អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ

ព័ត៌មានជាតិ

រដ្ឋសភា​កម្ពុជា​ចាត់ទុក​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ​ជា​មនុស្ស​ទមិឡ​ឥត​សាសនា

By ឌឹ ខេមបូឌា ដេលី

November 13, 2024

រដ្ឋសភា​កម្ពុជា ចាត់ទុក​អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ លោក អ៊ុន ឆាលី ដែល​បាន​ហៅ​ទូរសព្ទ​ទៅ​លោក ហ៊ុន សែន សួរនាំ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ ថា​ជា​មនុស្ស​ទមិឡ​ឥត​សាសនា។

រដ្ឋសភា​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ និង​ឥរិយាបថ​មិន​គប្បី​ទៅ​លើ​លោក ហ៊ុន សែន ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារជាតិ «ទមិឡ» របស់​ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​មេខ្លោង​ជា​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត។

ប្រភព​ដដែល​លើកឡើង​ថា ពួកគេ​តែង​ប្រើ​តែ​ពាក្យពេចន៍​អុជអាល ព្យាបាទ គុំកួន គ្មាន​សន្តិភាព​ផ្លូវ​ចិត្ត​ជា​រៀង​រហូត​មក ដែល​ប្រាសចាក​ឆ្ងាយ​ពី​ទំនៀមទម្លាប់ សុជីវធម៌ ឱ្យ​ស័ក្តិសម​ជា​កូន​ខ្មែរ​ដែល​មាន​ពូជពង្ស​វង្ស​ត្រកូល​ថ្លៃថ្នូរ មាន​ចរិយា​ធម៌​ខ្ពង់ខ្ពស់ ស្គាល់​ចាស់​ស្គាល់​ទុំ ស្គាល់​បុណ្យ​ស្គាល់​បាប​ឡើយ។

រដ្ឋសភា​កម្ពុជា បញ្ជាក់​ថា លោក ហ៊ុន សែន បាន​ធ្វើ​ពលិកម្ម​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​ទទួល​បាន​សុខ​សន្តិភាព និង​ត្រូវ​បាន​ទទួល​ការ​គោរព​យ៉ាង​ធំធេង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី និង​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ថា​ជា​មេដឹកនាំ​ដែល​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្ម​វិហារធម៌​ចំពោះ​ជន​រួម​ជាតិ​របស់​ខ្លួន។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​ទូរទស្សន៍​មនសិការ​ខ្មែរ លោក អ៊ុន ឆាលី បាន​ហៅ​ទូរសព្ទ​តាម​ប្រព័ន្ធ​វ័តអាប់ (WhatsApp) ទៅ​សួរ​លោក ហ៊ុន សែន ដោយ​ផ្ទាល់​អំពី​ល្បិចកល​របស់​គាត់​ដែល​ចង់​កម្ទេច​ទូរទស្សន៍​មនសិការ​ខ្មែរ​មិន​ឱ្យ​ផ្សព្វផ្សាយ​ពី​បញ្ហា​សង្គម និង​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​បន្ត​ទៀត។

បន្ទាប់ពី​លោក អ៊ុន ឆាលី បាន​សួរ​សំណួរ​នេះ លោក ហ៊ុន សែន ស្រាប់តែ​ខឹងច្រឡោត និង​ជេរប្រមាថ​លើ​រូបលោក និង​ហៅ​លោក​ថា​ជា​ក្មេង​ព្រហើន ជាដើម។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា សម្ដី​របស់​លោក ហ៊ុន សែន មិន​សម​ជា​ជន​គំរូ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុង​នាម​ជា​មេដឹកនាំ​ដែល​មាន​សុជីវធម៌ សីលធម៌ និង​គុណធម៌​ដូច​ការ​អះអាង​របស់​រដ្ឋសភា​ឡើយ ព្រោះ​ក្នុង​ការ​ឆ្លើយឆ្លង​គ្នា​នេះ គាត់​បាន​ប្រើ​ពាក្យ​ប្រមាថ​ជេរ​រហូត ដែល​គ្រាន់តែ​គេ​សាកសួរ​សំណួរ​ប៉ុណ្ណោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា សម្ដី​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​ពី​អត្តចរិត​ផ្ដាច់ការ​របស់​គាត់​យ៉ាង​ច្បាស់ ព្រោះ​មនុស្ស​ដែល​មាន​អត្តចរិត​បែប​នេះ នៅ​ពេល​ដែល​គេ​សួរ​អ្វី​ដែល​ខ្លួន​មិន​ពេញចិត្ត តែង​ប្រើ​អំណាច​ដែល​ខ្លួន​មាន​ដើម្បី​គំរាមកំហែង​គេ ឬ​បំបិទ​មាត់​គេ​មិន​ឱ្យ​និយាយ​តែម្តង។

អង្គការ Freedom House បាន​ចាត់ទុក​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន ជា​ប្រទេស​ផ្ដាច់ការ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្ដាច់ការ​ធំៗ ៥ ផ្សេង​ទៀត រួម​មាន ភូមា ចិន និង​រុស្ស៊ី ជាដើម ដែល​ប្រើ​វិធានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ៕

© 2024, . All rights reserved.