សកម្មជន​នយោបាយ​ខ្មែរ​ដែល​ភៀស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ថៃ និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ

ព័ត៌មានជាតិ

ចលនា KMD ចាត់ទុក​ទង្វើ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​កម្ពុជា​គឺជា​ដៃគូ​ដោះដូរ​ការ​គាបសង្កត់​ឆ្លងដែន

By ឌឹ ខេមបូឌា ដេលី

November 30, 2024

ចលនា​ប្រជាធិបតេយ្យ​ខ្មែរ (KMD) ចាត់ទុក​សកម្មភាព​រដ្ឋាភិបាល​ថៃ ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​នៅ​ពេលនេះ គឺ​ជា​ដៃគូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះដូរ​ការ​គាបសង្កត់​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​តំបន់។

ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ​ថា សកម្មភាព​នៃ​ការ​គាបសង្កត់​ឆ្លងដែន​ដែល​រដ្ឋាភិបាល​ថៃ បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គឺជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​ខ្លាំង​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​ទារុណកម្ម​ដែល​ប្រទេស​ថៃ បាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧ កន្លង​ទៅ។

KMD បញ្ជាក់​ថា សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ទោស​ទាំងនោះ សុទ្ធតែ​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០២១ ម្តង​រួច​មក​ហើយ​ក្រោម​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ខ្មែរ។

ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ជា​ដៃគូ​ទាំងអស់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បំពេញ​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុង​ស្រុក និង​អន្តរជាតិ ដើម្បី​បញ្ចប់​នូវ​អំពើ​នៃ​ការ​គាបសង្កត់​ឆ្លងដែន​ដែល​រដ្ឋាភិបាល​ថៃ កំពុង​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។

កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អគ្គនាយកដ្ឋាន​ពន្ធនាគារ​កម្ពុជា​បាន​អះអាង​ថា សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ភៀស​ខ្លួន​ទៅ​រស់នៅ​លើ​ទឹកដី​ថៃ ទាំង ៦​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ពេលនេះ និង​ត្រូវ​បាន​កាត់​ទោស​ពី​បទ «ក្បត់​ជាតិ» ដែល​ប្រឈម​នឹង​ការ​ជាប់​គុក​ចាប់ពី ៧​ឆ្នាំ​ដល់ ៣០​ឆ្នាំ។

កាលពី​ថ្ងៃទី​២៤ ខែ​វិច្ឆិកា អាជ្ញាធរ​ថៃ បាន​ចាប់​បញ្ជូន​សកម្មជន​នយោបាយ​ខ្មែរ​ចំនួន ៦​នាក់ នៅ​ខេត្ត​ប៉ាធុមធានី (Pathum Thani) ប្រទេស​ថៃ ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ខ្មែរ បើ​ទោះបីជា​មាន​ការ​ស្នើសុំ​ពី​អង្គការ​សហប្រជាជាតិ​កុំ​ឱ្យ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​កម្ពុជា​វិញ​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស អ្នកស្រី Elaine Pearson លើកឡើង​ថា «អាជ្ញាធរ​ថៃ បាន​បង្កើន​ការ​ចូលរួម​នៅ​ក្នុង ‘Swap Mart ឬ​ផ្សារ​ជួញដូរ ក្នុង​ប្រទេស​ថៃ ជាមួយ​រដ្ឋាភិបាល​ប្រទេស​ជិតខាង ដើម្បី​ផ្លាស់ប្ដូរ​អ្នក​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក​ដោយ​ខុស​ច្បាប់ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា ដែរ»៕

© 2024, . All rights reserved.