លោក ប្រាក់ សុខុន បានវិលត្រឡប់មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីរដ្ឋសភាសម្រេចជាឯកច្ឆន្ទនៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានចាកចេញពីតំណែងនេះអស់រយៈពេល ១៤ខែ។
រដ្ឋសភាកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា នេះ បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តឱ្យលោក ប្រាក់ សុខុន មកដឹកនាំក្រសួងការបរទេសវិញ ដោយសំឡេងជាឯកច្ឆន្ទទាំង ១១២សំឡេង។
ចំណែកលោក សុខ ចិន្តាសោភា ដែលបានដឹកនាំក្រសួងនេះអស់រយៈពេល ១៤ខែមកហើយនោះ ក៏ត្រូវបានបញ្ចប់ត្រឹមថ្ងៃនេះដែរ ខណៈរដ្ឋសភាក៏បានអនុម័តតែងតាំងលោកឱ្យក្លាយជាឧបនាយករដ្ឋមន្ត្រីជំនួសវិញ។
ការផ្លាស់ប្ដូរសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីនេះ ធ្វើឡើងជាលើកទី២ ហើយក្នុងការដឹកនាំអស់រយៈពេល ១៤ខែមកនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងរដ្ឋសភាមុនដំណើរការបោះឆ្នោតអនុម័តឱ្យលោក ប្រាក់ សុខុន ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃពុធនេះថា ការស្នើសុំកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលនៅពេលនេះ គឺមានភាពចាំបាច់បំផុតក្នុងការពង្រឹង និងការអនុវត្តនយោបាយការបរទេសរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាត្រូវត្រៀមខ្លួនទប់ទល់នឹងសភាពការណ៍ខាងក្រៅដែលកំពុងវិវឌ្ឍយ៉ាងរហ័សពិបាកប៉ាន់ស្មាន ដូចជា សញ្ញានៃការកើនឡើងកម្ដៅ និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយ លទ្ធភាពនៃការស្ទុះឡើងវិញនូវឯកតោភាគីនិយម និងការបន្តកើនឡើងនៃការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចរបស់ពិភពលោក និងតំបន់នៅពេលនេះ។
លោកអះអាងថា ការផ្លាស់ប្ដូរសមាសភាពនេះ ក៏អាចនឹងជួយសម្រួលបញ្ហាប្រឈមនានាដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិរបស់កម្ពុជាផងដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ វិច្ឆិកា នេះថា ការផ្លាស់ប្ដូរសមាសភាពមន្ត្រីកំពូលក្នុងជួររដ្ឋាភិបាលនៅពេលនេះ ទំនងជាលោក សុខ ចិន្តាសោភា មិនអាចសម្រេចបាននូវផែនការរបស់រដ្ឋាភិបាលដែលបានកំណត់ ខណៈក្រសួងការបរទេសក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ក៏មិនទាន់បង្ហាញពីសមិទ្ធផលគួរឱ្យកត់សម្គាល់ណាមួយដែរក្នុងការដឹកនាំរបស់ខ្លួន។
លោក សេក សុជាតិ លើកឡើងថា លោក ប្រាក់ សុខុន ធ្លាប់ជារដ្ឋមន្ត្រីដែលទទួលបានស្នាដៃល្អក្នុងការដឹកនាំក្រសួងការបរទេសក្នុងជំនាន់របស់លោក ហ៊ុន សែន។ ជាងនេះទៅទៀត គាត់ក៏មានបទពិសោធន៍ក្នុងកិច្ចការនយោបាយដែរ ដូច្នេះការវិលត្រឡប់ទៅកាន់ទ្រនំចាស់វិញ ក៏ទំនងជាអាចជួយជំរុញការដឹកនាំរបស់រដ្ឋាភិបាលថ្មីនេះឲ្យបានល្អជាងមុនដែរ។
ចំណែកប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ការដកតំណែងលោក សុខ ចិន្តាសោភា អាចដោយសារតែរយៈពេលនៃការបំពេញការងាររបស់គាត់ជាង ១ឆ្នាំមកនេះ មិនទទួលបានការពេញចិត្តពេញថ្លើមពីលោក ហ៊ុន សែន ជាពិសេសពាក់ព័ន្ធនឹងការបម្រើផលប្រយោជន៍គ្រួសារហ៊ុន។
លោក ម៉ែន ណាត បញ្ជាក់ថា នៅកម្ពុជា មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវស្ថិតក្រោមការចាត់ចែងរបស់លោក ហ៊ុន សែន តែម្នាក់គត់ ដូច្នេះអ្នកដែលលោក ហ៊ុន សែន ពេញចិត្ត គឺអាចបន្តតំណែងទៅមុខទៀតបាន ទោះការងាររបស់បុគ្គលនោះបំផ្លាញជាតិក៏ដោយ ជាក់ស្តែងដូចជា លោក លី យ៉ុងផាត់ ដែលកំពុងរងនូវទណ្ឌកម្មរបស់អាមេរិកនៅពេលនេះ ជាដើម៕
© 2024, . All rights reserved.