លោក ហ៊ុន សែន (ឆ្វេង) ប្រធាន​ព្រឹទ្ធសភា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពិធី​ខួប​គ្រងរាជ្យ​សម្បត្តិ​ព្រះមហាក្សត្រ​នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក អ៊ុំ សំអាន ជំរុញ​ឱ្យ​ឪពុក​កូន​នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ជំហរ​ខ្មែរ​រឿង​កោះ​គុត​ឱ្យ​ច្បាស់លាស់

By ឌឹ ខេមបូឌា ដេលី

November 24, 2024

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ច្បាស់​អំពី​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​ជា​របស់​ថៃ។

អ្នកវិភាគ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក និង​ជា​អ្នកជំនាញ​កិច្ចការ​ការទូត​អន្តរជាតិ លោក សេង វណ្ណលី ក៏​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Cambodia Daily ដែរ​ក្នុង​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ថា រាជរដ្ឋាភិបាល​ត្រូវ​បញ្ជាក់​អំពី​គោលជំហរ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្បាស់ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មន្ទិល​សង្ស័យ​អំពី​បញ្ហា​កោះ​គុត ដែល​ភាគី​ថៃ ថា​ជា​របស់​គេ​តាំងពី​យូរ​មក​ហើយ​នោះ។

រឿង​ទាំងអស់​នេះ កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ចរចា​រឿង​កោះ​គុត​ជាមួយ​ប្រទេស​ថៃឡង់ដ៍ នៅ​ឆ្នាំ​២០០១ ដោយ​មាន​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ផង។ នាយករដ្ឋមន្ត្រី​ថៃ អភិសិទ្ធ វេជ្ជជិវៈ (Abhisit Vejjajiva) សម្រេច​លុប​ចោល​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ បន្ទាប់ពី​លោក ហ៊ុន សែន តែងតាំង​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ទីប្រឹក្សា​សេដ្ឋកិច្ច។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២២ វិច្ឆិកា នេះ​ថា អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត មិន​បាន​បញ្ជាក់​ថា មួយ​ចំណែក​នៃ​កោះ​គុត​ជា​របស់​កម្ពុជា​នោះ​ទេ។

លោក​បញ្ជាក់​ថា ជាង​នេះ​ទៀត ពីរ​នាក់​ឪពុក​និង​កូន​នេះ ក៏​មិន​បាន​អះអាង​ថា កម្ពុជា​នឹង​ទាមទារ​យក​មួយ​ចំណែក​នៃ​កោះ​គុត​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​មក​វិញ​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា បើ​ពលរដ្ឋ​ខ្មែរ​មិន​តវ៉ា​រឿង​កោះ​គុត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ទេ លោក ហ៊ុន សែន ប្រាកដជា​នឹង​មិន​ទាមទារ​យក​ចំណែក ២​ភាគ​៣ នៃ​កោះ​គុត​ពី​ថៃ មក​វិញ​ឡើយ ព្រោះ​គាត់​ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​ជាមួយ​បងប្អូន​ធម៌​របស់​គាត់ គឺ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។

លោក​បន្ត​ថា បើ​រដ្ឋាភិបាល​ខ្មែរ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តជាតិ នោះ​ប្រទេស​កម្ពុជា​នឹង​ឈ្នះ​ថៃ លើ​កោះ​គុត ១០០% ដូច​ករណី​ប្រាសាទ​ព្រះវិហារ​ដែរ ប៉ុន្តែ​បើ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ នោះ ១០០% ប្រទេស​កម្ពុជា​នឹង​មិន​បាន​ទទួល​ចំណែក​នៃ​កោះ​គុត​ដែល​ជា​ទឹកដី​របស់​ខ្លួន​មក​វិញ​ឡើយ។

លោក អ៊ុំ សំអាន បញ្ជាក់​ថា បើ​ពលរដ្ឋ​ខ្មែរ​ទាំង​គ្រប់​និន្នាការ​នយោបាយ​មិន​ក្រោក​ឡើង​ឱ្យ​ស្រុះ​គ្នា​ទេ នោះ​ត្រកូល​ហ៊ុន​នឹង​កាត់​កោះ​គុត​ឱ្យ​ថៃ ដូច​លោក ហ៊ុន សែន កាត់​កោះត្រល់​ឱ្យ​វៀតណាម កាលពី​ឆ្នាំ​១៩៨២ ដូច្នោះ​ដែរ។

កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​អនុសំវច្ឆរ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣២ ឆ្នាំ​២០២៤ នេះ​ថា ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ​មិនមែន​ជា​រឿង​ងាយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវការ​ឯកសារ​ផ្លូវច្បាប់​ប៉ុនណា​ដែរ ក្នុង​នោះ​មិន​ដឹង​ថា​តើ​កម្ពុជា​នឹង​ឈ្នះ​ក្តី​នេះ​ឬ​អត់​ផង​នោះ។

លោក ហ៊ុន សែន ចាត់ទុក​ការ​ជំរុញ​ឱ្យ​មាន​ការ​ទាមទារ​កោះ​គុត​ដោយ​ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ជា​ទង្វើ​ញុះញង់ អុជអាល ដែល​អាច​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា និង​ថៃ។ លោក​ចង់​ធ្វើ​ច្បាប់​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ដែល​និយាយ​រឿង​កោះ​គុត​ជា​ភេរវករ។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​កាលពី​ថ្ងៃទី​២១ វិច្ឆិកា ដែរ​ថា​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន គឺ​ឈរ​លើ​យន្តការ​ព្រំដែន និង​ច្បាប់​ដែល​កំណត់​ជា​ធរមាន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ជាក់ស្តែង​និយម ក្នុង​ការ​ប្រកាន់​ជំហរ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ជៀសវាង​ការ​ប្រើ​ហិង្សា ខណៈ​រាជរដ្ឋាភិបាល និង​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​កម្ពុជា ក៏​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ភាគី​ថៃ និង​គណៈកម្មាធិការ​ព្រំដែន​ថៃ ដែរ។

យ៉ាងណាក៏ដោយ កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​អះអាង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថៃ ថា គ្មាន​ការ​សង្ស័យ​ទេ កោះ​គុត​ជា​ទឹកដី​អធិបតេយ្យ​របស់​ថៃ ផ្ដាច់មុខ​ទៅ​ហើយ។ នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា ទាំង​ថៃ និង​កម្ពុជា បាន​ទទួលស្គាល់​រួម​គ្នា​រួច​ហើយ​ថា កោះ​គុត​ជា​ទឹកដី​ថៃ ក្រោម​សន្ធិសញ្ញា​បារាំង ដោយ​ភាគី​កម្ពុជា​មិន​បាន​ទាមទារ​យក​កោះ​នេះ​ឡើយ៕

© 2024, . All rights reserved.