អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាថាការប្រកាសស្វែងរកដីកាពីរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្រុងឡាអេ ក្នុងការចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង នៅពេលនេះ ជាសញ្ញាព្រមានដោយត្រង់ទៅកាន់មេដឹកនាំផ្ដាច់ការផ្សេងទៀត ជាពិសេសគឺលោក ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ វិច្ឆិកា នេះថា លោក ហ៊ុន សែន គួរតែពិចារណាឡើងវិញចំពោះទង្វើគឃ្លើនរបស់គាត់ដែលប្រើវិធានការគាបសង្កត់ឆ្លងដែន និងការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។
លោកថា មេដឹកនាំផ្ដាច់ការកម្ពុជាដែលប្រព្រឹត្តការគាបសង្កត់ដូចលោក ហ៊ុន សែន បានបរាជ័យជាបន្តបន្ទាប់ហើយដូចជានាយករដ្ឋមន្ត្រីបង់ក្លាដេស និងមេដឹកនាំភូមា ដែលកំពុងរងនូវការចោទប្រកាន់នៅពេលនេះ ជាដើម។
លោក ម៉ែន ណាត លើកឡើងថា ការរក្សាអំណាចខ្លួនឯងដោយការគាបសង្កត់ពលរដ្ឋ គឺជាវិធានការមួយដែលពិភពលោកកំពុងលុបបំបាត់ ហើយក៏មិនមែនជាអ្វីដែលពលរដ្ឋខ្មែរត្រូវការដែរ ដូច្នេះវិធានការនានារបស់មេដឹកនាំកម្ពុជាក្នុងការគាបសង្កត់ពលរដ្ឋទាំងក្នុងស្រុក និងការគាបសង្កត់ឆ្លងដែនតាំងពីឪពុកដល់កូនសព្វថ្ងៃនេះ នឹងមិនស្ថិតស្ថេរយូរអង្វែងឡើយ។
លោកអះអាងថា បើលោក ហ៊ុន សែន មិនគិតពីអនាគតខ្លួនឯង ក៏ត្រូវគិតពីវង្សត្រកូលដែលបន្តដោយកូនចៅរបស់គាត់ដែរ ដើម្បីកុំឱ្យពួកគេរស់ស្ពាយឈ្មោះជាមនុស្សដែលពិភពលោកស្អប់ខ្ពើមដូចខ្លួន និងជាគ្រួសារដែលត្រូវពលរដ្ឋចងកំហឹង និងលុបបំបាត់ចោលពីទឹកដីខ្មែរនោះ។
កាលពីថ្ងៃទី២៧ វិច្ឆិកា រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានអះអាងថា លោកបានដាក់សំណើទៅចៅក្រមនៃតុលាការនេះឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការបណ្តេញចេញ និងការធ្វើទុក្ខបុកម្នេញជាតិសាសន៍រ៉ូហ៊ីងយ៉ា។
ការស្វែងរកដីកាចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីគេរកឃើញថារបបសឹកភូមា បានធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋរ៉ូហ៊ីងយ៉ាយ៉ាងព្រៃផ្សៃ ដោយការជម្លៀសចេញទៅកាន់ប្រទេសជិតខាង ការដុតបំផ្លាញផ្ទះសម្បែង និងការចាប់រំលោភលើស្ត្រី និងកុមារ ជាដើម។
ជុំវិញបញ្ហានេះ មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រដ្ឋាភិបាលយោធានៃប្រទេសភូមា ដឹកនាំដោយលោក មីន អ៊ុងឡាំង មិនតំណាងឲ្យប្រជារាស្ត្រភូមា ទេ ពីព្រោះរបបសឹកមួយនេះបានប្លន់អំណាចពីប្រជារាស្ត្រភូមា តាមរយៈរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
លោកថា ចំណែកឯរដ្ឋាភិបាលទីក្រុងភ្នំពេញសព្វថ្ងៃដែលគ្រប់គ្រង និងចាត់ចែងដោយលោក ហ៊ុន សែន ក៏មិនតំណាងឲ្យប្រជារាស្ត្រខ្មែរដែរ ពីព្រោះពួកគេបានប្លន់អំណាចពីប្រជារាស្ត្រខ្មែរតាមរយៈការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់ ជាពិសេសការបោះឆ្នោតកាលពីចុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ៕
© 2024, . All rights reserved.