លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីអំពី «ពិភពលោក​មួយ​គ្មាន​មីន» នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពិភពលោក​រួម​គ្នា​លុប​បំបាត់​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន

By ឌឹ ខេមបូឌា ដេលី

November 26, 2024

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ទទូច​ឱ្យ​បណ្តា​ប្រទេស​ទាំងអស់​បន្ត​រួបរួម​គ្នា​ដើម្បី​កសាង​ពិភពលោក​មួយ​ដែល​គ្មាន​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន។

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សៀមរាប-អង្គរ ស្តីអំពី «ពិភពលោក​មួយ​គ្មាន​មីន» នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ដើម្បី​កសាង​ពិភពលោក​មួយ​ដែល​មាន​សន្តិភាព និង​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មនុស្ស​បច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ភាគី​ទាំងអស់​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចុះ​សិក្សា និង​បោស​សម្អាត​គ្រាប់មីន ពង្រីក​កម្មវិធី​អប់រំ និង​ការ​យល់ដឹង និង​ពង្រីក​ការ​ផ្តល់​ជំនួយ​ដល់​ជនរងគ្រោះ​នៅ​ទូទាំង​ពិភពលោក។

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​នៃ​សង្គ្រាម​ត្រជាក់​កាលពី ៥៤​ឆ្នាំ​មុន និង​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​សោកសង្រេង មាន​ទាំង​ការ​ទម្លាក់​គ្រាប់បែក​យ៉ាង​ធ្ងន់ធ្ងរ​ជាច្រើន​លើក មាន​ទាំង​អំពើ​ប្រល័យ​ពូជសាសន៍ និង​សង្គ្រាម​ស៊ីវិល​រាប់​ទសវត្សរ៍។ ប្រជាជន​ប្រទេស​កម្ពុជា​រាប់​លាន​នាក់​បាន​បាត់បង់​ជីវិត ហើយ​ផ្ទៃដី​រាប់​ពាន់​គីឡូម៉ែត្រ​ក្រឡា​កប់​រាយប៉ាយ​ដោយ​គ្រាប់មីន និង​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ​ផ្សេង​ទៀត។

លោក​ថា គ្រាប់មីន​នៅតែ​បន្ត​គំរាមកំហែង​ធ្ងន់ធ្ងរ​ជីវិត​ពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា និង​ដំណើរការ​ស្ដារ​ប្រទេស​ឡើងវិញ។ លើស​ពី​នេះ សង្គ្រាម​ក៏​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សតិអារម្មណ៍ និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ។

លោក ហ៊ុន ម៉ាណែត បន្ថែម​ថា ការ​រស់នៅ​ជាមួយ​គ្រាប់មីន បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​មាន​ការ​លំបាក​ទទួលយក​ការពិត​នៃ​សន្តិភាព និង​ស្រមៃ​ដល់​អនាគត​ដ៏​ភ្លឺស្វាង​នោះ។ ស្លាកស្នាម​ដែល​គ្រាប់មីន​បាន​បន្សល់​ទុក ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត គឺជា​ការ​រំឭក​ដ៏​រន្ធត់​ប្រចាំ​ថ្ងៃ​អំពី​ភាព​រន្ធត់​កាលពី​អតីតកាល។

ប្រទេស​កម្ពុជា​បាន​បំផ្លាញ​មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ចំនួន ៣​លាន​គ្រាប់។ មាន​ផ្ទៃដី​ពោរពេញ​ដោយ​មីន​ជាង ៣​ពាន់​គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​បោស​សម្អាត​ដោយ​បាន​ប្រែ​ក្លាយ​រាជធានី-ខេត្ត​ចំនួន​១៥ ក្នុង​ចំណោម ២៥​រាជធានី-ខេត្ត​ជា​តំបន់​ដែល​អស់​គ្រាប់មីន។

រីឯ​ចំនួន​ជនរងគ្រោះ​ក៏​បាន​ធ្លាក់​ចុះ​ជា​មធ្យម​ពី​ជាង ៤៣០០​នាក់​ក្នុង ១​ឆ្នាំ​ក្នុង​ឆ្នាំ​១៩៩៦ មក​នៅ​តិច​ជាង ១០០​នាក់​ក្នុង ១​ឆ្នាំ​នា​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​នេះ។ ៨០% នៃ​ផ្ទៃដី​ដែល​ត្រូវ​បាន​បោស​សម្អាត​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម ហើយ​ផ្ទៃដី​នៅ​សល់​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​លំនៅឋាន និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

តែ​ទោះជា​យ៉ាងនេះ​ក្តី ប្រទេស​កម្ពុជា​នៅ​មាន​ផ្ទៃដី​មាន​គ្រាប់មីន​ជាង ១៦០០​គីឡូម៉ែត្រ​ក្រឡា​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រមាណ ១​លាន​នាក់៕

© 2024, . All rights reserved.