្តកោះកុង នៃប្រទេសកម្ពុជា ក៏ត្រូវរងនូវទណ្ឌកម្មក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែរកាលពីចុងឆ្នាំ២០២០ កន្លងទៅ៕
© 2024, . All rights reserved.