បទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា-លីបង់ បានចូលជាធរមានហើយនៅម៉ោង ៤ព្រឹក នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា នេះ ម៉ោងក្នុងតំបន់មជ្ឈិមបូព៌ា។
កិច្ចព្រមព្រៀងនេះ បានធ្វើនៅក្រោមកិច្ចសម្រុះសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ប្រកាសថា ភាគីទាំងពីរបានយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Times of Israel។
បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា មានរយៈពេល ៦០ថ្ងៃ ហើយក្នុងរយៈពេលនេះ អ៊ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូងនៃប្រទេសលីបង់។ ចំណែកកងទ័ពលីបង់ នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៊ីស្រាអែល តែក្រុមហេសបូឡា ត្រូវតែធានាថាមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញបានឡើយ។
នៅពេលដែលកិច្ចព្រមព្រៀងបានឈានដល់ការអនុវត្ត លោក បៃដិន បានសន្ទនាគ្នាតាមទូរសព្ទជាមួយនឹងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នរបស់ប្រទេសលីបង់ គឺលោក Najib Mikati។
យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានទុកមុនថា អ៊ីស្រាអែលនឹងចាត់វិធានការវាយបកភ្លាម ប្រសិនបើក្រុមហេសបូឡា បំពានលើបទឈប់បាញ់។
ការយល់ព្រមរបស់ភាគីអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនៃក្រុមគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ប្រទេសនេះកាលពីថ្ងៃអង្គារ ដោយការបោះឆ្នោតអនុម័តលើបទឈប់បាញ់ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១ជំទាស់។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកមានបេសកកម្មសហការជាមួយនឹងកងទ័ពរដ្ឋាភិបាលលីបង់ ដើម្បីទប់ស្កាត់ការរំលោភបំពានលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងហេសបូឡា ប៉ុន្តែនឹងមិនមានវត្តមានកងទ័ពអាមេរិកនៅតំបន់ជម្លោះនោះទេ គឺសហរដ្ឋអាមេរិកជាអ្នកដឹកនាំក្រុមអនុវត្តបទឈប់បាញ់ និងតាមដានឃ្លាំមើលសកម្មភាពរបស់កងទ័ពអ៊ីស្រាអែល និងកងទ័ពហេសបូឡា។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ភ្លាមៗបានស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់។ លោកបានហៅថាជាដំណាក់កាលនៃប្រវត្តិសាស្ត្រដែលអាចជួយឱ្យមានស្ថិរភាពឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសស្ថានភាពព្រំដែនលីបង់ និងអ៊ីស្រាអែល អាចបញ្ឈប់បាននូវអំពើហិង្សា។
ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលប្រទេសរបស់លោកជាអ្នកសម្រុះសម្រួលផងដែរ បាននិយាយថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចំពោះសង្គ្រាមនៅប្រទេសលីបង់ គួរតែអាចបើកផ្លូវដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សម្រាប់សង្គ្រាមនៅឯតំបន់ហ្កាហ្សា បានហើយ។
លោក Macron បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ គួរតែបើកផ្លូវសម្រាប់បទឈប់បាញ់ដែលត្រូវបានរង់ចាំយូរណាស់មកហើយចំពោះការរងទុក្ខវេទនាដែលមិនអាចប្រៀបធៀបបានរបស់ប្រជាជននៅក្នុងតំបន់ហ្កាហ្សា។
លោកប្រធានាធិបតីបារាំង បានបន្ថែមទៀតថា បទឈប់បាញ់នៅលីបង់ បានបង្ហាញថា មានតែដំណោះស្រាយផ្នែកនយោបាយប៉ុណ្ណោះ ដែលអាចផ្តល់សន្តិភាព និងស្ថិរភាពសម្រាប់មនុស្សគ្រប់គ្នានៅតំបន់មជ្ឈិមបូព៌ា។
នៅពេលក្រុមហេសបូឡា ដែលមានអ៊ីរ៉ង់ នៅពីក្រោយ និងអ៊ីស្រាអែលបានឈានដល់ការអនុវត្តបទឈប់បាញ់ ក្រុមហាម៉ាសដែលជាក្រុមរបស់អ៊ីរ៉ង់ផងដែរ បានបង្ហាញពីការចង់ឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយនឹងអ៊ីស្រាអែល ដែរ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស បាននិយាយថា ហាម៉ាសត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចឱ្យបាននូវបទឈប់បាញ់។
បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP មន្ត្រីជាន់ខ្ពស់ក្រុមប៉ាឡេស្ទីន បាននិយាយថា ក្រុមហាម៉ាសបានជូនដំណឹងទៅកាន់ក្រុមអ្នកសម្រុះសម្រួលនៅឯប្រទេសអេហ្ស៊ីប កាតា និងតួកគី ថាខ្លួនត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងមួយរឹងមាំ ដើម្បីដោះដូរអ្នកទោស និងចំណាប់ខ្មាំង ប៉ុន្តែមន្ត្រីរូបនោះបានចោទថា អ៊ីស្រាអែលជាអ្នកដែលរារាំងមិនឱ្យមានការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ។
មន្ត្រីអាមេរិក និងអ៊ីស្រាអែល បានបង្ហាញក្តីសង្ឃឹមថា ការបាត់បង់ការគាំទ្រផ្នែកយោធាពីសំណាក់ក្រុមហេសបូឡា នឹងអាចជួយជំរុញឱ្យក្រុមហាម៉ាស ប្រឹងប្រែងចរចាដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា។
ប្រជាជនលីបង់ ដែលបានភៀសខ្លួនចេញពីភូមិរបស់ពួកគេ ចាប់ផ្ដើមវិលមកវិញ តែអ្នកខ្លះពោរពេញដោយក្ដីអាឡោះអាល័យ ព្រោះលំនៅឋានរបស់ពួកគេត្រូវបានកម្ទេចដោយភ្នក់ភ្លើងសង្គ្រាម។
ជាមួយគ្នានេះ ប្រទេសជាច្រើនក៏បានចាប់ផ្ដើមបញ្ជូនសារស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់ដែលប្រកាសឱ្យចូលជាធរមានក្រោមការសម្រុះសម្រួលពីអាមេរិក និងបារាំង។
សង្គ្រាមរយៈពេលជិត ២ខែគិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា នេះ រវាងអ៊ីស្រាអែល និងហេសបូឡា-លីបង់ បានបង្ខំឲ្យប្រជាជនលីបង់ ចំនួន ១លាន ២សែននាក់ ភៀសខ្លួនចេញពីផ្ទះសម្បែង ហើយមនុស្សចំនួន ៣៧៦៨នាក់ត្រូវបានសម្លាប់៕
© 2024, . All rights reserved.