រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បញ្ជាក់ថា រដ្ឋការលោក Biden បានធានាថា អ៊ុយក្រែនអាចបន្តប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី រយៈពេលមួយឆ្នាំ គឺនៅឆ្នាំ២០២៥ ដោយអាវុធរបស់សហរដ្ឋអាមេរិក។
លោក Blinken បានថ្លែងដូចនេះអំឡុងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ជាទីដែលលោកត្រូវបំពេញទស្សនកិច្ចចុងក្រោយរបស់លោកក្នុងឋានៈជាប្រមុខការទូតនៃរដ្ឋការលោក បៃដិន ហើយជាការធានាថា ទាំងសហរដ្ឋអាមេរិក និងប្រទេសជាសមាជិកអង្គការណាតូ (NATO) ត្រូវតែផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីជួយអ៊ុយក្រែន មានថវិកា មានអាវុធ មានគ្រាប់រំសេវ និងមានកងកម្លាំងរួម ក្នុងការប្រយុទ្ធនឹងសង្គ្រាមរបស់រុស្ស៊ី ឱ្យបានពេញមួយឆ្នាំទៀតនៅឆ្នាំ២០២៥ ហើយឆ្ពោះទៅរកការចរចាសន្តិភាពដោយមានជំហររឹងមាំ មានតុល្យភាពនឹងរុស្ស៊ី។
លោក Blinken បានបន្តថា សេតវិមានកំពុងសម្របសម្រួលដំណើរការផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ជាដំណាក់កាលចុងក្រោយនៃរដ្ឋការរបស់លោក បៃដិន។ សម្រាប់រដ្ឋការលោក បៃដិន សង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលមានរយៈពេលជិត ៣ឆ្នាំនេះ ក្រុងវ៉ាស៊ីនតោន មិនបន្ថយការជួយអ៊ុយក្រែន នោះទេ តែផ្ទុយទៅវិញ ធ្វើឱ្យអ៊ុយក្រែន អាចបន្តទប់ទល់កងកម្លាំងរុស្ស៊ី និងមានកម្លាំងរឹងមាំក្នុងការចរចាសន្តិភាពដែលអាចកើតមានខាងមុខនេះ។
លោកប្រមុខការទូតសហរដ្ឋអាមេរិក បញ្ជាក់បន្ថែមថា៖ លោកប្រធានាធិបតី បៃដិន បានប្ដេជ្ញាចិត្តដើម្បីធ្វើឱ្យប្រាកដថា រាល់ជំនួយរបស់សហរដ្ឋអាមេរិកដែលនៅមាន នឹងត្រូវបានប្រើប្រាស់នៅក្នុងចន្លោះពេលនេះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ជាពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ត្រូវស្បថចូលកាន់តំណែង។
វត្តមានលោក Antony Blinken នៅទីក្រុងប្រ៊ុចសែល ដែលនៅទីនោះ លោកបានជួបនឹងឯកអគ្គរដ្ឋទូតនៃប្រទេសណាតូ ៣២ប្រទេស ដែលជាការជម្រាបលាផង និងជាការបញ្ជាក់ពីការជួយរបស់រដ្ឋការលោក បៃដិន ឱ្យបានគ្រប់គ្រាន់ក្នុងការបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន នូវកញ្ចប់ជំនួយ ៦១ពាន់លានដុល្លារដែលសភាបានអនុម័តកាលពីខែមេសា ឆ្នាំ២០២៤។
តែយ៉ាងណា ការដែលលោក Blinken បញ្ជាក់ពីការបញ្ជូនជំនួយយោធារបស់សហរដ្ឋអាមេរិកចុងក្រោយនេះ ហើយមានភាពប្រញាប់ខ្លាំង ជាការធ្វើឡើងដោយបារម្ភពីរដ្ឋការលោក ដូណាល់ ត្រាំ អាចកាត់បន្ថយជំនួយ ឬផ្អាកជំនួយទៅឱ្យអ៊ុយក្រែន។
ក្នុងរយៈពេល ៣ឆ្នាំ រដ្ឋការលោក បៃដិន បញ្ជូនជំនួយទៅឱ្យអ៊ុយក្រែន រហូត ១៧៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Times ដែលស្រង់សម្ដីលោក ដូណាល់ ត្រាំ។
នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត លោក ត្រាំ បានព្យាយាមវាយប្រហារលោក បៃដិន និងរដ្ឋការរបស់លោក បៃដិន ដែលថាការចំណាយថវិកាសហរដ្ឋអាមេរិកធ្វើឡើងដោយគ្មានគោលការណ៍ ព្រោះសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន មិនអាចរកទីបញ្ចប់ឃើញឡើយ។ តែលោក ត្រាំ ចំអកថា អ៊ុយក្រែនគ្មានសមត្ថភាព និងលទ្ធភាពឈ្នះសង្គ្រាមរុស្ស៊ី ព្រោះធនធានទ័ពរបស់អ៊ុយក្រែន ចុះខ្សោយយ៉ាងខ្លាំង។
សម្រាប់លោក ត្រាំ សង្គ្រាមនៅអ៊ុយក្រែន លោកជាអ្នកបិទបញ្ចប់ បើលោកជាប់ឆ្នោតជាប្រធានាធិបតី ដែលលោកអះអាងថាបិទបញ្ចប់ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។ តែជាមួយគ្នានេះ លោក ត្រាំ បានព្រមានថា បើអ៊ុយក្រែន មិនព្រមធ្វើអ្វីមួយដើម្បីបញ្ចប់សង្គ្រាម លោកនឹងផ្ដាច់ជំនួយទាំងអស់របស់សហរដ្ឋអាមេរិក។
ឥឡូវនេះ គម្រោងផែនការសន្តិភាពរបស់លោក ត្រាំ កំពុងបែកធ្លាយ។ ឯកសារផែនការសន្តិភាពបែកធ្លាយ ត្រូវបានបណ្ដាញផ្សាយព័ត៌មាន BBC បានបញ្ចេញថា លោក ត្រាំ ចង់ឱ្យមានបទឈប់បាញ់គ្នា ដោយស្នើទ័ពអង់គ្លេស និងទ័ពប្រទេសនៅអឺរ៉ុប ចូលទៅឃ្លាំមើលការអនុវត្តបទឈប់បាញ់នៅតំបន់គ្មានកងទ័ព។ តែកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន ត្រូវឃ្លាតពីគ្នារយៈចម្ងាយ ៨០០ miles ឬជាង ១២០០គីឡូម៉ែត្រ។
យ៉ាងណា BBC ថាផែនការសន្តិភាពរបស់លោក ត្រាំ ក៏ហាមមិនឱ្យអ៊ុយក្រែន លើកយកករណីដែនដីជ្រោយឧបទ្វីបគ្រីមៀរ ដាក់លើតុចរចារួមនឹងដែនដីដែលរុស្ស៊ី កំពុងកាន់កាប់ផងដែរ។
ក្រុមអ្នកនាំពាក្យរបស់លោក ត្រាំ បានបង្ហើបថា ការចរចាផ្ដោតតែលើយន្តការដែលឈានទៅដល់ការបិទបញ្ចប់សង្គ្រាម។ តែនៅខណៈនេះ ទាំងរុស្ស៊ី និងអ៊ុយក្រែន កំពុងប្រយុទ្ធគ្នាយ៉ាងសាហាវនៅលើសមរភូមិជួរមុខ ទាំងក្នុងទឹកដីអ៊ុយក្រែន និងខាងក្នុងទឹកដីរុស្ស៊ី។
រុស្ស៊ី កំពុងសម្រុកវាយរំដោះមកវិញដែនដីដែលទ័ពអ៊ុយក្រែន វាយកាន់កាប់នៅតំបន់ Kursk ខាងក្នុងទឹកដីរុស្ស៊ី ដោយមានទ័ព ៥០០០០នាក់ និងកូរ៉េខាងជើង ១១០០០នាក់ ដែលជួយច្បាំងទ័ពរុស្ស៊ី។
ចំណែកនៅតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន ក៏រុស្ស៊ី កំពុងវាយលុកយ៉ាងខ្លាំងដើម្បីឱ្យមានប្រៀបខ្លាំងនៅមុនការចរចាចាប់ផ្ដើមដែលក្រុមអ្នកនាំពាក្យលោក ត្រាំ អះអាងថា ភ្លាមៗក្រោយពីលោក ត្រាំ ស្បថចូលកាន់តំណែង ការចរចានឹងចាប់ផ្ដើម។ លោក ត្រាំ បានអំពាវនាវឱ្យភាគីច្បាំងគ្នាទាំងពីរកុំព្យាយាមវាយពង្រីកសមរភូមិ ដែលលោកថាវានឹងធ្វើឱ្យដំណើរការចរចាជាប់គាំង។
ប៉ុន្តែចំពោះលោក បៃដិន ដែលកំពុងរៀបចំផ្ទេរអំណាចទៅឱ្យលោក ត្រាំ នៅតែបារម្ភលោក ត្រាំ បោះបង់ចោលអ៊ុយក្រែន។
កាលពីថ្ងៃពុធ ទី១៣ វិច្ឆិកា លោក បៃដិន បានទទួលស្វាគមន៍លោក ត្រាំ នៅឯសេតវិមានជាជំនួបប្រពៃណីមួយដែលលោក បៃដិន តាំងចិត្តផ្ទេរអំណាចដោយរលូតទៅលោក ត្រាំ ដែលជាម្ចាស់សេតវិមានរយៈពេល ៤ឆ្នាំជំនួសលោក។
នៅក្នុងជំនួបដែលមេដឹកនាំសហរដ្ឋអាមេរិកទាំងពីររីករាយចំពោះគ្នាទៅវិញទៅមក លោក បៃដិន បានស្នើទៅលោក ត្រាំ ឱ្យបន្តជួយអ៊ុយក្រែន រហូតអ៊ុយក្រែន មានភាពខ្លាំងទប់ទល់បានចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី៕
© 2024, . All rights reserved.