ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៨ វិច្ឆិកា នេះ បានយាងទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា តាមការយាងរបស់ប្រធានាធិបតីវៀតណាម លោក លឿង គឿង ខណៈអ្នកឃ្លាំមើលថាវៀតណាម បានស្វាគមន៍ព្រះរាជដំណើររបស់ព្រះអង្គដោយការកាត់ទោសពលរដ្ឋខ្មែរក្រោម។
រដ្ឋាភិបាលកម្ពុជាចាត់ទុកព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រខ្មែរទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលនេះ គឺដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែងរវាងប្រទេសទាំងពីរ។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ថា មុនពេលព្រះមហាក្សត្របំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តុលាការវៀតណាម ក៏បានកាត់ទោសពលរដ្ឋខ្មែរក្រោមចំនួន ៩នាក់រួចជាស្រេច។
លោកថា ការកាត់ទោសពលរដ្ឋខ្មែរក្រោមនេះ គឺបង្ហាញពីការស្វាគមន៍ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលនេះ។
ជុំវិញបញ្ហានេះ អតីតអ្នកសារព័ត៌មានដែលមានដើមកំណើតជាពលរដ្ឋខ្មែរក្រោម លោក យាង សុធារិន្ទ បានលើកឡើងថា លោកមិនចង់ឃើញព្រះមហាក្សត្រខ្មែរយាងទៅកាន់ប្រទេសវៀតណាម នៅពេលនេះទេ។
ប្រភពដដែលបន្តថា ខ្លួនមិនដឹងទេថាតើខាងព្រះបរមរាជវាំង ឬខាងវៀតណាម ដែលកំណត់កាលបរិច្ឆេទសម្រាប់ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរយាងទៅកាន់ប្រទេសវៀតណាម ស្របពេលដែលវៀតណាម ក៏បានកាត់ទោសពលរដ្ឋខ្មែរក្រោមមុននេះដែរនោះ។
លោក យាង សុធារិន្ទ លើកឡើងថា ទង្វើបែបនេះបង្ហាញថារដ្ឋាភិបាលវៀតណាម មិនបានគិតពីតម្លៃរបស់ព្រះមហាក្សត្រខ្មែរឡើយ។ លើសពីនេះ ក៏មានចេតនាបំបែកបំបាក់មនោសញ្ចេតនា សាមគ្គីភាព និងបន្ទាបសេចក្តីគោរពស្រឡាញ់របស់ពលរដ្ឋខ្មែរក្រោមចំពោះព្រះអង្គថែមទៀត។
ប្រភពដដែលបន្តថា បើថ្នាក់ដឹកនាំវៀតណាម ពិតជាចាត់ទុកកម្ពុជាជាមិត្តល្អ និងពិតជាផ្តល់តម្លៃ និងការគោរពពិតប្រាកដចំពោះព្រះមហាក្សត្រខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជាមែន វៀតណាមមិនគួរប្រទានអំណោយដល់ព្រះមហាក្សត្រខ្មែរដោយការកាត់ទោសព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមទាំង ៩នាក់ ដែលជាកូនចៅរបស់ព្រះអង្គនៅកម្ពុជាក្រោមឱ្យជាប់ពន្ធនាគារ នៅមុនព្រះរាជទស្សនកិច្ចរបស់ព្រះអង្គឡើយ។
តុលាការវៀតណាម ក្នុងខេត្តលង់ហោរ បានបើកសវនាការកាត់ទោសសកម្មជនខ្មែរក្រោមចំនួន ៩អង្គ/នាក់ ដូចជា ភិក្ខុ យឿង ខាយ, ភិក្ខុ គឹម សារឿង និងព្រះភិក្ខុ ថាច់ ចាន់តារា ជាដើម ដែលត្រូវប្រឈមជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ រហូតដល់ ៧ឆ្នាំ កាលពីថ្ងៃពុធ ទី២៧ វិច្ឆិកា នេះ ខណៈព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរទៅប្រទេសវៀតណាម ក៏ត្រូវបានរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ បន្ទាប់នេះតែម្តង៕
© 2024, . All rights reserved.