អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ (ឆ្វេង) និង​លោក លី សាម៉េត

ព័ត៌មានជាតិ

ACU បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម​ទៅ​តុលាការ​ក្នុង​សំណុំរឿង​សូកប៉ាន់​តាមរយៈ​លោក លី សាម៉េត

By ឌឹ ខេមបូឌា ដេលី

November 13, 2024

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។

អ្នក​នាំពាក្យ​របស់ ACU លោក សយ ច័ន្ទវិចិត្រ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​ជំនាញ ACU បាន​ឃាត់​ខ្លួន​លោក កន សុខកាយ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា។ លោក​ថា ការ​ឃាត់​ខ្លួន​លោក កន សុខកាយ ដោយសារ​សង្ស័យ​ថា​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ប៉ុនប៉ង​សូកប៉ាន់​ដើម្បី​បាន​តំណែង។

អ្នក​នាំពាក្យ​របស់ ACU រូប​នេះ​បន្ថែម​ថា ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក លី សាម៉េត ACU បាន​ឃាត់​ខ្លួន​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់ រួម​មាន​លោក មួង ឃីម លោក ដួង តារា លោក លី សាម៉េត លោក អ៊ុត ធី និង​លោក ឡាយ វិសិដ្ឋ ជាដើម។

លោក មួង ឃីម ជា​អតីត​មន្ត្រី​នគរបាល ហើយ​លោក អ៊ុត ធី ជា​ឈ្មួញ​រកស៊ី​ថ្ម ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ដើម្បី​សាកសួរ មុន​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​នា​ព្រឹក​ថ្ងៃទី​១១ ខែ​វិច្ឆិកា។ លោក ដួង តារា អស់​តំណែង​ជា​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រោយ​ពេល​លោក​ត្រូវ​បាន​ឃាត់​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែ​តុលា ពី​បទ «ឆបោក»។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កន្លង​មក​ថា ក្រុម​មេធាវី​របស់​លោក ហ៊ុន សែន បាន​ទទួល​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់​ពី​សំណាក់​ជនរងគ្រោះ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​លោក លី សាម៉េត។ លោក​អះអាង​ថា លោក​មិន​អាច​បង្ហាញ​ចំនួន​ជនរងគ្រោះ និង​ចំនួន​ទឹកប្រាក់​ដែល​ជនរងគ្រោះ​ខាតបង់​បាន​នៅឡើយ​ទេ ដោយសារ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា អំពើ​ឧក្រិដ្ឋកម្ម​បោកប្រាស់​របស់​ឧកញ៉ា លី សាម៉េត ត្រូវ​ស៊ើបអង្កេត​លើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន តែម្តង។

គិត​ត្រឹម​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ការ​ចាប់​ខ្លួន​មន្ត្រី និង​ឧកញ៉ា​យ៉ាងតិច ៦​នាក់ បន្ទាប់ពី​លោក ហ៊ុន សែន បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០២៤ ថា លោក លី សាម៉េត បាន​ប្រើ​ឈ្មោះ​របស់​លោក​ទៅ​បោកប្រាស់​លុយ​គេ​រាប់​សែន​រាប់​លាន​ដុល្លារ៕

© 2024, . All rights reserved.