ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ចាត់ទុកការចាប់ខ្លួនឪពុកបង្កើតសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ន តារា ស្ថិតក្រោមរបៀបវារៈនយោបាយដែលជាល្បិចកលមេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ក្នុងការបំបិទសំឡេងរិះគន់លើរដ្ឋាភិបាលគ្រួសារហ៊ុន។
ក្រុមអ្នកតស៊ូមតិកម្ពុជា Cambodian Advocacy Team ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៥ វិច្ឆិកា នេះថា លោក ហ៊ុន សែន កំពុងអនុវត្តទ្រឹស្ដីកុម្មុយនីស្តដោយចាត់ទុកអ្នកដែលមានមតិផ្ទុយជាសត្រូវរបស់ខ្លួន ដូច្នេះការចាប់ខ្លួនឪពុកលោក ស៊ន តារា គឺជាការដាក់សម្ពាធដើម្បីបំបិទមាត់សកម្មជននយោបាយរូបនេះ និងអ្នកឯទៀតតែប៉ុណ្ណោះ។
ប្រភពដដែលលើកឡើងថា លោក ស៊ន តារា គឺជាសកម្មជននយោបាយខាងគណបក្សប្រឆាំងនៅក្រៅប្រទេស ដែលបានបន្តនិយាយរិះគន់មិនសំចៃមាត់លើបញ្ហាជាច្រើនចំពោះរដ្ឋាភិបាលកម្ពុជា និងចំពោះលោក ហ៊ុន សែន ផងដែរ។ ក្នុងពេលជាមួយគ្នានេះ លោក ហ៊ុន សែន ក៏ធ្លាប់គំរាមលោក ស៊ន តារា និងសកម្មជនដែលកំពុងរស់នៅក្រៅប្រទេសដទៃទៀត ដោយប្រើល្បិចធ្វើទុក្ខបុកម្នេញលើសាច់ញាតិរបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។
ក្រុមអ្នកតស៊ូមតិបញ្ជាក់ថា ល្បិចគំរាមកំហែងលើលោក ស៊ន តារា នៅពេលនេះ បានកើតមានលើក្រុមគ្រួសារអតីតសកម្មជនគណបក្សប្រឆាំងផ្សេងទៀតក្នុងប្រទេសជប៉ុន ម្តងរួចមកហើយ គឺលោក ហៃ វណ្ណា ដែលរងនូវការគំរាមកំហែង បន្ទាប់ពីសកម្មជនរូបនេះអំពាវនាវឱ្យមានការធ្វើបាតុកម្មក្នុងប្រទេសកម្ពុជា ដើម្បីប្រឆាំងរដ្ឋាភិបាលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ (CLV-DTA)។
ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) លោក ហុង លីម លើកឡើងថា លោក ហ៊ុន សែន កំពុងអនុវត្តវិធីសាស្ត្រខ្មែរក្រហមដែលតែងតែធ្វើទារុណកម្មលើបុគ្គលណាដែលគេគិតថាជាសាច់ញាតិ ឬបក្ខពួកក្រុមខ្មាំង។ លោក ហុង លីម បញ្ជាក់ថា ទង្វើរបស់លោក ហ៊ុន សែន បែបនេះ គឺកំពុងរំលោភរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលធានានូវសិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរគ្រប់រូប។
ឪពុករបស់លោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត ជាមន្ត្រីយោធាជាន់ខ្ពស់មួយរូប និងជាសមាជិកគណបក្សប្រជាជនកម្ពុជាផងដែរ ដែលត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ «រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន» ដែលត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនដែលត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ៕
© 2024, . All rights reserved.