អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជា បំភ្លឺជុំវិញករណីជនជាតិចិនឈ្មោះ Daren Li ដែលតុលាការអាមេរិកបានកាត់ទោសក្នុងសំណុំរឿងលាងលុយកខ្វក់ជាង ៧០លានដុល្លារអាមេរិក មិនមានកាន់សញ្ជាតិខ្មែរឡើយ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកម្ពុជា បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ វិច្ឆិកា ថា ជនជាតិចិនឈ្មោះ Daren Li មិនមានកាន់សញ្ជាតិខ្មែរឡើយ។ ជនជាតិចិនឈ្មោះ Daren Li ដែលត្រូវបានតុលាការអាមេរិកកាត់ទោស គ្រាន់តែធ្លាប់ចេញចូលប្រទេសកម្ពុជាប៉ុណ្ណោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា បញ្ជាក់ថា អាមេរិកបានកាត់ទោសជនជាតិចិន និងបក្សពួកផ្សេងទៀតក្នុងសំណុំរឿងលាងលុយកខ្វក់ជាង ៧០លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់ថា ជនជាតិចិនឈ្មោះ Daren Li និងបក្សពួកធ្លាប់ជាអ្នកស្នាក់នៅក្នុងប្រទេសចិន កម្ពុជា និងប្រទេសអារ៉ាប់រួម។
ជនល្មើស Daren Li ដែលជាជនជាតិចិន ធ្លាប់បានចេញចូលប្រទេសកម្ពុជា បានឆ្លើយសារភាពថា ទឹកប្រាក់យ៉ាងហោចណាស់ចំនួន ៧៣,៦លានដុល្លារអាមេរិកត្រូវបានរូបគេ និងបក្សពួកបោកប្រាស់ពីជនរងគ្រោះ រួចបញ្ចូលលុយទាំងនោះទៅក្នុងគណនីធនាគារផ្ទាល់ខ្លួន និងបក្សពួក។
ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ជនល្មើសឈ្មោះ Daren Li បានបោកប្រាស់ជនរងគ្រោះក្នុងទឹកប្រាក់ជាង ៧០លានដុល្លារអាមេរិកតាមរយៈការវិនិយោគរូបិយបណ្ណគ្រីបតូដោយប្រើបណ្ដាញក្រុមហ៊ុនឈ្មោះ សែល និងគណនីធនាគារអន្តរជាតិ។
ជនល្មើសដែលជាជនជាតិចិនឈ្មោះ Daren Li រូបនេះត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួននៅថ្ងៃទី១២ ខែមេសា ហើយត្រូវបានបញ្ជូនទៅកាន់រដ្ឋកាលីហ្វ័រញ៉ា តែក្រសួងយុត្តិធម៌អាមេរិកមិនបានបញ្ជាក់ទេថា តើជនល្មើសជនជាតិចិនរូបនោះ នឹងត្រូវប្រឈមទោសទណ្ឌបែបណា ហើយត្រូវជាប់ពន្ធនាគារក្នុងរយៈពេលប៉ុន្មានឆ្នាំនោះទេ។
កម្ពុជា បានក្លាយជាជម្រកនៃការលាងលុយកខ្វក់សម្រាប់ឧក្រិដ្ឋជនចិន ក្រោមហេតុផលមួយចំនួននៃការអនុវត្តគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ដែលទាក់ទាញឲ្យបុគ្គលមួយចំនួនចង់លាក់ទ្រព្យសម្បត្តិរបស់ពួកគេ។
ទាក់ទងទៅនឹងការលាងលុយកខ្វក់នេះ ក្រុមហ៊ុនវិភាគកាក់ឌីជីថល Elliptic ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានរកឃើញថា បងជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជាម្ចាស់អាជីវកម្មក្រុមហ៊ុនបោកប្រាស់តាមបណ្ដាញអ៊ីនធឺណិតខ្មៅដ៏ធំមួយឈ្មោះក្រុមហ៊ុន ហួយ អាដេ គ្រុប (Huioun AD Group) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបោកប្រាស់អន្តរជាតិឈ្មោះ ហួយ ហ្គែរិនធី (Huioun Guarantee)។
ប្រភពដដែលបង្ហាញថា ក្រុមហ៊ុនបោកប្រាស់មួយនេះបានធ្វើប្រតិបត្តិការឆបោកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈទីផ្សារអនឡាញងងឹត ដែលអាចរកចំណូលបានយ៉ាងហោចណាស់ ១១ពាន់លានដុល្លារអាមេរិកចាប់តាំងពីឆ្នាំ២០២១ មក៕
© 2024, . All rights reserved.