លោក មួង ឃីម (ឆ្វេង) អតីត​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ ចូល​និវត្តន៍ និង​ឧកញ៉ា អ៊ុត ធី ដែល​រកស៊ី​វាយ​ថ្ម និង​ធ្វើ​ផ្លូវ

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នាំ​ខ្លួន​អតីត​មន្ត្រី​នគរបាល​ផ្កាយ​៣ និង​ឧកញ៉ា​រកស៊ី​វាយ​ថ្ម​ទៅ​តុលាការ

By ឌឹ ខេមបូឌា ដេលី

November 12, 2024

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បញ្ជូន​ខ្លួន​លោក មួង ឃីម ជា​អតីត​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ ចូល​និវត្តន៍ និង​ឧកញ៉ា អ៊ុត ធី ដែល​រកស៊ី​វាយ​ថ្ម និង​ធ្វើ​ផ្លូវ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ក្រោយពី​បែកធ្លាយ​លិខិត​មួយ​ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក លី សាម៉េត ហៅ​គ្រូមា។

អ្នក​តាមដាន​ខ្លះ​និយាយ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើល​ទៅ​ដូច​ធ្វើការ​ស៊ើបអង្កេត និង​ចាប់​បញ្ជូន​មនុស្ស​ដោយ​រើស​មុខ រើស​បក្ខពួក ខណៈ​អង្គភាព​នេះ​ស្ងាត់​សកម្មភាព​ជ្រងំ​មួយ​រយៈ​យ៉ាង​យូរ ខណៈ​ដែល​មាន​រឿងអាស្រូវ​ពុករលួយ​ទាក់ទង​នឹង​រឿង​អាជីវកម្ម​ឧក្រិដ្ឋ​ខុស​ច្បាប់​ល្បី​ពេញ​ពិភពលោក​នោះ។

អ្នក​នាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក សយ ច័ន្ទវិចិត្រ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​លោក មួង ឃីម អតីត​មន្ត្រី​នគរបាល និង​លោក អ៊ុត ធី ជា​ឈ្មួញ​រកស៊ី​ថ្ម ទៅ​តុលាការ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា នេះ។

ពាក់ព័ន្ធ​នឹង​ករណី​ឃាត់​ខ្លួន និង​ការ​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​នេះ អ្នក​នាំពាក្យ ACU សុំ​មិន​ទាន់​បង្ហាញ​ព័ត៌មាន​លម្អិត​ឡើយ ដោយ​រង់ចាំ​តុលាការ​ពិនិត្យ​សំណុំរឿង​ជា​មុន​សិន។

ប្រភព​ដដែល​អះអាង​ថា ក្រុម​ជំនាញ​សម្រេច​ឃាត់​ខ្លួន​លោក មួង ឃីម និង​លោក​ឧកញ៉ា អ៊ុត ធី កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា។ រហូត​ដល់​ថ្ងៃទី​១០ ខែ​វិច្ឆិកា ACU បាន​រៀបចំ​សេចក្តី​រាយការណ៍​រួចរាល់ និង​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ទៅ​តុលាការ ប៉ុន្តែ​តុលាការ​សុំ​ឱ្យ​បញ្ជូន​នៅ​ព្រឹក​ថ្ងៃទី​១១ វិញ ព្រោះ​ស្ថានភាព​ពេលវេលា។

គេ​មិន​ទាន់​បាន​បញ្ជាក់​ពី​បទល្មើស​ដែល​នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ខ្លួន​បុគ្គល​ទាំង​ពីរ​នាក់​នេះ​ទេ តែ​ការ​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ក្រោយ​មាន​ការ​បែកធ្លាយ​លិខិត​មួយ​ដែល​បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក លី សាម៉េត ហៅ​គ្រូមា លោក ដួង តារា និង​លោក ឡាច សំរោង ក្នុង​អំពើ​ឆបោក។

លោក មួង ឃីម ជា​អតីត​មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ មាន​មុខនាទី​ជា​អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌ ហើយ​ពេលនេះ​លោក​ចូល​និវត្តន៍​ហើយ។ ឧកញ៉ា អ៊ុត ធី គេ​ស្គាល់​ថា​រកស៊ី​វាយ​ថ្ម និង​ធ្វើ​ផ្លូវ។

ជុំវិញ​ករណី​លោក លី សាម៉េត នេះ កាលពី​ថ្ងៃទី​៧ ខែ​តុលា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក លី សាម៉េត ក្រោម​ហេតុផល​ថា បុគ្គល​រូប​នេះ​ប្រព្រឹត្ត​អំពើ​ឆបោក​ដោយ​ប្រើ​ឈ្មោះ​របស់​លោក​ដែល​មាន​ទាំង​ការ​បោកប្រាស់​ស៊ីដាច់​លុយ​គេ​ផ្ញើ​ឱ្យ​លោក​ចំនួន ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក និង​លុយ ៣០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​រត់ការ​យក​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជាដើម​ថែម​ទៀត ប៉ុន្តែ​ត្រូវ​លោក លី សាម៉េត រត់​គេច​ខ្លួន។

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា ស្នើ​ឱ្យ​តុលាការ​ស៊ើបអង្កេត​រឿង​នេះ​ឱ្យ​ស៊ីជម្រៅ​ដើម្បី​នាំ​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស ដោយសារ​ករណី​ចាប់​ខ្លួន​លោក លី សាម៉េត នេះ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន។

លោក លី សាម៉េត ក៏​ធ្លាប់​និយាយ​ថា លោក​យក​លុយ​ដែល​បាន​មកពី​ការ​បោកប្រាស់​ប្រគល់​ឱ្យ​ទៅ​លោក ហ៊ុន សែន។

មាន​ចម្ងល់​ក្នុង​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​ថា តើ​នៅ​ស្រុក​ខ្មែរ​មាន​បុគ្គល​ប៉ុន្មាន​នាក់​ដែល​ថ្លើមធំ​ហ៊ាន​យក​ឈ្មោះ​មេដឹកនាំ​កំពូល​ផុត​លេខ ដូចជា​លោក ហ៊ុន សែន ទៅ​ដើរ​បោក​ពលរដ្ឋ​រាប់​ឆ្នាំ​នោះ?

អ្នក​ខ្លះ​និយាយ​ថា ទំនង​ជា​លោក ហ៊ុន សែន មាន​ប្រើ​បណ្ដាញ​មនុស្ស​រក​លុយ​ឲ្យ​គាត់​មែន ពីព្រោះ​លោក​ធ្លាប់​ពោល​ថា លោក​ក្រ មាន​ប្រាក់ខែ​តែ​ជាង ២​ពាន់​ដុល្លារ​ប៉ុណ្ណោះ​មួយ​ខែៗ ហើយ​រស់​បាន​ដោយ​មាន​កូនចៅ​របស់​លោក​ចិញ្ចឹម។

រឿង​ប្រើ​មនុស្ស​ធ្វើការ​ស្ងាត់ៗ តែ​ល្គឹកណា​បែក​ការណ៍​ហើយ គេ​ត្រូវតែ​កម្ចាត់​អ្នក​នោះ ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​បំបាត់​ការ​មន្ទិល​សង្ស័យ​ក្នុង​មជ្ឈដ្ឋាន​សាធារណៈ។

ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ធ្លាប់​លើកឡើង​ថា អំពើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​ដោយ​ឧកញ៉ា លី សាម៉េត ត្រូវ​ស៊ើបអង្កេត​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន។ លោក គឹម សុខ ថា​ហេតុផល​ដែល​ត្រូវ​ស៊ើបអង្កេត​លើ​បុគ្គល​ទាំងនេះ គឺ​ទី​១ តាម​រដ្ឋធម្មនុញ្ញ បុគ្គល​គ្រប់​រូប​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់។ ចំណែកឯ​ទី​២ យុត្តិធម៌​ក្នុង​រឿង​ឧក្រិដ្ឋកម្ម ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ហ្មត់ចត់ និង​តម្លាភាព​លើ​គ្រប់​ជនសង្ស័យ ហើយ​ទី​៣ គឺជា​វិធានការ​ដែល​ត្រូវ​អនុវត្ត​តាម​អត្ថន័យ «នីតិរដ្ឋ» ដែល​លោក ហ៊ុន សែន ថ្លែង​ស្ទើរ​គ្រប់​វេទិកា​រៀង​រហូត​មក​នោះ៕

© 2024, . All rights reserved.