ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបើកកិច្ចសន្ទនាតាមទូរសព្ទជាលើកដំបូងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះត្រូវបានប្រកាសថាជាអ្នកឈ្នះឆ្នោតជាម្ចាស់សេតវិមានឡើងវិញសម្រាប់រយៈពេល ៤ឆ្នាំទៅមុខ។
តាមសេចក្ដីរាយការណ៍ចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters កិច្ចសន្ទនាគ្នារវាងលោក ត្រាំ និងលោក ពូទីន បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តែទើបត្រូវបានមន្ត្រីស្និទ្ធនឹងលោក ត្រាំ បានបញ្ចេញព័ត៌មាននៅថ្ងៃទី១១ វិច្ឆិកា។
នាយកកិច្ចការទំនាក់ទំនងខាងលោក ត្រាំ គឺលោក Steven Cheung ដែលបានបង្ហើបពីជំនួបរវាងលោក ត្រាំ និងលោក ពូទីន បាននិយាយថា មេដឹកនាំទាំងពីរពិតជាបានសន្ទនាគ្នាមែន តែលោក Steven Cheung ចាត់ទុកថាជារឿងឯកជនរបស់មេដឹកនាំទាំងពីរនេះ។
ការលើកឡើងបែបនេះពីលោក Steven Cheung ធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន ដែលត្រូវបានកាសែត Washington Post ចេញផ្សាយមុនគេ។
កាសែត Washington Post បានស្រង់ប្រភពមួយទៀតដែលអះអាងថា កិច្ចសន្ទនាគ្នាអំពីសង្គ្រាមបង្កដោយលោក ពូទីន នៅប្រទេសអ៊ុយក្រែន លោក ត្រាំ បានព្រមានទៅលោក ពូទីន ថាកុំបន្តពង្រីកសមរភូមិដែលនាំឱ្យសហរដ្ឋអាមេរិកបន្តបន្ថែមទ័ពនៅអឺរ៉ុប ដែលទ័ពអាមេរិកមានវត្តមានពាសពេញអឺរ៉ុបហើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ុយក្រែន ក៏ត្រូវបានមន្ត្រីលោក ត្រាំ ជូនដំណឹងផងដែរអំពីលោក ពូទីន និងលោក ត្រាំ សន្ទនាគ្នា។
តាមប្រភពព័ត៌មាន The Telegraph កិច្ចសន្ទនាគ្នារវាងលោក ត្រាំ និងលោក ពូទីន បានជជែកគ្នាច្រើនអំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ជាមួយគ្នានេះ ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីប្រកាសពីជំហរទីក្រុងមូស្គូ ក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្រោមរដ្ឋការលោក ដូណាល់ ត្រាំ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍រុស្ស៊ី និងផ្ដោតលើការសម្រេចផែនការនៃប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ក្នុងជំនួបតាមទូរសព្ទជាមួយលោក វូឡូឌីមៀ ហ្សេឡេនស្គី មុនជួបលោក ពូទីន លោក ហ្សេឡេនស្គី បានបង្ហើបឲ្យដឹងក្រោយមកថា លោក ត្រាំ ចង់ពន្លឿនការបញ្ចប់សង្គ្រាម។
តាមឯកសារសន្តិភាពរបស់លោក ត្រាំ ដែលត្រូវមន្ត្រីលោក ត្រាំ ទម្លាយជាសាធារណៈ លោក ត្រាំ ចង់ឱ្យមានការអនុវត្តបទឈប់បាញ់ភ្លាមៗនៅគ្រប់សមរភូមិទាំងអស់ ក្រោយពីភាគីច្បាំងគ្នាយល់ព្រមចុះហត្ថលេខាឱ្យមានកិច្ចព្រមព្រៀងលើលក្ខខណ្ឌដូចនេះ។
ក្នុងឯកសារបែកធ្លាយនេះ លោក Bryan Lanza ជាទីប្រឹក្សាម្នាក់ឲ្យលោក ត្រាំ ដែលបានផ្តល់សម្ភាសជាមួយទូរទស្សន៍ BBC បានបញ្ជាក់ថា កិច្ចការជាអាទិភាព គឺរំលត់ភ្លើងសង្គ្រាម និងបញ្ឈប់ការកាប់សម្លាប់បង្ហូរឈាមតទៅទៀត។
ដំណាលពេលគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation នៃទូរទស្សន៍ CBS ថ្លែងថា ប្រធានាធិបតី ចូ បៃដិន ក៏មានផែនការបញ្ចុះបញ្ចូលឱ្យលោក ត្រាំ កុំបោះបង់ចោលទីក្រុងគៀវ ហើយថាគោលដៅចម្បងរបស់រដ្ឋការលោក បៃដិន គឺក្នុងរយៈពេលប៉ុន្មានខែនៅសេសសល់ ត្រូវធ្វើយ៉ាងណាឱ្យអ៊ុយក្រែន ស្ថិតនៅទីតាំងមួយដ៏រឹងមាំនៅលើសមរភូមិ ដើម្បីអាចមានជំហររឹងមាំនៅឯតុចរចាជាមួយរុស្ស៊ី។
លោក Sullivan បញ្ជាក់ថា សេតវិមាននឹងប្រើប្រាស់ហិរញ្ញវត្ថុនៅសេសសល់ជាង ៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន នៅមុនពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅខែមករា ឆ្នាំក្រោយនេះ។
លោក ចូ បៃដិន បានដឹកនាំប្រទេសលោកខាងលិចក្នុងការផ្ដល់ការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីរុស្ស៊ី។ លោក បៃដិន បានធ្វើដំណើរទៅជួបមេដឹកនាំដ៏មានឥទ្ធិពលដូចជា ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស និងអធិការបតីអាល្លឺម៉ង់ មួយសប្ដាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែទីបំផុត ជ័យជម្នះបានទៅលើលោក ដូណាល់ ត្រាំ៕
© 2024, . All rights reserved.