រលកបះបោរប្រឆាំងសាលក្រមតុលាការ កំពុងផ្ទុះខ្លាំងនៅរដ្ឋធានី Islamabad នៃប្រទេសប៉ាគីស្ថាន ដែលឈានដល់ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសមត្ថកិច្ច។ នេះជាការងើបឡើងរបស់ប្រជាពលរដ្ឋប៉ាគីស្ថាន ជាថ្មីទៀត ដែលដាក់សម្ពាធលើតុលាការ និងសមាជិកសភាប្រទេសនេះ ឱ្យដោះលែងមេបក្សប្រឆាំង គឺលោក Imran Khan អតីតនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្លាមមួយនេះ។
តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ទាហាន ៤នាក់ត្រូវបានសម្លាប់ នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា នេះ នៅពេលក្បួនរថយន្តរបស់ក្រុមបាតុករសម្រុកចូលរដ្ឋធានី Islamabad ដើម្បីតវ៉ាទាមទារឱ្យដោះលែងលោក Imran Khan។
ក្រុមអ្នកគាំទ្រលោក Imran Khan រាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនចូលមកក្នុងរដ្ឋធានី ដោយទម្លុះរនាំងបាំងបិទផ្លូវដែលអាជ្ញាធរបានដាក់ជាការទប់ស្កាត់បាតុករ ដែលមានផែនការទៅឡោមព័ទ្ធអគារតុលាការកំពូល និងមន្ទីររដ្ឋសភាតាមការអំពាវនាវរបស់លោក Imran Khan។
បាតុករជាង ១០០០០នាក់ កាន់ដំបងបានស្ទុះវាយប្រហារប៉ូលិសនៅក្នុងការប៉ះទង្គិចគ្នា កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកា។ អ្នកកាសែត AFP ចំនួន ៣នាក់បានទៅផ្ដិតរូបភាពព្រឹត្តិការណ៍ហិង្សាផ្ទុះឡើងរវាងបាតុករ និងកងកម្លាំងសមត្ថកិច្ចដែលមកពីអង្គភាពកងទ័ព។ រដ្ឋាភិបាលប្រកាសថា ប៉ូលិសម្នាក់ក៏បានស្លាប់ដែរកាលពីថ្ងៃទី២៥ វិច្ឆិកា។ តែជាមួយគ្នានេះ បាតុករជាង ៨០នាក់ត្រូវបានចាប់ខ្លួន និង ២០០នាក់រងរបួស។ ក្នុងអំពើហិង្សានេះ រថយន្តប៉ូលិស ២២គ្រឿងបានដុតឆេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Mohsin Naqvi បាននិយាយថា អាជ្ញាធរក្រុង Islamabad បានរាយកម្លាំង ២០០០០នាក់តាមដងផ្លូវនានាក្នុងរដ្ឋធានីប្រទេសនេះ។ លោករដ្ឋមន្ត្រីអះអាងថា សមត្ថកិច្ចបានប្រកាន់នូវភាពអត់ធ្មត់ខ្លាំង ដោយបង្ក្រាបបាតុករត្រឹមតែបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក។
សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានលើកឡើងថា ទង្វើនេះមិនមែនជាការតវ៉ាដោយសន្តិវិធីទេ គឺជាទង្វើជ្រុលនិយម។ វាជាជម្រើសដ៏បង្ហូរឈាមដើម្បីសម្រេចគោលដៅនយោបាយ ព្រោះរថយន្តក្នុងក្បួនក្រុមអ្នកតវ៉ាបានបើកសំដៅបុកមន្ត្រីសន្តិសុខសម្លាប់ទាហាន ៤នាក់។
គណបក្ស PTI របស់លោក Imran Khan នៅមិនទាន់ឆ្លើយតបចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលដែលថាបាតុករប្រើហិង្សាបើករថយន្តបុកសម្លាប់សមត្ថកិច្ច។
លោក Imran Khan បានអំពាវនាវពីពន្ធនាគារឱ្យអ្នកតវ៉ាដើរទៅកាន់រង្វង់មូលនៅខាងក្រៅរដ្ឋសភា ដើម្បីប្រឆាំងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបក្ស PTI លើកឡើងថា រដ្ឋាភិបាលមានគោលដៅដើម្បីកាត់បន្ថយអំណាចប្រព័ន្ធតុលាការ និងដាក់សម្ពាធទៅលើប្រព័ន្ធយុត្តិធម៌។
លោក Imran Khan បានចោទរដ្ឋាភិបាលពីបទបំពានអំណាចរដ្ឋ ប្រព្រឹត្តអំពើពុករលួយ ញុះញង់ឱ្យមានការបះបោរបង្កអស្ថិរភាព តែគណបក្ស PTI បានបដិសេធរាល់ការចោទទាំងអស់។
ជាការរំលឹកឡើង វិញ សភាជាតិប៉ាគីស្ថាន បានបោះឆ្នោតដកទំនុកចិត្តលោក Imran Khan ពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែមេសា ឆ្នាំ២០២២ ខណៈបោះឆ្នោតសភានៅខែតុលា ឆ្នាំ២០២២។
លោក Shehbaz Sharif មេដឹកនាំក្រុមប្រឆាំងក្លាយជាបេក្ខភាពនាំមុខសម្រាប់តំណែងនាយករដ្ឋមន្ត្រីបន្តពីលោក Imran Khan ហើយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីតាមរយៈសំឡេងក្នុងសភា។
លោក Shehbaz Sharif ប្រធានសម្ព័ន្ធមូស្លីម-ណាវ៉ាស (PML-N) បានជាប់ឆ្នោតនាយករដ្ឋមន្ត្រីម្ដងទៀតនៅក្នុងការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ ដែលគ្មានវត្តមានលោក Imran Khan។
លោក Shehbaz Sharif បានសន្យាថានឹងនាំមកនូវការផ្លាស់ប្ដូរដែលប្រទេសចង់បានជាមួយនឹងការទទួលខុសត្រូវយ៉ាងតឹងរ៉ឹង ចំពោះអ្នកដែលបានបំពានច្បាប់ និងការប្រព្រឹត្តអំពើពុករលួយ។ មុនដណ្ដើមបានតំណែងនាយករដ្ឋមន្ត្រីពីលោក Imran Khan លោកបានតស៊ូជាង ២០ឆ្នាំ។
ការដឹកនាំរបស់លោក Imran Khan គាត់កាន់តែធ្វើឱ្យមានការបារម្ភពីឥទ្ធិពលរបស់ចិន ដែលលោកងាកទៅរកចិន ជាមួយនឹងបំណុលចិន ពាន់លានដុល្លាររហូតលោកអនុញ្ញាតឱ្យចិន ស្ថាបនាមូលដ្ឋានទ័ពជើងទឹកនៅឈូងសមុទ្រប៉ាគីស្ថាន។ ទីបំផុត ការដកហូតតំណែងលោក Imran Khan ពីនាយករដ្ឋមន្ត្រីនៅខែមេសា ឆ្នាំ២០២២ ដោយសំឡេងក្នុងសភានៃក្រុមបក្សប្រឆាំងរួបរួម។
ការបោះឆ្នោតទម្លាក់លោក Imran Khan មិនមែនមានតែករណីបំពានអំណាចរដ្ឋ និងចោទថាមានអំពើពុករលួយនៅពីក្រោយខ្នងលោកនោះទេ គឺរឿងលោក Imran Khan មាននិន្នាការទ្រេតទៅរកចិនជ្រុល ក៏ជាគុណវិបត្តិចំពោះលោកផងដែរ៕
© 2024, . All rights reserved.