អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង

នយោបាយ

អ្នកជំនាញ​បារម្ភ​ពី​វិបត្តិ​នយោបាយ​កម្ពុជា​នៅ​ពេល​អ្នក​ដឹកនាំ​ប្រើ​ល្បិច​ដើម្បី​តែ​ប្រយោជន៍​រៀងៗ​ខ្លួន

By ឌឹ ខេមបូឌា ដេលី

November 13, 2024

អ្នក​ឃ្លាំមើល​បារម្ភ​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​ដែល​អ្នក​នយោបាយ​នៅតែ​បន្ត​ប្រើ​យុទ្ធសាស្ត្រ​យក​ឈ្នះ​គ្នា​ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន ដែល​មិន​គិត​ពី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់ ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។

លោក សេក សុជាតិ លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវការ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ គឺ​ការ​ផ្សះផ្សា​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​នយោបាយ​ទាំងអស់ ដើម្បី​រួម​គ្នា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ ព្រោះ​នេះ​គឺជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន ហើយ​ក៏​ជា​ការ​ចង់បាន​របស់​សហគមន៍​អន្តរជាតិ​ដែរ​សម្រាប់​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប។

លោក​បន្ត​ថា បើ​អ្នក​នយោបាយ​គ្រប់​ភាគី​ទាំងអស់​នៅតែ​ប្រកាន់​គំនិត​តម្កល់​ផល​ប្រយោជន៍​បក្ស​ធំ​ជាង​ផល​ប្រយោជន៍​ជាតិ នោះ​មុខមាត់​របស់​ប្រទេស​ក៏​នឹង​អាប់ឱន​ទៅ​តាម​ការ​ប្រព្រឹត្ត​របស់​ពួកគេ​ដែរ ហើយ​ផល​អាក្រក់​ដែល​ជះ​ត្រឡប់​មក​វិញ គឺ​ពួកគេ​បាន​ត្រឹម​ជា​អ្នក​នយោបាយ​ក្នុង​ប្រទេស​អន់ថយ​ដែល​កាប់​ចាក់​គ្នា​ឯង ដើម្បី​ដណ្តើម​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ។

នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ សំឡេង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​គេ​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​គាត់​បាន​និយាយ​ថា មនុស្ស​មួយ​ចំនួន​កំពុង​បង្កប់​ខ្លួន​នៅ​ក្នុង​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅ​ស្រុក ក្នុង​នោះ​ក៏​បង្កប់​នៅ​ក្នុង​ចំណោម​ក្រុម​ការងារ​របស់​ទូរទស្សន៍​មនសិការ​របស់​ក្រុម​ប្រឆាំង​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក៏​មាន​ការ​ទម្លាយ​សំឡេង​ឆ្លើយឆ្លង​មួយ​រវាង​លោក ហ៊ុន សែន និង​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​ក្រុម​ការងារ​ទូរទស្សន៍​មនសិការ​កាលពី​ពេល​ថ្មីៗ​នេះ​ដែរ ដែល​លោក ហ៊ុន សែន បាន​បញ្ចុះបញ្ចូល​ស្ត្រី​ម្នាក់​នោះ​ឈប់​ចូលរួម​ការងារ​ជាមួយ​នឹង​ក្រុម​ការងារ​ទូរទស្សន៍​មនសិការ​បន្ត​ទៀត៕

© 2024, . All rights reserved.