លោក ប្រាក់ សុខុន (ឆ្វេង) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក លីវ ជានឆាវ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

នយោបាយ

លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ៤​ថ្ងៃ​នៅ​ប្រទេស​ចិន ក្រោយពី​ឡើង​កាន់​តំណែង​ជា​ថ្មី

By ឌឹ ខេមបូឌា ដេលី

November 30, 2024

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ដល់​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៤ តប​តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន ក្នុង​គោលដៅ​រឹតចំណង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ស្អិតល្មួត។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ដំណើរ​ទស្សនកិច្ច​នេះ លោក ប្រាក់ សុខុន នឹង​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី និង​រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន លោក លីវ ជានឆាវ។ ក្រៅពី​នេះ លោក ប្រាក់ សុខុន ក៏​គ្រោង​ជួប​បុគ្គល​សំខាន់ៗ​ផ្សេង​ទៀត​ដែរ។

មុន​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ លោក ប្រាក់ សុខុន ក៏​បាន​ជួប​ជាមួយ​លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដោយ​បាន​ពិភាក្សា​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ សំដៅ​កសាង​អនាគត​រួម​គ្នា និង​ជជែក​គ្នា​ដើម្បី​ត្រៀម​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។

អ្នក​ឃ្លាំមើល​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន ទៅ​កាន់​ប្រទេស​ចិន នៅ​ពេលនេះ គ្មាន​អ្វី​ក្រៅ​តែ​ទៅ​ពឹងពាក់​ចិន បន្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​តេជោ​តែប៉ុណ្ណោះ បន្ទាប់ពី​គម្រោង​ជីក​ព្រែក​នោះ​បាន​ជាប់​គាំង​មិន​ដំណើរការ​ក្រោយពី​សម្ពោធ​រួច។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ថវិកា​ដើម្បី​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ធ្វើ​ឱ្យ​គម្រោង​នេះ​ជាប់​គាំង។ ភាគី​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន មិន​មាន​លុយ​សម្រាប់​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សាងសង់​ព្រែកជីក​នេះ​ទេ ដូច្នេះ​ហើយ​ទើប​លោក ប្រាក់ សុខុន ឡើង​ទៅ​អង្វរ​ចិន ឲ្យ​ជួយ។

នេះ​ជា​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើកដំបូង​របស់​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្រោយពី​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​ការទូត​កម្ពុជា​សាជាថ្មី​នៅ​ថ្ងៃទី​២០ វិច្ឆិកា៕

© 2024, . All rights reserved.