លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) នា​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

នយោបាយ

លោក ហ៊ុន ម៉ាណែត អះអាង​ថា​បក្ស​ប្រជាជន​មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល

By ឌឹ ខេមបូឌា ដេលី

November 19, 2024

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល ដើម្បី​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​មាន​ផ្នត់គំនិត​ដូច​គ្នា​គាំទ្រ​ពហុភាគី​និយម និង​ភាព​ចម្រុះ​នៅ​ក្នុង​អភិបាលកិច្ច​នយោបាយ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ (IDC-CDI) នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​តូច តែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដើម្បី​រួម​ចំណែក​ដល់​សន្តិភាព​នៅ​ទូទាំង​តំបន់។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អនុប្រធាន​អង្គការ​អ្នក​ប្រជាធិបតេយ្យ​និយម​កណ្តាល​អន្តរជាតិ បាន​ចូលរួម​ចំណែក​ប្រកប​ដោយ​មោទនភាព​ចំពោះ​ការ​អភិវឌ្ឍ និង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ឱ្យ​រឹងមាំ រួម​ទាំង​ការ​កសាង​សន្តិភាព និង​ការ​ផ្សះផ្សា​ផង​ដែរ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា មហិច្ឆតា​របស់​កម្ពុជា​មិន​ស្ថិត​លើ​កម្លាំង​យោធា​ទេ ប៉ុន្តែ​ស្ថិត​លើ​ការ​កសាង​សន្តិភាព ដោយ​ការ​ស្វះ​ស្វែងរក​ការ​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព ការ​រីកចម្រើន​ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​ឯករាជ្យ និង​បូរណភាព​ទឹកដី​ពេញលេញ។

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា បើ​កម្ពុជា​អាច​អនុវត្ត​នូវ​ប្រជាធិបតេយ្យ​និយម​កណ្តាល​ដូច​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ទាំង​បក្ស​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ពលរដ្ឋ ពិត​ជា​អបអរ​សាទរ។

លោក​ថា ដើម្បី​ធានា​ថា​កម្ពុជា​ពិត​ជា​មាន​ប្រជាធិបតេយ្យ ទាល់តែ​រដ្ឋាភិបាល​អាច​ធានា​បាន​នូវ​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​ដោយ​គ្មាន​ការ​គំរាមកំហែង និង​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​កម្ពុជា​ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ដូចជា​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួបជុំ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ជាដើម រួម​ទាំង​ការ​រឹតត្បិត​សេរីភាព​នយោបាយ​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល​ទៀត នោះ​គឺ​មិន​អាច​ឆ្លុះបញ្ចាំង​ពី​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​អាច​បើក​លំហ​សេរីភាព​សម្រាប់​ពលរដ្ឋ​គ្រប់​រូប និង​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​ឱ្យ​មាន​សេរីភាព​ពេញលេញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​ក៏​ជា​ភស្តុតាង​ជាក់ស្តែង​នៃ​ការ​មិន​ធានា​បាន​នូវ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​កន្លង​ទៅ​ថា ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ដដែល ព្រោះ​លំហ​សេរីភាព​របស់​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច និង​កំពុង​ដើរ​ថយ​ក្រោយ។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ កម្ពុជា​បាន​ប្រកាស​ទទួលយក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា​បាន​ធ្លាក់​ចុះ និង​ដើរ​ថយ​ក្រោយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, . All rights reserved.