សកម្មជន​បរិស្ថាន ៦​នាក់​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បន្ទាប់ពី​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដោយ​ចោទ​ថា​ពួកគេ​បាន​ចូល​តំបន់​ហាមឃាត់​ដោយ​គ្មាន​ការ​អនុញ្ញាត។

ព័ត៌មានជាតិ

សកម្មជន​ព្រៃឈើ ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះលែង​វិញ​ហើយ

By ឌឹ ខេមបូឌា ដេលី

November 26, 2024

សកម្មជន​បរិស្ថាន​ចំនួន ៦​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ស្ទឹងត្រែង ក្រោម​បទ​ចោទ​បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​នោះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែ​វិច្ឆិកា តាម​ការ​បញ្ជាក់​អះអាង​ពី​ប្រធាន​ប្រតិបត្តិ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ទង្វើ​អាជ្ញាធរ​ប្រព្រឹត្ត​ទៅ​លើ​សកម្មជន​ព្រៃឈើ​ទាំងនេះ មិនមែន​ជា​នីតិវិធី​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ព្រៃឈើ​ពី​ការ​កាប់​បំផ្លាញ​ដោយ​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​នោះ​ទេ។

លោក ម៉ែន ណាត បន្ត​ថា លោក​មើល​មិន​ឃើញ​ពី​ភាព​ចំណេញ ឬ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​ទាំងនោះ​ឡើយ។ ផ្ទុយទៅវិញ គឺ​មាន​តែ​បំផ្លាញ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ​ទង្វើ​បែប​នេះ​គឺ​ផ្តល់​ផល​ប្រយោជន៍ និង​ចំណេញ​ដល់​ក្រុម​ឧក្រិដ្ឋជន​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់ រួម​ទាំង​មន្ត្រី​ពុករលួយ​ដែល​គប់គិត​គ្នា​ប្រព្រឹត្ត​អំពើ​ទាំងនេះ​ទៅវិញ​ទេ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល បង្កើត​គណៈកម្មាធិការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​ប្រទេស​កម្ពុជា​កន្លង​មក ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ច្បាប់​ការពារ​ព្រៃឈើ​ឱ្យ​មាន​ប្រសិទ្ធភាព។

កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ សកម្មជន​បរិស្ថាន ៦​នាក់​រួម​មាន​លោក អ៊ូច ឡេង លោក ព្រុំ ម៉ៅ លោក មន ម៉ាប់ (ហៅ ផុន) លោក អូត ឡាទីន លោក តាត ឧត្តម និង​លោក ហេង ស្រស់ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដោយ​ចោទ​ថា​ពួកគេ​បាន​ចូល​តំបន់​ហាមឃាត់​ដោយ​គ្មាន​ការ​អនុញ្ញាត។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា ការ​ចាប់​សកម្មជន​ព្រៃឈើ​ទាំងនេះ ក្រោម​លេស​ថា​ពួកគេ​បាន​ចូល​តំបន់​ហាមឃាត់ គឺជា​រឿង​មិន​ត្រឹមត្រូវ។ លោក​ថា ក្រៅតែ​ពី​តំបន់​យុទ្ធសាស្ត្រ​កងទ័ព លោក​មិន​ធ្លាប់​ឮ​ថា​ដែនដី​ព្រៃឈើ​ខ្មែរ​មាន​តំបន់​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចូល​នោះ​ទេ។

លោក គឹម សុខ ចោទ​សួរ​ថា តើ​តំបន់​ហាមឃាត់​ដែល​មិន​អនុញ្ញាត​ឲ្យ​អ្នក​ការពារ​ព្រៃឈើ​ចូល​ស្រាវជ្រាវ​អំពី​ធនធាន​ធម្មជាតិ ជា​តំបន់​ទុក​ឲ្យ​ក្រុមហ៊ុន​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ឈើ​ខុស​ច្បាប់ ឬ​ហាមឃាត់​ទុក​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ជា​តំបន់​អបគមន៍​ខុស​ច្បាប់​នៅ​លើ​ទឹកដី​ខ្មែរ​ឬ​យ៉ាងណា។

ជុំវិញ​បញ្ហា​នេះ អង្គការ​លីកាដូ (LICADHO) អះអាង​កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា នេះ​ថា សកម្មជន និង​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនេះ បាន​ចងក្រង​ពី​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ វើនសៃ​សៀមប៉ាង រហូត​មក។ អង្គការ​លីកាដូ​គូសបញ្ជាក់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក (TSM WW) បាន​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១២ ផង​ដែរ ដោយសារតែ​ជាប់​ទាក់ទង​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ផ្សេងៗ។

កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ សារព័ត៌មាន​អន្តរជាតិ ម៉ុងហ្កាបេ (Mongabay) បាន​លាតត្រដាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គឺជា​អ្នក​គ្រប់គ្រង​កំពូល ខណៈ​លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​គ្រប់គ្រង​បន្ទាប់​លើ​បណ្ដាញ​ឧក្រិដ្ឋជន​ព្រៃឈើ​ថ្នាក់ក្រោម ដូចជា ឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ហៅ​ឧកញ៉ា ជ័យ ជាដើម ដែល​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង សព្វថ្ងៃ​នេះ៕

© 2024, . All rights reserved.