តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ទម្លាយថា មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន អាចបានសន្យាប្រគល់ទឹកដីខ្មែរ ២ភាគ៣ លើកោះគុត ឱ្យទៅប្រទេសថៃ ជាថ្នូរនឹងការបង្ក្រាបសកម្មជនបក្សប្រឆាំងដែលកំពុងភៀសខ្លួនជ្រកកោននយោបាយនៅប្រទេសថៃ និងទប់ស្កាត់ដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ទៅកម្ពុជា។
លោក អ៊ុំ សំអាន លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៩ វិច្ឆិកា ថា លោក ហ៊ុន សែន មានបំណងកម្ចាត់សកម្មជននយោបាយបក្សប្រឆាំងឱ្យអស់ពីទឹកដីថៃ ហើយលោកអាចកាត់ចំណែកដីរបស់ខ្មែរលើកោះគុត ២ភាគ៣ ទៅឱ្យថៃ គ្រប់គ្រងជាកម្មសិទ្ធិផ្ដាច់មុខទៅថ្ងៃអនាគត ជាថ្នូរលើបញ្ហានេះ។
លោក អ៊ុំ សំអាន លើកឡើងថា សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បានកំណត់ថាទឹកដី ២ភាគ៣ នៃកោះគុត គឺជារបស់ខ្មែរ ដូច្នេះបើកម្ពុជាបាត់បង់ចំណែក ២ភាគ៣ នៃកោះនេះ នោះក៏នឹងនាំឱ្យកម្ពុជាបាត់ដែនសមុទ្ររបស់ខ្លួនទៅប្រទេសថៃ ជាច្រើនទៀតដែរ ដូច្នេះកម្ពុជាមិនអាចប្រគល់ចំណែកដីដែលជាកម្មសិទ្ធិរបស់ខ្លួនទៅឱ្យប្រទេសថៃ ដាច់ខាត។
មន្ត្រីបក្សប្រឆាំងរូបនេះត្អូញត្អែរថា មានបណ្ឌិតខ្មែរខ្លះខំព្យាយាមបំភ្លៃការពិតថា កោះគុតគឺជាកម្មសិទ្ធិរបស់ថៃ ផ្ដាច់មុខ ប៉ុន្តែទង្វើដែលបណ្ឌិតទាំងនោះធ្វើ មិនខុសពីកំពុងក្បត់ជាតិខ្មែរប្រគល់ទឹកដីរបស់ខ្លួនឱ្យបរទេសឡើយ ប៉ុន្តែការនិយាយបំភ្លៃការពិតបែបនេះ ក៏ដោយសារតែពួកគេរងនូវការគាបសង្កត់ពីក្រុមគ្រួសារត្រកូលហ៊ុនដែរ។
លោក អ៊ុំ សំអាន បញ្ជាក់ថា ដើម្បីឱ្យជាក់ច្បាស់ពីការពិតលើសិទ្ធិគ្រប់គ្រងកោះគុតនេះថាកម្ពុជាមានចំណែកប៉ុនណានោះ គ្រាន់តែរដ្ឋាភិបាលប្តឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ នោះការពិតនឹងត្រូវលាតត្រដាងភ្លាម ស្របពេលដែលកម្ពុជាក៏ធ្លាប់គ្រប់គ្រងកោះនេះក្នុងជំនាន់រដ្ឋាភិបាលខ្មែរមុនៗដែរនោះ។
សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ បានកំណត់ថា កម្ពុជាត្រូវទទួលបានទឹកដី ២/៣ នៃកោះគុត ចំណែកប្រទេសថៃ ទទួលបានតែ ១/៣ ប៉ុណ្ណោះ ព្រោះព្រំដែនសមុទ្រកម្ពុជាត្រូវគិតពីចំណុចកំពូលភ្នំខ្ពស់បំផុតនៃកោះគុត ឆ្ពោះមកចំណុចរួមលើគោកនៅតំបន់ចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រធានស្តីទីនាយកដ្ឋាននៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ជិន សុជាតិ លើកឡើងថា ការលើកឡើងជុំវិញបញ្ហាកោះគុតរបស់ថៃ គ្រាន់តែជាទំនាស់ផ្ទៃក្នុងរបស់ពួកគេប៉ុណ្ណោះ ខណៈការលើកឡើងរបស់ក្រុមប្រឆាំងនៅកម្ពុជា គឺមានចេតនាឱ្យពលរដ្ឋខឹងស្អប់នឹងរដ្ឋាភិបាលខ្មែរ។
បណ្ឌិត ជិន សុជាតិ បញ្ជាក់ថា សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺបារាំង បានកំណត់តែព្រំដែនគោកជាមួយថៃ ប៉ុណ្ណោះ ខណៈកម្ពុជាមិនបានចរចាជាមួយថៃ ម្តងណាឡើយ ដោយសារតែសង្គ្រាម ប៉ុន្តែរហូតដល់ឆ្នាំ២០០១ ទើបរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចរចាគ្នា រហូតចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់ (MOU44) អំពីការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល។
ជុំវិញបញ្ហានេះ សារណាបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន កាលពីឆ្នាំ២០១៣ បានបញ្ជាក់ថា យ៉ាងហោចណាស់ជិតពាក់កណ្តាលនៃកោះគុត គឺជាកម្មសិទ្ធិរបស់កម្ពុជា។
លោក ហង់ ជួន ណារ៉ុន ក៏បានភ្ជាប់ផែនទីក្នុងសារណារបស់ខ្លួនដែរ ដែលយកតាមផែនទីដើមនៃឧបសម្ពន្ធសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដោយបញ្ជាក់ថា កោះគុតនៅចម្ងាយពីឆ្នេររបស់កម្ពុជាត្រឹមតែ ២២គីឡូម៉ែត្រប៉ុណ្ណោះ។
អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីអំពីច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ មាត្រា៣ ចែងថា «រាល់រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែងនៃដែនសមុទ្ររបស់ខ្លួនរហូតដល់ដែនកំណត់មិនលើសពីចម្ងាយ ១២ម៉ាយល៍ ដែលស្មើនឹងប្រមាណជា ២២,២គីឡូម៉ែត្រ។
ចំណែកបណ្ឌិត អ៊ិន សុផល អ្នកស្រាវជ្រាវ និងតាមដានភូមិសាស្ត្រនយោបាយ បានលើកឡើងកាលពីពេលថ្មីៗនេះដែរថា ខ្សែបន្ទាត់ព្រំដែនបារាំង-សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរសមុទ្ររត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ដូច្នេះភាគីថៃ ត្រូវគោរពសន្ធិសញ្ញាអន្តរជាតិមួយនេះ ព្រោះខ្មែរមិនដែលចង់បានទឹកដីរបស់ប្រទេសណាទេ។
បណ្ឌិត អ៊ិន សុផល បញ្ជាក់ថា ចំណែកការគូសផែនទីរបស់ថៃ ជាឯកតោភាគីនៅឆ្នាំ១៩៧៣ ដោយរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាលើកោះគុត គឺមិនបានឈរលើមូលដ្ឋានច្បាប់អន្តរជាតិណាមួយឡើយ។
សារព័ត៌មាន The Cambodia Daily ក៏នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា សុំការបំភ្លឺជុំវិញបញ្ហានេះបាននៅឡើយដែររហូតដល់ម៉ោងផ្សាយនេះ៕
© 2024, . All rights reserved.