ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លុប​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA

By ឌឹ ខេមបូឌា ដេលី

November 24, 2024

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សម្ដែង​ការ​អបអរ​សាទរ​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​នរោត្តម សីហមុនី ដែល​បាន​ប្រកាស​ធ្វើ​និរាករណ៍​នូវ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាមួយ​ឡាវ និង​វៀតណាម នៅ​ពេល​នេះ។

លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា ក្រៅពី​លុប​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ពិនិត្យ និង​លុប​ចោល​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទាំងអស់​ក្រោម​ឆត្រ CLV ផ្សេង​ទៀត​ដែរ ដូចជា ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​យោធា​វៀតណាម និង​ក្រុមហ៊ុន​វៀតណាម ជាង ២៤​ម៉ឺន​ហិកតា​ក្នុង​តំបន់ CLV នេះ។

ជាមួយ​គ្នា​នេះ ក៏​ត្រូវ​បណ្តេញ​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ដែល​កំពុង​សាងសង់​ផ្ទះ រស់នៅ និង​ធ្វើ​ជា​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​យោធា​វៀតណាម និង​ក្រុមហ៊ុន​វៀតណាម ទាំង​ជាង ២៤​ម៉ឺន​ហិកតា​នេះ​ដែរ។ លើស​ពី​នេះ ក៏​ត្រូវ​ដោះលែង​អ្នក​ជាប់​ឃុំឃាំង​ក្នុង​រឿង CLV និង​អ្នកទោស​មនសិការ​ទាំងអស់​ថែម​ទៀត។

លោក ម៉ែន ណាត លើកឡើង​ថា ក្រៅពី​នេះ កម្ពុជា​ក៏​ត្រូវ​ពិនិត្យ និង​អនុម័ត​លុប​ចោល​នូវ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០១៩ បន្ត​ទៀត​ដែរ ព្រោះ​ការ​លុប​ចោល​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងនេះ គឺ​ស្រប​តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​៥៥ នៃ​ប្រទេស​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​សម្ដែង​ការ​អរគុណ​ដល់​កិច្ចប្រឹងប្រែង​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដែល​បាន​រួម​គ្នា​ជំរុញ​ទាមទារ​ជាច្រើន​ខែ ដើម្បី​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា​ធ្វើ​និរាករណ៍​កិច្ចព្រមព្រៀង​នេះ​ជា​ផ្លូវការ ហើយ​លោក​ក៏​សម្ដែង​នូវ​ការ​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​រដ្ឋសភា ដែល​មាន​ស្មារតី​ភ្ញាក់​រឭក​ចំពោះ​បញ្ហា​នេះ​ដែរ។

ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រម​ច្បាប់ ស្ដីពី «និរាករណ៍​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម» ឬ​ជាត់​ទុក​ជា​មោឃៈ​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ព្រះរាជក្រម​នេះ​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​កាលពី​ដើម​ឆ្នាំ​២០១៨ ត្រូវ​ទុក​ជា​និរាករណ៍​ចាប់ពី​ពេល​នេះ​តទៅ។

កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ខណៈ​ព្រឹទ្ធសភា​ក៏​បាន​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ឬ​ហៅ​កាត់​ថា CLV-DTA នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា កន្លង​ទៅ​ដែរ៕

© 2024, . All rights reserved.