លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ជួប​ជាមួយ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី​ថៃ ក្នុង​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ នា​ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ល្ងាច​ថ្ងៃ​ពុធ ទី​៩ ខែ​តុលា ឆ្នាំ​២០២៤ (រូប​ឆ្វេង) និង​រូបភាព​ផែនទី​នៃ​កោះគុត។

ព័ត៌មានជាតិ

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំភ្លឺ​ជុំវិញ​ការ​ប្រកាស​សង្គ្រាម​របស់​ថៃ​ជាមួយ​កម្ពុជា​រឿង​តំបន់​ត្រួត​ស៊ី​គ្នា

By ឌឹ ខេមបូឌា ដេលី

November 19, 2024

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ចេញ​មុខ​បំភ្លឺ​ជុំវិញ​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ ជុំវិញ​ការ​ប្រកាស​សង្គ្រាម​ជាមួយ​នឹង​កម្ពុជា ទាក់ទិន​នឹង​ការ​សហការ​នៅ​តំបន់​ត្រួត​ស៊ី​គ្នា។

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ កន្លង​មក។

លោក អ៊ុំ សំអាន លើកឡើង​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​នៅ​ពេលនេះ មិនមែន​ការ​ធ្វើ​សង្គ្រាម​ទេ គឺ​គ្រាន់តែ​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ឱ្យ​រក​យុត្តិធម៌​ប៉ុណ្ណោះ ប៉ុន្តែ​ការ​គំរាមកំហែង​កម្ពុជា​ដោយ​យក​សង្គ្រាម​មក​ដាក់​ពី​មុខ បង្ហាញ​ថា​ថៃ កំពុង​មើលស្រាល​លើ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ថៃ​មិន​គួរ​ព្រួយបារម្ភ​នៅ​ពេល​ដែល​កម្ពុជា​យក​បញ្ហា​នេះ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​កំណត់​ដែនសមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ មុន​នឹង​ចុះ​អនុស្សរណៈ​យោគយល់​រកស៊ី​ជាមួយគ្នា​នោះ​ទេ ប្រសិនបើ​ថៃ ប្រាកដ​ថា​ដែនសមុទ្រ និង​កោះ​គុត​ដែល​ពួកគេ​កាន់កាប់​សព្វថ្ងៃ​នេះ មិន​បាន​រំលោភ​យក​ពី​កម្ពុជា​នោះ។

កាលពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) អះអាង​ថា ភាគី​កម្ពុជា និង​ថៃ ត្រូវតែ​អនុលោម​ទៅ​តាម​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU44) ស្តីអំពី​ការ​អភិវឌ្ឍ​រួម​គ្នា​សម្រាប់​វិស័យ​ធនធាន​ថាមពល (OCA) ដោយ​សន្តិវិធី។

លោក ភូមិថាំ វេឆាយាឆៃ ព្រមាន​ថា បើ​ប្រទេស​ទាំង​ពីរ​មិន​អនុវត្ត​តាម​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ទេ នឹង​មាន​សង្គ្រាម​ដោយ​ប្រើ​អាវុធ​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​ជាមិនខាន ក្នុង​ករណី​ដែល​កម្ពុជា​យក​សំណុំរឿង​តំបន់ «ត្រួត​ស៊ី​គ្នា» នេះ ប្ដឹង​ទៅ​ស្ថាប័ន​តុលាការ​អន្តរជាតិ។

ប្រភព​ដដែល​បញ្ជាក់​ថា យោធា មន្ត្រី​រាជការ និង​ពលរដ្ឋ​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ចំពោះ​រឿង​នេះ។

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Pae Thongthan Shinawatra) បាន​អះអាង​ក្រោយ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ប្រទេស​ចិន ថា រដ្ឋាភិបាល​របស់​អ្នកស្រី​នឹង​ចរចា​ជាមួយ​កម្ពុជា លើ​បញ្ហា​តំបន់ «ត្រួត​ស៊ី​គ្នា» នៅ​អំឡុង​ខែ​វិច្ឆិកា នេះ។

អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ លើកឡើង​ថា កម្ពុជា​នឹង​ជួយ​ដល់​ថៃ ប្រសិនបើ​ត្រូវការ​សហការ​ពី​កម្ពុជា​ក្នុង​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា​នេះ (MOU)។ ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​មិន​មាន​បញ្ហា​នឹង​រឿង​កោះ​គុត​ដែរ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​បារម្ភ​នោះ គឺ​ទាក់ទង​នឹង​ពេលវេលា​ដែល​គណៈកម្មាធិការ​បច្ចេកទេស (JTC) រួម​គ្នា​ត្រូវ​បង្កើត​ឡើង ដើម្បី​ចាប់ផ្ដើម​ការ​ចរចា​ប៉ុណ្ណោះ។

សារព័ត៌មាន The Cambodia Daily មិន​អាច​ទាក់ទង​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2024, . All rights reserved.