អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា មានសញ្ញាជាច្រើនដែលបង្ហាញថារដ្ឋអំណាចត្រកូលហ៊ុន កំពុងខ្វះថវិកាធ្ងន់ធ្ងរ ហេតុដូច្នេះហើយបានជាលោកបញ្ជាឱ្យចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដើម្បីជំរិតយកលុយបន្តដង្ហើមរដ្ឋាភិបាលរបស់ខ្លួនតទៅមុខទៀត។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៥ វិច្ឆិកា នេះថា ការចាប់ខ្លួនឧកញ៉ា និងមន្ត្រីរដ្ឋាភិបាលមួយចំនួន គ្រាន់តែជាល្បិចចាប់ជំរិតដើម្បីប្រមូលលុយអ្នកទាំងនោះទៅឱ្យក្រុមគ្រួសារលោក ហ៊ុន សែន សម្រាប់ដោះស្រាយវិបត្តិទាល់ច្រកនៅពេលនេះតែប៉ុណ្ណោះ។
លោក សម រង្ស៊ី លើកឡើងថា របបក្រុងភ្នំពេញសព្វថ្ងៃនេះកំពុងទាល់ច្រកទាំងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រោះថាការរំពឹងកិបកេងលុយពីការខ្ចីបុលចិនក្រោមគម្រោងព្រែកជីកហ្វូណន ត្រូវបរាជ័យទាំងស្រុង។ ចំណែកការវិនិយោគក្នុងស្រុកលើគម្រោងនេះ ក៏មិនមានលុយគ្រប់សម្រាប់សាងសង់ព្រែកជីកនេះដែរ ដូច្នេះសរុបមក លុយសម្រាប់សាងសង់ព្រែកជីកនេះ គឺត្រូវបរាជ័យទាំងអស់ ទាំងការរំពឹងខ្ចីពីប្រទេសចិន និងការរំពឹងលុយពីការវិនិយោគក្នុងស្រុក។
លោកថា ដោយសារតែរដ្ឋអំណាចត្រកូលហ៊ុនរកលុយមិនបានបែបនេះហើយ ទើបបានជាពួកគេចាប់ផ្តើមជំរិតលុយពីក្រុមឧកញ៉ាដែលជាដៃជើង ដែលមានបានដោយសារតែការប្រព្រឹត្តអំពើពុករលួយក្រោមអំណាចលោក ហ៊ុន សែន កន្លងមកតែម្តងទៅ។
លោកបន្ថែមថា ការធ្វើដូច្នេះ លោក ហ៊ុន សែន មិនត្រឹមតែចំណេញកេរ្តិ៍ឈ្មោះថាជាអ្នកបោសសម្អាតជនបោកប្រាស់ និងជនពុករលួយប៉ុណ្ណោះទេ ប៉ុន្តែនៅពីក្រោយរឿងនេះ គាត់ក៏អាចប្រមូលលុយដែលអ្នកទាំងនោះបានបោកប្រាស់ពីពលរដ្ឋខ្មែរថែមទៀត។
អតីតមេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា ពលរដ្ឋខ្មែរប្រមាណជា ៩០% ទូទាំងប្រទេស គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយទាំងអស់ កំពុងតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃស្ទើរតែដាច់បាយដាច់ខ្យល់ទៅហើយ។
ក្នុងរយៈពេលចុងក្រោយនេះ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានបញ្ជាកងកម្លាំងក្រោមអំណាចរបស់គាត់ឱ្យចាប់ខ្លួនឧកញ៉ា មន្ត្រីរដ្ឋាភិបាល រួមទាំងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចមួយចំនួនផងដែរ ដោយចោទប្រកាន់ពីបទឆបោក និងការប្រព្រឹត្តអំពើពុករលួយ ដូចជា ទីប្រឹក្សារបស់គាត់ គឺឧកញ៉ា លី សាម៉េត ជាដើម។
កាលពីដើមខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន សែន បានបញ្ជាសមត្ថកិច្ចចាប់ខ្លួនឧកញ៉ា លី សាម៉េត ក្រោមហេតុផលថា ឧកញ៉ារូបនេះបានប្រព្រឹត្តអំពើឆបោកក្នុងទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ក្នុងនោះ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត ផងដែរ។
ជុំវិញការចាប់ខ្លួនឧកញ៉ា លី សាម៉េត និងបក្ខពួករបស់គាត់នោះ មានសំណួរជាច្រើនបានចោទសួរថា តើផ្ទះជាច្រើនកន្លែង និងលុយរាប់សិបលានដុល្លារអាមេរិក រួមទាំងអចលនទ្រព្យផ្សេងទៀតរបស់ឧកញ៉ា លី សាម៉េត និងទាំងបក្ខពួក នឹងក្លាយទៅជាកម្មសិទ្ធិរបស់អ្នកណា នៅពេលដែលលោក ហ៊ុន សែន ចេញមុខឱ្យបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយផ្ទាល់បែបនេះ៕
© 2024, . All rights reserved.