ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​ជា​ក្រុម​ភេរវកម្ម ជុំវិញ​រឿង​កោះ​គុត

By ឌឹ ខេមបូឌា ដេលី

November 22, 2024

លោក ហ៊ុន សែន គ្រោង​បង្កើត​ច្បាប់​ថ្មី​មួយ ដើម្បី​ដាក់​ក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​កម្ពុជា​ទៅ​ជា​ក្រុម​ភេរវកម្ម ក្រោម​ហេតុផល​ថា ពួកគេ​បាន​ញុះញង់​រឿង​កោះ​គុត ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​កម្ពុជា និង​ថៃ។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ ថា លោក​កំពុង​តាមដាន​សកម្មភាព​ក្រុម​ប្រឆាំង​ដែល​កំពុង​ញុះញង់​ពលរដ្ឋ​ខ្មែរ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាច​កំណត់​បាន​ថា តើ​ល្មម​ដល់​ពេល​បង្កើត​ច្បាប់​ដាក់​អ្នក​ទាំងនោះ​ឱ្យ​ក្លាយ​ក្រុម​ភេរវករ​ហើយ​ឬ​នៅ។

លោក ហ៊ុន សែន អះអាង​ថា ទង្វើ​ក្រុម​ប្រឆាំង​នៅ​ពេលនេះ​មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​ទំនាស់​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ ប៉ុន្តែ​នឹង​នាំ​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។ លោក​ថា ការ​មើល​មុខ​គ្នា​មិន​ត្រង់​ជាមួយ​ប្រទេស​ជិតខាង មិនមែន​បញ្ហា​តូចតាច​ឡើយ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​លើកឡើង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ មិនមែន​ជា​រឿង​ងាយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវការ​ឯកសារ​ផ្លូវច្បាប់​ប៉ុនណា​ដែរ​សម្រាប់​ដាក់​ពាក្យបណ្ដឹង​លើ​រឿង​នេះ ក្នុង​នោះ​មិន​ដឹង​ថា​តើ​កម្ពុជា​នឹង​ឈ្នះ​ក្តី​នេះ ឬ​អត់​ផង​នោះ។

លោក ហ៊ុន សែន ហាម​មិន​ឱ្យ​កងទ័ព​ទាំង​ជើង​ទឹក និង​កងទ័ព​ជើងគោក​របស់​កម្ពុជា​ទាំងអស់ ចល័ត​កម្លាំង​ទៅ​ធ្វើ​សកម្មភាព​នៅ​កោះ​គុត​ដាច់ខាត​ចំពោះ​រឿង​នេះ។

រីឯ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ឡើយ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​ឈរ​លើ​យន្តការ​ព្រំដែន និង​ច្បាប់​ដែល​កំណត់​ជា​ធរមាន​ដោយ​ផ្អែកលើ​មូលដ្ឋាន​ជាក់ស្តែង​ក្នុង​ការ​ប្រកាន់​ជំហរ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ជៀសវាង​ការ​ប្រើ​ហិង្សា ខណៈ​រាជរដ្ឋាភិបាល និង​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា ក៏​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ និង​គណៈកម្មាធិការ​ព្រំដែន​ថៃ ដែរ។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​ស្ដីបន្ទោស​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ដែល​ទាមទារ​ឲ្យ​ប្តឹង​ថៃ រឿង​កោះ​គុត ទៅ​តុលាការ​អន្តរជាតិ គឺជា​ចេតនា​បំបែក​បំបាក់​ស្មារតី​ខ្មែរ និង​ខ្មែរ និង​នាំ​ឲ្យ​ជាតិ​ខ្មែរ​ចុះ​ខ្សោយ​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អ្នក​នាំពាក្យ​កងទ័ព​ជើងទឹក​ថៃ លោក ថាសុគ្រី វីឡៃឡាក់ បាន​អះអាង​ថា កងទ័ព​ជើងទឹក​ថៃ ដែល​រួម​បញ្ចូល​ទាំង​កងទ័ព​អាកាស កង​ឆ្មាំ​សមុទ្រ កងទ័ព​ជើងទឹក​ភូមិ​ភាគ​ទី​១ និង​អង្គភាព​ប្រតិបត្តិការ​កោះ​គុត គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ នេះ នៅ​លើ​កោះ​គុត និង​ដែនសមុទ្រ​ក្បែរ​នោះ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ វិច្ឆិកា ថា មាន​តុលាការ​អន្តរជាតិ​ចំនួន ៣ ដែល​កម្ពុជា​អាច​ប្តឹង​ក្នុង​ការ​ទាមទារ​យក​កោះ​គុត​មក​គ្រប់គ្រង​វិញ ដូចជា តុលាការ​យុត្តិធម៌​អន្តរជាតិ តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ និង​សាលាក្ដី​ស្តីអំពី​ច្បាប់​សមុទ្រ​ផង​ដែរ។

លោក​ថា ការ​ប្តឹងផ្តល់​នេះ កម្ពុជា​មាន​ភាគរយ​ឈ្នះ​ខ្ពស់​បំផុត ព្រោះ​សាក្សី​ក្នុង​រឿង​នេះ​គឺ​បារាំង ដែល​ធ្លាប់​ធ្វើ​ជា​អាណាព្យាបាល​របស់​កម្ពុជា ហើយ​ភស្តុតាង​បញ្ជាក់​រឿង​នេះ គឺ​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧ ដែល​បារាំង បាន​ព្រមព្រៀង​គ្នា​ជាមួយ​សៀម នៅ​ពេល​នោះ។

កាល​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៤១ សង្គ្រាម​បារាំង-សៀម បាន​ផ្ទុះ​ឡើង​នៅ​លើ​កោះ​ចាង ក៏​ដោយសារតែ​បារាំង ការពារ​កោះ​គុត មិន​ឱ្យ​កងទ័ព​ថៃ ឈ្លានពាន​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ជុំវិញ​ការ​ដណ្តើម​កាន់កាប់​កោះ​គុត​នេះ​ដែរ៕

© 2024, . All rights reserved.