ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man)

នយោបាយ

ប្រធាន​រដ្ឋសភា​វៀតណាម​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​៤​ថ្ងៃ​ក្រោយពី​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV

By ឌឹ ខេមបូឌា ដេលី

November 19, 2024

ប្រធាន​រដ្ឋសភា​វៀតណាម លោក ជិន ថាញ់មិន នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២៤ ខែ​វិច្ឆិកា បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ លោក​ក៏​នឹង​ចូល​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

គណៈប្រតិភូ​សភា​វៀតណាម ក៏​គ្រោង​ចូល​ជួប​ជាមួយ​លោក ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ និង​អ្នកស្រី ម៉ែន សំអន សមាជិកា​ឧត្ដម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា បន្ទាប់​មក ប្រធាន​រដ្ឋសភា​វៀតណាម និង​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា-វៀតណាម មួយ​ចំនួន​ទៀត នឹង​ចូលរួម​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​របស់​រដ្ឋសភា ដែល​ជា​អំណោយ​របស់​វៀតណាម ដែរ។

នៅ​ក្នុង​ឱកាស​នេះ លោក ជិន ថាញ់មិន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​វៀតណាម ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ពេញអង្គ​នៃ​សភា​អន្តរជាតិ​លើក​ទី​១១ ដែល​រដ្ឋសភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​វៀតណាម មក​កម្ពុជា​នេះ មាន​សារសំខាន់ ដោយសារ​កម្ពុជា និង​វៀតណាម​នា​ពេល​ថ្មីៗ​នេះ ហាក់​មាន​ភាព​រកាំរកូស​គ្នា​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​កម្ពុជា​បាន​ប្រកាស​ដក​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)។

លោក​អះអាង​ថា វៀតណាម​នឹង​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពង្រីក​សក្ដានុពល​របស់​ខ្លួន​ក្នុង​វិស័យ​វិនិយោគ ក៏ដូចជា​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ ពង្រីក​ការ​ធ្វើ​ដំណើរ ក៏ដូចជា​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​កម្ពុជា​ទៅ​វៀតណាម ឱ្យ​កាន់តែ​ទូលំទូលាយ។

លោក​បន្ត​ថា ពេល​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី និង​ប្រធាន​ព្រឹទ្ធសភា ភាគី​វៀតណាម អាច​នឹង​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​អ៊ីនធឺណិត ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ការ​ជួញដូរ​គ្រឿងញៀន ជាពិសេស​បញ្ហា​ការ​ចាត់ចែង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឲ្យ​មាន​តម្លាភាព។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម ជាពិសេស​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​មាន​ភាព​រឹងមាំ ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ និង​បង្កើន​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង៕

© 2024, . All rights reserved.