នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសឈប់ផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតស្រាបៀរក្នុងស្រុកថ្មី ពីព្រោះចំនួនរោងចក្រផលិតស្រាបៀរនៅកម្ពុជាមានច្រើនហើយ ប៉ុន្តែអនុញ្ញាតឲ្យផលិតសម្រាប់នាំចេញ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល លោក ហ៊ុន ម៉ាណែត បានថ្លែងថា លោកប្រកាសដាច់ខាតដោយមិនបន្តផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតស្រាបៀរក្នុងស្រុកថ្មីនោះទេ ប៉ុន្តែបើផលិតសម្រាប់នាំចេញ គឺអនុញ្ញាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា បើតាមមើលឃើញ គឺចំនួនរោងចក្រផលិតស្រាបៀរនៅកម្ពុជាមានច្រើនហើយ ពោលមាន ៧រោងចក្រធំៗ។ លោកថា លោកបញ្ជាក់ឱ្យហើយ ក្រែងលោអ្នកណាចង់ធ្វើ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងកន្លងមកថា ការពិសាគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ថ្លើម ខូចលំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីកផ្សេងៗ។ លោកស្រីថា ក្នុងចំណោមមនុស្ស ១០០នាក់ដែលពិសាគ្រឿងស្រវឹង មាន ៤៨ភាគរយដែលកើតមានជំងឺថ្លើម និងក្នុងចំណោម ៤៨ភាគរយនេះ នឹងវិវឌ្ឍទៅរកការស្លាប់ ៦៦,៥ភាគរយ។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា គ្រឿងស្រវឹងក៏បណ្តាលឱ្យខូចលំពែង ២៦ភាគរយ រលាកក្រពះពោះវៀន ឬមហារីកក្រពះពោះវៀន ១១ភាគរយ មហារីកមាត់ និងមហារីកបំពង់ក ២៦ភាគរយ និងខូចបញ្ញាញាណដែលឈានទៅដល់កើតជំងឺឆ្កួតជ្រូក ១៣ភាគរយ រួមទាំងជំងឺផ្សេងៗទៀត។ ការទទួលទានគ្រឿងស្រវឹង មិនត្រឹមនាំឱ្យខូចសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យកើតមានអំពើហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានថ្លែងថា ការឈប់ផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតស្រាបៀរនេះ ជាការប្រសើរ។ លោកថា ការមិនបន្តចេញអាជ្ញាបណ្ណថ្មីនេះ មិនមែនមានន័យថាកាត់បន្ថយការបរិភោគគ្រឿងស្រវឹងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរឡើយ។
ប្រភពដដែលអះអាងថា ការមិនផ្ដល់អាជ្ញាបណ្ណបន្ថែមនេះជាឆន្ទៈនយោបាយមួយរបស់រដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគលើវិស័យផ្សេងៗ ដែលមានរយៈពេលវែង និងមិនគ្រោះថ្នាក់ដល់សុខភាពប្រជាជន ជាពិសេសបង្កើនការរីកចម្រើនផ្នែកសេដ្ឋកិច្ច។
លោក យង់ គិមអេង ថ្លែងថា គួរបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មផ្ដល់រង្វាន់យ៉ាងគឃ្លើនដែលប៉ះពាល់ និងគ្រោះថ្នាក់ដល់ការអភិវឌ្ឍនៅក្នុងសង្គម និងសុខភាពសាធារណៈ។
យោងតាមស្ថិតិចេញផ្សាយដោយស្ថាប័នស្រាវជ្រាវ Statista គេបានបង្ហាញថា ក្នុងឆ្នាំ២០២៣៖
- ប្រទេសដែលមានមនុស្សផឹកស្រាច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ គឺប្រទេសឡាវ។ នៅក្នុងមួយឆ្នាំ ជាមធ្យមពលរដ្ឋឡាវម្នាក់ផឹកស្រាអស់ជិត ១២លីត្រ។
- ទី២ គឺប្រទេសយៀកណាម ពលរដ្ឋម្នាក់ផឹកស្រាជាមធ្យមក្នុងមួយឆ្នាំជិត ១០លីត្រ។
- ប្រទេសកម្ពុជា នៅលំដាប់លេខ៣ ដោយគិតជាមធ្យមក្នុងមនុស្សម្នាក់ផឹកស្រាអស់ជិត ៩លីត្រក្នុង ១ឆ្នាំ។
- ពលរដ្ឋថៃ ផឹកស្រាក្នុងមួយឆ្នាំជាមធ្យមជិត ៨លីត្រ។
- ហ្វីលីពីន ជាង ៦លីត្រ។
- ភូមា ជាង ២លីត្រក្នុងមួយឆ្នាំ។
- សិង្ហបុរី ជិត ២លីត្រ។
- ម៉ាឡេស៊ី ជិត ១លីត្រ ឬ ៨១សង់ទីលីត្រ។
- ប្រ៊ុយណេ ក្រោមកន្លះលីត្រ ឬ ៤៣សង់ទីលីត្រ។
- ទីម័រឡេស្ត ៣៩សង់ទីលីត្រ។
- ឥណ្ឌូនេស៊ី ស្ថិតនៅក្រោមគេបង្អស់ មានប្រជាពលរដ្ឋផឹកស្រាតិចបំផុត គឺ ១១សង់ទីលីត្រ បើធៀបជាមួយប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន។
រីឯប្រទេសសម្បូរសប្បាយរីករាយជាងគេក្នុងសហគមន៍អាស៊ានទាំង ១០ប្រទេសក្នុងឆ្នាំ២០២៤ គឺសិង្ហបុរី នៅលើគេ ចំណែកប្រទេសដែលមិនសម្បូរសប្បាយរីករាយ ឬមានទុក្ខសោកសៅ ស្ថិតនៅក្រោមគេបំផុត គឺប្រទេសកម្ពុជា៕
© 2024, . All rights reserved.